អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
វៀតណាម គោរពប្រយោជន៍ស្របច្បាប់កម្ពុជាលើគម្រោងព្រែកជីកហ្វូណនតេជោ
06, May 2024 , 10:39 am        
រូបភាព
អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Pham Thu Hang (រូបក្នុងរង្វង់)។ រូបភាពក្រសួងសាធារណៈការ និងដឹកជញ្ជូនកម្ពុជា និងក្រសួងការបរទេសវៀតណាម
អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Pham Thu Hang (រូបក្នុងរង្វង់)។ រូបភាពក្រសួងសាធារណៈការ និងដឹកជញ្ជូនកម្ពុជា និងក្រសួងការបរទេសវៀតណាម
អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Pham Thu Hang នៅថ្ងៃទី៥ ខែឧសភា បានបញ្ជាក់ថា វៀតណាមចាប់អារម្មណ៍ជាខ្លាំង ហើយគោរពផលប្រយោជន៍ស្របច្បាប់របស់កម្ពុជា ពាក់ព័ន្ធនឹងគម្រោងព្រែកជីកហ្វូណនតេជោ។ ទន្ទឹមនេះ អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម ក៏បានអំពាវនាវឱ្យភាគីកម្ពុជាផ្តល់ព័ត៌មានពីផលប៉ះពាល់ដល់ខ្លួន និងសមាជិកគណៈកម្មការទន្លេមេគង្គ។

 
ព្រែកជីកហ្វូណនតេជោ មិនបានធ្វើឱ្យប្រជាជន និងអ្នកជំនាញវៀតណាមមួយចំនួនពេញចិត្តឡើយ ដោយតែងបង្ហាញក្តីបារម្ភជាញឹកញាប់ ពាក់ព័ន្ធនឹងគម្រោងដឹកជញ្ជូនតាមផ្លូវទឹកភ្ជាប់ទៅសមុទ្រដំបូងរបស់កម្ពុជា។ ចំណែក មន្រ្តីកម្ពុជា បានបកស្រាយ និងការពារផលប្រយោជន៍ខ្លួន ពាក់ព័ន្ធផលប៉ះពាល់បរិស្ថាន និងការប៉ះពាល់ដល់លំហូរទឹកទន្លេមេគង្គជាបន្តបន្ទាប់។ 
 
យ៉ាងណាមិញ ក្រសួងការបរទេសវៀតណាម នៅថ្ងៃទី៥ ខែឧសភា បានបង្ហាញការចាប់អារម្មណ៍ និងទទួលស្គាល់ផលប្រយោជន៍ស្របច្បាប់របស់កម្ពុជាលើគម្រោងព្រែកជីក។
 
«វៀតណាម គោរពផលប្រយោជន៍ស្របច្បាប់របស់កម្ពុជា ដោយផ្អែកតាមកិច្ចព្រមព្រៀងទន្លេមេគង្គឆ្នាំ១៩៩៥, បទបញ្ញត្តិពាក់ព័ន្ធនឹងគណៈកម្មការទន្លេមេគង្គ និងភាពជាអ្នកជិតខាងរវាងប្រទេសទាំងពីរប្រកបដោយមិត្តភាព»។ លោកស្រី Pham Thu Hang អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម បានបញ្ជាក់បែបនេះ នៅចំពោះមុខអ្នកសារព័ត៌មាន។ 
 
លោកស្រី Hang បានអំពាវនាវឱ្យភាគីកម្ពុជាផ្តល់ និងចែករំលែកព័ត៌មានពីផលប៉ះពាល់គម្រោងព្រែកជីកដល់ខ្លួន និងសមាជិកគណៈកម្មការទន្លេមេគង្គផង។ 
 
កន្លងមក មន្រ្តីកម្ពុជា បានបញ្ជាក់ថា គម្រោងព្រែកជីកហ្វូណនតេជោ មិនបានធ្វើឱ្យប៉ះពាល់ដល់លំហូរទឹកទន្លេមេគង្គឡើយ ខណៈផលប៉ះពាល់ មានកម្រិតតិចតួច និងអាចស្ថិតនៅក្រោមការគ្រប់គ្រងបាន។ 
 
នៅចំពោះមុខអ្នកសារព័ត៌មាន មន្រ្តីក្រសួងការបរទេសវៀតណាម បានថ្លែងយ៉ាងច្បាស់ពីការផ្តល់តម្លៃ និងផ្តល់អាទិភាព លើភាពជាអ្នកជិតខាង, មិត្តភាពប្រកបដោយប្រពៃណី, កិច្ចសហប្រតិបត្តិការទ្វេភាគី រួមទាំងចីរភាពរយៈពេលយូរអង្វែង៕ 
 

Tag:
 វៀតណាម
  កម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com