សៀមរាប៖ អ្នកមានជំនឿខ្លះ បានចាត់ទុកប្រាសាទនាគព័ន្ធជាកន្លែងជម្រះបាបមន្ទិល នានា។ អ្នកស្រុកខ្លះជឿថា ប្រាសាទនេះជាកន្លែងព្យាបាលរោគផ្សេងៗដែរ។ ប្រាសាទ នាគព័ន្ធកសាងក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី៧ នាចុងសតវត្សទី១២ នៅឆ្នាំ១១៩១គ.ស.។ អ្នកភូមិលាងដៃ តែងប្រារព្ធពិធីបុណ្យសុំទឹកភ្លៀង តាមប្រពៃណីដែលជាមរតកអរូបី នៅ ប្រាសាទនាគព័ន្ធ តាំងពីដើមរៀងមក។
កាលពីថ្ងៃទី២ និងទី៣ ខែឧសភា ឆ្នាំ២០២៤ អ្នកភូមិលាងដៃ បានរៀបចំពិធីបុណ្យសុំទឹកភ្លៀងនៅប្រាសាទនាគព័ន្ធ ដែលប្រារព្ធធ្វើមួយយប់ពីរថ្ងៃ។ ពិធីនេះមិនមានការកំណត់ថ្ងៃ ជាក់លាក់ទេ តែគេសង្កេតឃើញថា តែងធ្វើនៅក្រោយរដូវចូលឆ្នាំ ឬក្រោយពិធីឆ្លងចេត្រ ដែលអាចារ្យ មូលមតិគ្នាជាមួយចាស់ទុំក្នុងភូមិ សម្រេចយកកាលកំណត់ណាមួយ មករៀបចំតែម្ដង។ ដោយសារជាតំបន់ស្ថិតនៅក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា អ្នកភូមិលាងដៃ ត្រូវស្នើច្បាប់ទៅអាជ្ញាធរជាមុនសិន ដើម្បីឱ្យមានការត្រួតពិនិត្យ និង ណែនាំការប្រារព្ធបែបណាកុំឱ្យបង្កការរំខាន ឬប៉ះពាល់ដល់ថ្មប្រាសាទជាដើម។ យើងសង្កេតថាឃើញថា កិច្ចពិធីនៅទីនេះទៀតសោត ក៏មិនបានធ្វើរាល់ឆ្នាំដូចមុនៗតជាប់គ្នាមកដែរ។ ពោលគឺឆ្នាំចុងក្រោយ ដែលយើងបានឃើញនៃការធ្វើពិធីបុណ្យនេះ គឺនៅឆ្នាំ២០១៩។
ពិធីបុណ្យសុំទឹកភ្លៀងនៅឆ្នាំនេះ មានមនុស្សម្នាចូលរួមច្រើន ហើយអ្នកចូលរួមក៏មានក្រៅពីតំបន់លាងដៃផងដែរ ដោយសារពួកគេចង់ដឹង ចង់ឃើញការអនុវត្តទំនៀមនេះ។ ម្យ៉ាងទៀត ក៏មានកង្វល់រឿងខ្សត់ភ្លៀងដូចគ្នា។ ដ្បិតសម័យកាលរីកចម្រើនយ៉ាងណាក្ដី ប៉ុន្តែវិស័យកសិកម្ម តែដើរតួយ៉ាងសំខាន់ក្នុងសង្គមបច្ចុប្បន្ន ពិសេសអ្នកភូមិអង្គរ ដែលនៅតែពឹងពាក់ទឹកភ្លៀងដើម្បីជីវិតប្រចាំថ្ងៃ។
នាថ្ងៃទី១ នៃកម្មវិធី គឺចាប់ផ្តើមនាពេលរសៀល ផ្តើមដោយកម្មវិធីបញ្ជាន់រូប ពិធីបួងសួង និងសូត្រមន្ត។ លុះព្រឹកឡើងមានពិធីដាក់បាត្រ និងពិធីប្រទក្សិណ៣ជុំ តាមប្រាង្គទាំង៤ប្រាសាទនាគព័ន្ធ ដោយមានការចាត់ទឹកចូលក្នុងទ បង្ហូរចេញពីអាងធំចូលទៅអាងតូចតាមទិសទាំងបួន។ ទិសនីមួយៗមានរូបតំណាងដូចជា ក្បាលមនុស្ស (កើត) ក្បាលតោ (ត្បូង) ក្បាលសេះ (លិច) និងក្បាលដំរី (ជើង)។ មនុស្សម្នាចាស់ក្មេង ដើរប្រទក្សិណដោយមានកាន់ដបទឹក ដែលយកពីអាងបារាយណ៍នាគព័ន្ធ ចាក់បង្ហូរតាមទនីមួយៗ និងមានការបន់ស្រន់តាមបំណងនានា។ កំឡុងពេលនោះដែរ ក៏មានការដងទឹកជះគ្នាយ៉ាងរីករាយ ដែលគេប្រដូចថាមានភ្លៀងធ្លាក់មកមែនទែន។
