កីឡាអន្តរជាតិ
អន្តរជាតិ
Ipswich និង Leeds ប្រជែងគ្នាត្រឡប់ទៅ Premier League នៅជំនួបបិទរដូវកាល
01, May 2024 , 1:59 pm        
រូបភាព
Ipswich Town នឹងត្រូវប្រជែងពិន្ទុគ្នាជាមួយ Leeds United នៅជំនួបចុងក្រោយបិទរដូវកាលក្របខណ្ឌ Championship ដើម្បីដឹងថាក្រុមណាត្រូវឡើងទៅលីគកំពូលអង់គ្លេស Premier League រដូវកាលក្រោយ។ ចំណោមក្រុមទាំងពីរ Ipswich មានប្រៀបជាង Leeds ដ្បិតត្រូវការត្រឹមស្មើប៉ុណ្ណោះ។



លីគកម្រិតទីពីរអង់គ្លេស នឹងបញ្ចប់ការប្រកួតរដូវកាល ២០២៣-២៤ នៅថ្ងៃទី៤ ខែឧសភា សប្តាហ៍នេះ ដោយ Leicester City បានក្លាយជាក្រុមជើងឯកទៅហើយ។ ១២គូ នឹងប្រកួតក្នុងម៉ោងព្រមគ្នាទាំងអស់ ដោយក្នុងនោះក្រុមសំខាន់ពីរ Ipswich និង Leeds ត្រូវប្រជែងគ្នាយកចំណាត់ថ្នាក់ទី២ ដើម្បីបានកៅអីត្រឡប់ទៅលីគកំពូល។
 
Ipswich ស្ថិតនៅចំណាត់ថ្នាក់ទី២បណ្តោះអាសន្ន ដោយរកបាន៩៣ពិន្ទុ នាំមុខ Leeds ដែលនៅលេខ៣ចំនួន៣ពិន្ទុ ក្រោយឆ្លងកាត់ការប្រកួត៤៥លើកដូចគ្នា។ ដោយសំណល់គ្រាប់បាល់ស៊ុតបញ្ចូលទីរបស់ Leeds ល្អជាង Ipswich​ ដូច្នេះនៅជំនួបចុងក្រោយ Ipswich ត្រូវការ១ពិន្ទុទៀត ដើម្បីបានកៅអីទៅ Premier League។
 
ជំនួបបិទរដូវកាល Ipswich ត្រូវជួប Huddersfield Town ដែលធ្លាក់ទៅលីគ៣រដូវកាលក្រោយ ស្របពេល Leeds ប៉ះ Southampton ដែលមានកៅអីវគ្គ playoff។ បើ Ipswich អាចត្រឡប់ទៅលីគកំពូល មានន័យថាពួកគេបានបញ្ចប់ការរង់ចាំរយៈពេល២២ឆ្នាំ។
 
ក្រៅពីក្រុមជើងឯក និងលេខ២ បានកៅអីស្វ័យប្រវត្តិទៅលីគកំពូល ក្រុមដែលបញ្ចប់ចំណាត់ថ្នាក់លេខ៣ ដល់លេខ៦ ត្រូវប្រកួតវគ្គ playoff ដើម្បីប្រជែងមួយកៅអី។ Southampton និង Norwich City ដែលឈរលេខ៤ និងលេខ៥ បានកៅអី playoff ស្របពេល West Bromwich Albion ដែលនៅលេខ៦បណ្តោះអាសន្ន មាន ៧២ពិន្ទុ នឹងត្រូវប្រជែងពិន្ទុ ជាមួយ Hull City ដែលនៅលេខ៧ មាន៧០ពិន្ទុ។ ជំនួបកាត់ក្តី West Bromwich ជួប Preston North End ស្របពេល Hull City ប៉ះ Plymout Argyle។
 
ដោយឡែក ៤ក្រុមទៀត នឹងត្រូវប្រជែងគ្នានៅជំនួបចុងក្រោយ ដើម្បីបន្តនៅ Championship រដូវកាលក្រោយ ស្របពេល២ក្រុម  Huddersfield Town និង Rotherham United ធ្លាក់ដោយស្វ័យប្រវត្តិ។ 
 
Birmingham City ដែលស្ថិតនៅតំបន់ត្រូវកាត់ចោល នៅមានឱកាសចុងក្រោយ ក្នុងការប្រជែងពិន្ទុជាមួយ Plymouth Argyle, Sheffield Wednesday និង Blackburn Rovers ដែលនៅតំបន់សុវត្ថិភាព។ Birmingham នៅលេខរៀងទី២២ មាន៤៧ពិន្ទុ តាមពីក្រោយ Plymouth Argyle ដែលនៅលេខ២១ ចំនួន១ពិន្ទុ និងតាមពីក្រោយ Sheffield Wednesday និង Blackburn Rovers ដែលនៅលេខ២០ និង១៩ ចំនួន៣ពិន្ទុ ក្រោយឆ្លងកាត់៤៥ប្រកួតដូចគ្នា។
 
ជំនួបចុងក្រោយរបស់ក្រុមទាំង៤នេះ Birmingham ជួប Norwich City, Plymouth Argyle ជួប Hull City, Sheffield ជួប Sunderland និង Blackburn Rovers ជួប Leicester៕

Tag:
 Championship
© រក្សាសិទ្ធិដោយ thmeythmey.com