កីឡាជាតិ
ជាតិ
ព្រះខ័នរាជស្វាយរៀង នឹងត្រូវរ៉ាប់រងទាំង AFC Challenge Cup និង Shopee Cup
07, May 2024 , 4:09 pm        
រូបភាព
ក្រុមព្រះខ័នរាជស្វាយរៀង រូបពី Cambodian Premier league
ក្រុមព្រះខ័នរាជស្វាយរៀង រូបពី Cambodian Premier league
ក្លិបព្រះខ័នរាជស្វាយរៀង ម្ចាស់ជើងឯកពានរង្វានសម្ដេច ហ៊ុន សែន លើកទី១៧ និងជាជើងឯកលីគកំពូលកម្ពុជា នឹងត្រូវប្រកួតពានក្លិបអាស៊ីលំដាប់ទី៣ (AFC Challenge Cup) និង ពានក្លិបតំបន់អាស៊ានទើបបង្កើតថ្មី (AFF Asean Club Championship Shopee Cup)។



ព្រះខ័នរាជស្វាយរៀង ប្រមូលពានធំៗ ២នៅកម្ពុជា ក្នុងរដូវកាលតែមួយ ឆ្នាំ២០២២៣-២០២៤ គឺពានសម្ដេច ហ៊ុន សែន លើកទី១៧ និងពានរង្វាន់ Cambodian Premier League។ តាមការបង្ហោះជាផ្លូវការលើហ្វេសប៊ុកក្លិបនេះ ព្រះខ័នរាជស្វាយរៀង នឹងក្លាយជាក្រុមតំណាងឲ្យកម្ពុជា ប្រកួតវគ្គជម្រុះ AFC Challenge Cup និង Shopee Cup។ 
 
បើទោះជានៅ២ប្រកួតទៀត ទើបបញ្ចប់រដូវកាលលីគកំពូលកម្ពុជា ឆ្នាំនេះ ព្រះខ័នរាជស្វាយរៀង ត្រូវបានឈ្នះជាជើងឯកដោយស្វ័យប្រវត្តិ ដោយសារពិន្ទុឈ្នះដាច់គេ ក្នុងចំណោម ៤ក្រុម ដែលកំពុងប្រជែងក្នុងវគ្គទាត់ខ្វែង (Top 4)។ ព្រះខ័នរាជស្វាយរៀង មាន៧២ពិន្ទុ តាមពីក្រោយដោយភ្នំពេញក្រោន ៦៤ពិន្ទុ, វិសាខា មាន៤៧ពិន្ទុ និងបឹងកេត មាន៤១ពិន្ទុ។
 
ដោយឡែក ពានរង្វាន់ AFC Challenge Cup គឺជាពានកម្រិតទី៣ ក្នុងតំបន់អាស៊ី។  ពានរង្វាន់ក្លិបប្រចាំទ្វីបអាស៊ី មាន៣ប្រភេទ៖ គឺ AFC Champions League, AFC Cup និង AFC Challenge Cup។  AFC Challenge Cup ដែលព្រះខ័នរាជស្វាយរៀង ត្រូវប្រកួតនោះ នឹងត្រូវចាប់ផ្ដើមពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤ ដោយមាន២០ក្រុមចូលរួម។
 
រីឯ AFF Asean Championship Shopee Cup នឹងត្រូវចាប់ផ្ដើមពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤ ដល់ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥។ ក្រុមចំនួន ១២នោះ នឹងចែកជា២ពូល ហើយការប្រកួត គិតក្រៅដី និងក្នុងដី (Home and Away)។ ថៃ ម៉ាឡេស៊ី ឥណ្ឌូណេស៊ី និងវៀតណាម ទទួលបានពីរកៅអីម្នាក់ ចំណែក ហ្វីលីពីន និងសិង្ហបុរី ទទួលបាន១កៅអី សរុប១០ក្រុម។ 
 
ព្រះខ័នរាជស្វាយរៀង ជើងឯកលីគកំពូលកម្ពុជា រួមជាមួយក្រុមមកពីព្រុយណេ ឡាវ និងមីយ៉ាន់ម៉ា ដែលមានកន្លះកៅអីម្នាក់ ត្រូវប្រកួតវគ្គជម្រុះ playoff ដើម្បីដណ្តើមគ្នាយក២កៅអីទៅវគ្គចែកពូល។ ការចាប់ឆ្នោតរើសពូល និងជម្រុះ ពានរង្វាន់ Shopee Cup នឹងធ្វើនៅថ្ងៃទី៩ ខែឧសភាព នៅក្នុងហាណូយប្រទេសវៀតណាម៕

Tag:
 បាល់ទាត់
  ព្រះខ័នរាជស្វាយរៀង
© រក្សាសិទ្ធិដោយ thmeythmey.com