អន្តរជាតិ
អតីតប្រមុខការទូតសូលូម៉ុន ជាប់ជានាយករដ្ឋមន្រ្តីរបស់ប្រទេស
02, May 2024 , 3:59 pm        
រូបភាព
លោក Jeremiah Manele  នាយករដ្ឋមន្រ្តីកោះសូលូម៉ុនថ្មី។ រូបភាព AFP
លោក Jeremiah Manele នាយករដ្ឋមន្រ្តីកោះសូលូម៉ុនថ្មី។ រូបភាព AFP
ធៀន ភារិន្ទ អន្តរជាតិ ()
អតីតប្រមុខការទូតកោះសូលូម៉ុន លោក Jeremiah Manele នៅថ្ងៃទី២ ខែឧសភា ត្រូវបានសភាបោះឆ្នោតគាំទ្រធ្វើជានាយករដ្ឋមន្រ្តី ក្នុងសំឡេង ៣១អាសនៈ។ លោក Manele ជាអ្នកនយោបាយមួយរូប ដែលមានទំនោរគាំទ្រចិន។ 
 
ក្រោមស្ថានការណ៍រឹតបន្តឹងសន្តិសុខយ៉ាងមុតមាំ សភាសូលូម៉ុន ដែលស្ថិតនៅក្នុងតំបន់សមុទ្រប៉ាស៊ីហ្វិក បានបោះឆ្នោតគាំទ្រលោក Jeremiah Manele អតីតប្រមុខការទូត ក្នុងសំឡេងគាំទ្រ ៣១អាសនៈ។ ចំណែកលោក Matthew Wale ដែលជាមេដឹកនាំបក្សប្រឆាំង ទទួលបានសំឡេងគាំទ្រពីសភាត្រឹមតែ ១៨ប៉ុណ្ណោះ។ សមាជិកសភាសរុបចំនួន ៥០នាក់។ 
 
ក្នុងកិច្ចសម្ភាសន៍ជាមួយអ្នកសារព័ត៌មាននៅថ្ងៃទី២ ខែឧសភា លោក Manele ដែលមាននិន្នាការខិតទៅរកក្រុងប៉េកាំង បានប្តេជ្ញាមិនឱ្យមានអំពើហិង្សាកើតឡើងជាថ្មី ដូចកើតមាននៅពេលអតីតកាល។ 
 
«យើងបានបង្ហាញពិភពលោកបច្ចុប្បន្នថា យើងល្អប្រសើរជាងពេលមុន»។ លោក Manele បានសង្កត់ធ្ងន់បែបនេះ នៅថ្ងៃទី២ ខែឧសភា ដោយបន្តថា កោះសូលូម៉ុន ត្រូវតែគោរពដំណើរការប្រជាធិបតេយ្យរបស់ប្រទេស ក្នុងការជ្រើសរើសនាយករដ្ឋមន្រ្តី។ បើតាមលោក Manele រដ្ឋាភិបាលថ្មី នឹងប្តេជ្ញាដាក់ផលប្រយោជន៍ប្រជាជន និងប្រទេសនៅពីមុខ។ 
 
នៅក្នុងឆ្នាំ២០២១ កោះសូលូម៉ុង បានកើតមានបាតុកម្ម ក្រោយរដ្ឋាភិបាលមួយនេះ បានផ្តាច់ការទូតជាមួយតៃវ៉ាន់ ហើយបកទៅទទួលស្គាល់ចិនវិញ ដើម្បីទទួលបានការវិនិយោគ និងផលប្រយោជន៍សេដ្ឋកិច្ច។ ការខិតទៅរកចិនពីសំណាក់កោះសូលូម៉ុន ក៏បានធ្វើឱ្យអាម៉េរិក និងអូស្រ្តាលី ដែលស្ថិតនៅក្បែររបងផ្ទះខ្លួន បង្ហាញក្តីបារម្ភផងដែររ។ 
 
ក្រោយពីការបោះឆ្នោតខាងលើ អូស្រ្តាលី និងចិន បានសន្យាសហការ និងធ្វើការជាមួយកោះសូលូម៉ុន នៅពេលខាងមុខ។ តាមរយៈបណ្តាញសង្គម X លោក អាន់ថូនី អាល់បានីស ប្រមុខរដ្ឋាភិបាលអូស្រ្តាលី បានបញ្ជាក់ថា អូស្រ្តាលី និងសូលូម៉ុន ជាមិត្តដ៏ជិតស្និទ្ធ ហើយអនាគតប្រទេសទាំងពីរ មានទំនាក់ទំនងជាមួយគ្នា។ ស្របគ្នានេះ ស្ថានទូតចិនប្រចាំនៅកោះ បានបញ្ជាក់ថា ខ្លួនរំពឹងពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី ដើម្បីពង្រឹងទំនាក់ទំនង និងនាំផលប្រយោជន៍សម្រាប់ប្រជាជន៕ 
 

Tag:
 សូលូម៉ុន
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com