គ្រឿងរណ្ដាប់ក្នុងពិធីសុំទឹកភ្លៀង
ក្នុងពិធីឡើងរោងដែលគេរៀបចំនៅរសៀលថ្ងៃទី១ គេសង្កេតឃើញមានគ្រឿងរណ្ដាប់ ដូច ជា បាយសី ស្លាធម៌ ទៀន ធូប ផ្លែឈូក ក្បាលជ្រូក បាយ សម្ល គ្រឿងចម្អាប ផ្លែឈើ និងភេសជ្ជៈ។ល។ ដោយសារជាបុណ្យរួម ការប្រារព្ធពិធីបុណ្យនេះ គឺអាចារ្យ ឬចាស់ទុំ ជា អ្នកដឹកនាំ ហើយអ្នកភូមិឯទៀតចូលរួមថវិកាតាមសទ្ធា និងដោយកម្លាំង ហើយបុណ្យនេះតូចឬធំ ក៏អាស្រ័យតាមនោះដែរ។ គេធ្វើបាយម្ហូប ហូបជុំគ្នានៅរោងពិធី មានដូចជាបបរ នំបញ្ចុក និងបាយសម្ល។
ពិធីបួងសួង ដោយមានគ្រឿងរណ្ដាប់ និងម្ហូបអាហារក្នុងពិធីបុណ្យសុំទឹកភ្លៀង
រីឯអ្នកភូមិខ្លះ ឬអ្នកមកពីភូមិផ្សេង ដែលមិនមែនអ្នកស្រុកលាងដៃ បានវេចម្ហូបអាហារមកពីផ្ទះរៀងៗខ្លួន ដោយអង្គុយហូបយ៉ាងរីករាយជាមួយក្រុមគ្រួសារ រង់ចាំពេលចុះចាក់ទឹក និងប្រទក្សិណនឹងគេឯង។
ត្រុដិនាងម៉េវ
ក្នុងពិធីសុំទឹកភ្លៀងនេះដែរ ក៏មានការសម្ដែងរបាំត្រុដិនាងម៉េវ ដែលជាប្រពៃណីមួយរបស់អ្នកស្រុកអង្គរ ក៏ដូចជាអ្នកខេត្តសៀមរាប។ របាំនេះ គេតែងលេងនៅរដូវស្ងួតរាំងហួត មិនមានភ្លៀងធ្លាក់ ក្នុងន័យសុំទឹកភ្លៀងដែរ។
ត្រុដិនាងម៉េវក្នុងពិធីបុណ្យសុំទឹកភ្លៀងនាប្រាសាទនាគព័ន្ធ
ស្រ្តី និងបុរសមួយក្រុម ខ្លះកាន់ត្រុដិ កាន់ឈ្នាង កាន់អង្រុត ខ្លះរាំរែក ច្រៀង មានគូសមុខជាឆ្មា និងយក្ស សែងសត្វឆ្មាដែលគេដាក់ក្នុងទ្រុងតូចមួយ។ សែងបណ្ដើរគេចាក់ទឹកលើសត្វឆ្មានោះបណ្ដើរ។ ធម្មជាតិសត្វនេះខ្លាចទឹកណាស់ តែគេមានបំណងឱ្យឆ្មាទៅប្រាប់ព្រះឥន្ទ ព្រះព្រហ្មទាំងអស់ ឱ្យប្រញាប់ទម្លាក់ទឹកភ្លៀងមកឱ្យមនុស្សឆាប់ៗ ដ្បិតមនុស្សធ្វើបាបវាណាស់។ គេជឿថា សត្វឆ្មាមានវិញ្ញាណពិសេស អាចទំនាក់ទំនងនឹងព្រះឥន្ទ ព្រះព្រហ្មនៅឋានផ្សេងបាន។
បារម្ភខ្លាចគ្មានអ្នកបន្តវេន
ចាស់ទុំដែលដឹកនាំរៀបចំពិធីបុណ្យសុំទឹកភ្លៀងនៅប្រាសាទនាគព័ន្ធ លោកយាយ ហៃ វឿន មានប្រសាសន៍ថា លោកយាយបានឃើញចាស់ទុំក្នុងភូមិ ធ្វើពិធីនេះតាំងពីយាយអាយុ១៣ឆ្នាំ។ ពីដើម ទំនៀមនេះ តែងធ្វើរៀងរាល់ឆ្នាំ ដោយបួងសួង និងចាក់ទឹកនៅប្រាង្គទាំងបួនប្រាសាទនាគព័ន្ធ។
