ជាតិ
ក្រសួងកសិកម្ម នឹងរៀបចំពិព័រណ៍វារីវប្បកម្មលើកដំបូងចាប់ពីថ្ងៃទី២៤-២៦ ខែឧសភា
04, May 2024 , 1:59 pm        
រូបភាព
ការប្រមូលផលត្រីរបស់កសិករ។ រូបភាពពីហ្វេសប៊ុក លោក ឃុន សាវឿន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
ការប្រមូលផលត្រីរបស់កសិករ។ រូបភាពពីហ្វេសប៊ុក លោក ឃុន សាវឿន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
ភ្នំពេញ៖ គម្រោងតាំងពិព័រណ៍វារីវប្បកម្មកម្ពុជា នឹងនាំយកត្រីដែលកសិពាណិជ្ជករ បានចិញ្ចឹមក្នុងស្រុក មកតាំងបង្ហាញជូនដល់សាធារណជនបានឃើញ និងដឹងពីបច្ចេកទេស និងបច្ចេកវិទ្យានៃការចិញ្ចឹមត្រី។ ការតាំងពិព័រណ៍វារីវប្បកម្មនេះ ចាប់ផ្ដើមពីថ្ងៃទី២៤-២៦ ខែឧសភា នាវិទ្យាស្ថានជាតិកសិកម្មព្រែកលាប។


 
ដើម្បីផ្ដល់ចំណេះដឹង និងបច្ចេកទេសបន្ថែមដល់សាធារណជន ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ នឹងរៀបចំតាំងពិព័រណ៍វារីវប្បកម្មកម្ពុជា ចាប់ផ្ដើមពីថ្ងៃទី២៤-២៦ ខែឧសភា នាវិទ្យាស្ថានជាតិកសិកម្មព្រែកលាប។ តាមរយៈពិព័រណ៍នេះ នឹងប្រមូលផ្តុំតួអង្គសំខាន់នៃខ្សែច្រវាក់តម្លៃវារីវប្បកម្ម វិទ្យាស្ថានអប់រំកសិកម្មពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍វារីវប្បកម្ម អ្នកជំនាញ និងក្រុមហ៊ុនបច្ចេកទេសវារីវប្បកម្មជាដើម។


លោក ឃុន សាវឿន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
 
លោក ឃុន សាវឿន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងថា៖«ការតាំងពិព័រណ៍នេះ មានគោលបំណងប្រមូលយកនូវទិន្នផលវារីវប្បកម្ម ដែលកសិករបានចិញ្ចឹម យកមកបង្ហាញជូនសាធារណជន ឱ្យបានយល់អំពីបច្ចេកទេស និងបច្ចេកវិទ្យាក្នុងការចិញ្ចឹមត្រី»។
 
លើសពីនេះ ពិព័រណ៍នេះ នឹងចូលរួមដោះស្រាយបញ្ហាវារីវប្បកម្មសំខាន់ៗដូចជា កូនពូជ ចំណី ទីផ្សារ និងហិរញ្ញវត្ថុ ព្រមទាំងលើកកម្ពស់ការយល់ដឹងរបស់អ្នកប្រើប្រាស់អំពីផលិតផលវារីវប្បកម្មកម្ពុជាផងដែរ។ ការរៀបចំពិព័រណ៍នេះ ក៏បញ្រ្ជាបការយល់ដឹងដែលឆ្លើយតបនឹងផលប៉ះពាល់នៃបម្រែបម្រួលអាកាសធាតុ។
 
វារីវប្បកម្មនៅកម្ពុជាស្ថិតក្នុងដំណាក់កាលនៃការអភិវឌ្ឍ បើប្រៀបធៀបនឹងប្រទេសជិតខាងដូចជាប្រទេសវៀតណាម និងថៃ។ យោងតាមស្ថិតិក្រសួងកសិកម្ម គិតត្រឹមឆ្នាំ ២០១៩ វារីវប្បកម្មបានចូលរួមចំណែកប្រមាណ ៣៩ភាគរយ នៃផលិតកម្មត្រីសរុបរបស់កម្ពុជា។ 
 
ទោះជាយ៉ាងណា វិស័យនេះ កំពុងប្រឈមនឹងបញ្ហាមួយចំនួនដូចជា ការប្រកួតប្រជែងជាមួយកូនត្រីពូជរបស់ប្រទេសជិតខាង លទ្ធភាពនៃការប្រើប្រាស់បច្ចេកវិទ្យានៅកន្លែងបង្កាត់ភ្ញាស់កូនពូជត្រី និងចំណេះដឹងផ្នែកបង្កាត់ភ្ញាស់នៅមានកម្រិត៕ 
 
ការប្រមូលផលត្រីរបស់កសិករ។ រូបភាពពីហ្វេសប៊ុក លោក ឃុន សាវឿន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ


 រូបភាពពីហ្វេសប៊ុក លោក ឃុន សាវឿន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ


Tag:
 កសិកម្ម
  វារីវប្បកម្ម
  ត្រី
© រក្សាសិទ្ធិដោយ thmeythmey.com