ជាតិ
អ្នកសារព័ត៌មាន យកក្រមសីលធម៌ វិជ្ជាជីវៈ ដើម្បីការពារសិទ្ធិសេរីភាពខ្លួន
03, May 2024 , 7:59 am        
រូបភាព
ភ្នំពេញ៖ បច្ចុប្បន្ន សេរីភាពសារព័ត៌មាននៅលើពិភពលោក ស្ថិតក្រោម​ការគំរាមកំហែង​នៅឡើយ។ ជា​ទ្រឹស្តី ​សេរីភាព​សារព័ត៌មាន​ប្រសើរ ស្ថានភាព​សង្គម​ក៏​ប្រសើរ​ដែរ ​ផ្ទុយទៅវិញ កាលណា​​សិទ្ធិសេរីភាព​សារព័ត៌មាន ​ត្រូវបានគេ​រឹតត្បិត ស្ថានភាព​សង្គម​ក៏​ធ្លាក់ចុះ ​និង​ប្រឈម​បញ្ហា​ច្រើន​ផងដែរ​។



ជាទូទៅ គ្មានច្បាប់ណាចាប់អ្នកសារព័ត៌មានដាក់គុក ឬឃាត់ខ្លួន នៅពេលដែលពួកគេបញ្ចេញសេរីភាពនៃគំនិត ឬយោបល់ទិតៀន នៅក្នុងសង្គមប្រជាធិបតេយ្យឡើយ។ ប្រការដែលសំខាន់គឺ អ្នកការសែតត្រូវប្រុងប្រយ័ត្ន ចំពោះការសរសេរប៉ះពាល់ ឬបរិហារកេរ្ដិ៍អ្នកដទៃ ដោយគ្មានប្រភពច្បាស់លាស់។ ដូច្នេះតើអ្នកសារព័ត៌មានបានចូលរួមបែបណា ដើម្បីការពារសិទ្ធិសេរីភាពខ្លួន? 
 
តាមរយៈបទសម្ភាសជាមួយសារព័ត៌មានឌីជីថលថ្មីៗ លោក ឈឹម សុភទ្ទ ដែលជាអ្នកសារព័ត៌មានរបស់វិទ្យុ VAYO បានលើកឡើងថា ដើម្បីការពារសិទ្ធិសេរីភាពសារព័ត៌មាន អ្នកកាសែតគួរតែអនុវត្តតាមក្រមសីលធម៌ វិជ្ជាជីវៈឱ្យបានខ្ជាប់ខ្ជួន និងជៀសវាងការអនុវត្តផ្ទុយពីច្បាប់ ដែលជាដើមហេតុធ្វើឱ្យពួកគេរងវិធានាការផ្លូវច្បាប់ ពីសំណាក់អាជ្ញាធរផ្សេងៗ។ បន្ថែមពីលើនេះ អ្នកកាសែត គួរតែពង្រឹងចំណេះជំនាញឱ្យបានល្អ ព្រមទាំងចេះសម្របខ្លួន តាមស្ថានភាពសង្គម និងនយោបាយ ដែលទាំងអស់នេះ លោកចាត់ទុកវាជាខែលការពារខ្លួនដ៏មានឥទ្ធិពល។ 
 
លោក​ និយាយដូច្នេះថា៖ «ជាទូទៅគ្មានអ្វីក្រៅពីការពង្រឹងក្រមសីលធម៌ វិជ្ជាជីវៈ និងចំណេះ​ដឹងរបស់យើង ពាក់ព័ន្ធនឹងវិស័យសារព័ត៌មានឱ្យខ្លាំង ឱ្យមានឥទ្ធិពលនោះទេ។ ទាំងអស់នេះ គឺជាការចូលរួមរ​បស់ខ្ញុំពិតប្រាកដ ក្នុងការការពារសេរីភាព និងសិទ្ធិរបស់ខ្ញុំក្នុងនាមជាអ្នកកាសែត»។ 
 
លោក ឈឹម សុភទ្ទ ផ្ដើមប្រឡូកក្នុងវិស័យសារព័ត៌មាន ចាប់តាំងពីឆ្នាំ២០២១មក។ មកទល់ពេលនេះ លោកមិនទាន់ជួបបញ្ហាដែលធ្វើឱ្យប៉ះពាល់ ឬការគំរាមកំហែងណាមួយ ដល់អាជីពនោះទេ។ ជាក់ស្ដែង នៅពេលលោក ដកស្រងសម្ដីរបស់ប្រភពខុស ហើយមានការស្នើសុំឱ្យកែតម្រូវវិញ លោកនឹងធ្វើតាមសំណើ ដែលទង្វើនេះ លោកចាត់ទុកថា វាការគោរពសិទ្ធិរបស់ប្រភព ហើយក៏ជាការការពារខ្លួនដ៏ល្អមួយដែរ។
 