លោកយាយ ហៃ វឿន ក្នុងពិធីបុណ្យសុំទឹកភ្លៀងនៅប្រាសាទនាគព័ន្ធ នៅថ្ងៃទី២ ឧសភា ឆ្នាំ២០២៤។
លោកយាយ ហៃ វឿន ដែលអ្នកភូមិលាងដៃហៅថា «ម៉ែចាស់» បញ្ជាក់ថា ពិធីសុំទឹកភ្លៀងគេមិនធ្វើនៅទីណាក្រៅពីប្រាសាទនាគព័ន្ធឡើយ ព្រោះជំនឿតាំងពីដើមតែងធ្វើនៅទីនេះរហូតមក។ លោកយាយបន្ថែមថា៖ «ខ្ញុំអាយុ១៣ឆ្នាំ។ ខ្ញុំសួរតា! ម៉េចចាំ(បាច់)ទៅធ្វើនាគព័ន្ធ មានមូសខាំផង? ម៉េចចាំធ្វើនៅណោះ? តាឆ្លើយថា ពីបុព្វបុរាណគេធ្វើនៅជម្ពូទ្វីប ដែល មានប្រាសាទនេះជាតំណាងនេះឯង»។
ពិធីបួងសួងក្នុងពិធីបុណ្យសុំទឹកភ្លៀង
នៅឆ្នាំនេះ មានមនុស្សម្នាចូលរួមច្រើន ក្រៅពីអ្នកភូមិលាងដៃ ក៏មានអ្នកភូមិនគរក្រៅ ភូមិសំរោង ភូមិព្រះដាក់ជាដើម។ល។ លោកយាយ វឿន យល់ថា ពួកគេមកជួយបន់ និងរំពឹងបានភ្លៀងឆាប់ៗ ព្រោះសុទ្ធតែអ្នកកើតទុក្ខ អត់ទឹកភ្លៀង នាំក្ដៅក្រហាយគ្រប់ៗគ្នា។
ជាចាស់ទុំដែលនៅរក្សាប្រពៃណីស្លៀកក្បិន ពានាក្រមាយ៉ាងស្រស់ស្អាត យាយ វឿន ពោលក្នុងទឹកមុខដោយមោទនភាព ដែលលោកយាយ បានបន្តដឹកនាំទំនៀមបុរាណ បុណ្យសុំទឹកភ្លៀងជាបន្តបន្ទាប់ ខណៈដែលវ័យលោកយាយកាន់តែចាស់ទៅហើយ។ ស្ថិតក្នុងវ័យ ៧៤ឆ្នាំ ដូនចាស់រូបនេះយល់ថា ប្រពៃណីនេះផូរផង់ណាស់ ហើយក្មេងៗជំនាន់ក្រោយ ត្រូវថែរក្សាកុំឱ្យបាត់បង់ឱ្យសោះ។ លោកយាយ ពោលដូច្នេះថា៖« ប្រពៃណីនេះល្អ ព្រោះយើងមកធ្វើនៅទ្វីបទាំងបួន ដែលជាជម្ពូទ្វីប។ ធ្វើហើយយើងល្អ ព្រោះទ្វីបនេះគេឱ្យយើងមកគោរពមួយឆ្នាំម្ដង»។
លោកយាយបន្ថែមថា៖« នេះបានចេះតែនាំបងប្អូនមកធ្វើ តើខ្ញុំមកមិនរួចឱ្យបងប្អូនកុំភ្លេចចោល ឱ្យបងប្អូនមកបួងសួង អុជធូបអុជទៀន កុំឱ្យចោលទំនៀមទម្លាប់យើងពីដើម កុំឱ្យតែខ្ញុំងាប់ទៅ ក៏សូន្យប្រាសាទបុរាណយើង ដែលយាយតាដូនតាធ្វើទុកឱ្យយើងគោរព អត់ចង់ឱ្យបាត់បង់ទេ ស្ដាយ»។
កិច្ចបញ្ជាន់រូបក្នុងពិធីសុំទឹកភ្លៀងនៅប្រាសាទនាគព័ន្ធ
ពិធីបុណ្យសុំទឹកភ្លៀង ដែលគេតែងឃើញនៅតំបន់អង្គរ មិនមែនមានតែនៅប្រាសាទនាគព័ន្ធឡើយ។ ក្រៅពីនេះអ្នកភូមិតំបន់ផ្សេងទៀត ក៏តែងធ្វើនៅប្រាសាទមេបុណ្យខាងកើត ប្រាសាទប្រែរូប ប្រាសាទបន្ទាយសំរ៉ែ និងប្រាសាទលាក់នាងជាដើម។ រីឯពលរដ្ឋក្រៅតំបន់អង្គរ ក៏មានធ្វើដែរ ដូចជានៅតំបន់ស្រុកពួក ស្រុកប្រាសាទបាគង និងតាមតំបន់ផ្សេងៗទៀតក្នុងខេត្តសៀមរាប៕
ពិធីប្រទក្សិណ៣ជុំ និងចាក់ទឹកលើក្បាលទទាំងបួនប្រាសាទនាគព័ន្ធ