លោក ឈឹម សុភទ្ទ ជាអ្នកសារព័ត៌មានរបស់វិទ្យុ VAYO 

អ្នកកាសែតវ័យក្មេងរូបនេះ មើលឃើញថា បច្ចុប្បន្នវិស័យសារព័ត៌មានបានដើរតួរនាទីយ៉ាងសំខាន់ ក្នុងការពាំនាំសារពីរដ្ឋាភិបាល ទៅកាន់ពលរដ្ឋ​ និងពីពលរដ្ឋទៅកាន់រដ្ឋាភិបាលវិញ តាមវិស័យនីមួយៗ។ ជាការកត់សម្គាល់ ទុក្ខកង្វល់ ឬបញ្ហានានា​ ដែលពលរដ្ឋជួបប្រទះ តែងតែត្រូវបានសម្របសម្រួល និងដំណោះស្រាយពីរដ្ឋាភិបាល ក្រោយពីមានការផ្សព្វផ្សាយពី​អ្នកសារព័ត៌មាន។
 
នៅថ្ងៃទី ៣ ខែឧសភា គឺជាពេលវេលានៃការប្រារព្ធ «ទិវាសេរីភាពសារព័ត៌មានពិភពលោក» លើកទី៣១ ហើយនៅកម្ពុជា ជារៀងរាល់ឆ្នាំតែងតែមានការជួបជុំរវាងអ្នកសារព័ត៌មាន និងនាយករដ្ឋមន្រ្តី។ តាមការយល់ឃើញរបស់ លោក ឈឹម សុភទ្ទ ទិវាសេរីភាពសារព័ត៌មាននេះ គឺបានបង្ហាញពីការទទួលស្គាល់ និងឱ្យតម្លៃដ៏ធំធេងពីមនុស្សទូទាំងពិភពលោក ចំពោះអ្នកសារព័ត៌មាន​។
 
លោក បន្ថែមដូច្នេះថា៖ «ទិវា​សេរីភាពសារព័ត៌មានពិភពលោក គឺជាការបើកលំហដល់សេរីភាពអ្នកសារព័ត៌មាន ប៉ុន្តែយើងត្រូវដឹងថា សេរីភាពសារព័ត៌មាន ត្រូវតែដើរទន្ទឹមក្រមសីលធម៌ វិជ្ជាជីវៈ។ ដូច្នេះ ការប្រារព្ធទិវានេះ ខ្ញុំក៏មានមោទកភាព នៅពេលយើងជាអ្នកសារព័ត៌មាន ត្រូវបានគេផ្ដល់តម្លៃ តាមរយៈការបង្កើតទិវា ឬការអបអរសាទរនានា»។ 
 
នៅកម្ពុជា មានអ្នកសារព័ត៌មាន ប្រមាណ១ម៉ឺននាក់។ ផ្អែកតាមទិន្នន័យស្ថិតិរបស់ក្រសួងព័ត៌មាន ក្នុងរយៈពេល៧ឆ្នាំចុងក្រោយនេះ ពុំមានអ្នកសារព័ត៌មានណា ម្នាក់ទទួលមរណភាព ឬទទួលពិន័យជាប្រាក់ ឬជាប់ពន្ធធនាគារ ដោយសារការបំពេញតួនាទី និងភារកិច្ចស្របច្បាប់ និងតាមក្រមសីលធម៌ជាអ្នកសារព័ត៌មាននោះទេ។ 
 
យ៉ាងណា ក្រសួងព័ត៌មាន បានកត់សម្គាល់ឃើញថា ក្រុមជនមួយចំនួន ដែលជ្រកក្រោមស្លាកសារព័ត៌មាន បានប្រព្រឹត្តខុសក្រមសីលធម៌ និងយកអាជីពសារព័ត៌មាន ធ្វើជាមុខរបរដើម្បី​ស្វែងរកផលប្រយោជន៍ផ្ទាល់ខ្លួន ហើយពេលខ្លះបានប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌពីបទកំហែងទារប្រាក់ និងបទល្មើសផ្សេងទៀត ដែលមិនស្ថិតក្នុងច្បាប់ស្តីពីរបបសារព័ត៌មាន។ ក្នុងករណីនេះ គេមិនត្រូវបកស្រាយថា វាជាការរំលោភបំពានសេរីភាពសារព័ត៌មាន និងសេរីភាពបញ្ចេញមតិឡើយ។
 
កញ្ញា យ៉ាត់ ម៉ាឡៃ អ្នកសារព័ត៌មាន Kiripost ក៏បានចាត់ទុកក្រមសីលធម៍ វិជ្ជាជីវៈ ជាមធ្យោបាយសម្រាប់ការពារសិទ្ធិសេរីភាពខ្លួនដូចគ្នា។ ក្រៅពីនោះ អ្នកកាសែត ក៏ត្រូវស្គាល់ពីសិទ្ធិរបស់ខ្លួនឱ្យបានច្បាស់ ព្រមទាំងសិក្សាពីដែនកំណត់ ឬច្បាប់ទម្លាប់នានា ទាក់ទងនឹងវិស័យសារព័ត៌មាន។ 
   
កញ្ញា យ៉ាត់ ម៉ាឡៃ អ្នកសារព័ត៌មាន Kiripost 

កញ្ញា ប្រាប់ដូច្នេះថា៖«ក្នុងនាមជាអ្នករាយការណ៍ នាងខ្ញុំត្រូវតែប្រកាន់ខ្ជាប់នូវក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មានឱ្យបានខ្ជាប់ខ្ជួន​។ មិនតែប៉ុណ្ណោះ យើងត្រូវដឹង និងស្គាលពីសិទ្ធិរបស់ខ្លួនឯងឱ្យច្បាស់សិន ព្រោះទាំងអស់នេះ គឺជាមូលដ្ឋានគ្រឹះ ក្នុងការការពារសិទ្ធិសេរីភាពយើងក្នុងអាជីពសារព័ត៌មាន»។ 

ប្រឡូកក្នុងវិស័យសារព័ត៌មានបានជាង១ឆ្នាំមកនេះ ម៉ាឡៃ មើលឃើញថា អ្នកសារព័ត៌មានបានដើរតួរនាទីយ៉ាងសំខាន់ក្នុងសង្គមកម្ពុជា ក្នុងការពាំនាំដំណឹងនានាជូនសាធារណជន។ទន្ទឹមនេះ នាងក៏បានត្អូញត្អែរអំពី មន្រ្តីរដ្ឋាភិបាលមួយចំនួន ដែលសហការផ្ដល់ព័ត៌មាន​ និងម្ដងម្កាលពួកគេ បានប្រើ​ប្រាស់ពាក្យសម្ដីធំតូច មកលើនាងដែលជាស្រ្តីថែមទៀតផង។

សម្រាប់ «ទិវាសេរីភាពសាព័ត៌មានពិភពលោក» នៅថ្ងៃទី៣ ឧសភានេះ កញ្ញា ម៉ាឡៃ ចង់ឱ្យមន្រ្តីរដ្ឋាភិបាល ពង្រឹងកិច្ចសហការជាមួយអ្នកសារព័ត៌មានបន្ថែមទៀតទេ។ កញ្ញា យ៉ាត់ ម៉ាឡៃ និយាយដូច្នេះថា៖ «នៅពេលដែលខ្ញុំទូរសព្ទទៅសម្ភាសពួកគាត់ (មន្រ្តី) ពេលខ្លះប៉ូលិស ឬអាជ្ញាធរមួយចំនួនហ្នឹង ប្រើពាក្យសម្ដីមិនសូវសមរម្យទេ។ នាងខ្ញុំពិតជាចង់ឱ្យរដ្ឋាភិ​បាល ពង្រឹងកិច្ចសហការជាមួយអ្នកសារព័ត៌មានបន្ថែមទៀត ពីព្រោះខ្ញុំជឿថា មិនមែនមានតែខ្ញុំម្នាក់ទេដែលចង់បានបែបនេះ ប៉ុន្តែអ្នកសារព័ត៌មានផ្សេងទៀត ក៏ប្រហែលេជាចង់បានដូចគ្នាដែរ»។
 
នៅចន្លោះឆ្នាំ២០២០ ដល់ឆ្នាំ២០២៣ ក្រសួងបានសម្រេចលុបឈ្មោះអង្គភាពសារព័ត៌មាន ចេញពីបញ្ជីចំនួន ២០អង្គភាព ក្រោមមូលហេតុបំពានក្រមសីលធម៌ វិជ្ជាជីវៈ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។ ទន្ទឹមនឹងនេះ ក្រសួងព័ត៌មាន បានអនុវត្តនីតិវិធីរដ្ឋបាល ដោយបានកោះហៅអ្នកពាក់ព័ន្ធ ក្នុងការប្រព្រឹត្តកំហុសវិជ្ជាជីវៈសារព័ត៌មាន ដើម្បីអប់រំណែនាំ និងធ្វើកិច្ចសន្យាឱ្យបញ្ឈប់ទង្វើខុសឆ្គងទាំងនោះ ជាង៥០ករណី៕
 

Tag:
 ទិវាសិទ្ធសេរីភាពសារព័ត៌មាន
  ឈឹម សុភទ្ទ
  យ៉ាត់ ម៉ាឡៃ
© រក្សាសិទ្ធិដោយ thmeythmey.com