សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
តើផែនការ​ Made in China 2025 របស់ចិនអនុវត្តមានប្រសិទ្ធភាពឬទេ?
07, May 2024 , 8:29 pm        
រូបភាព
រូបភាព ៖ Bloomberg
រូបភាព ៖ Bloomberg
នៅសល់តែជាង ៧ខែទៀតប៉ុណ្ណោះដល់ឆ្នាំ២០២៥ មនុស្សជាច្រើនមានចម្ងល់ថាតើផែនការផលិតនៅចិនក្នុងឆ្នាំ២០២៥ (Made in China 2025) របស់ចិនកំពុងត្រូវបានអនុវត្តយ៉ាងមានប្រសិទ្ធភាពដែរឬទេ​ ?

 
ក្នុងឆ្នាំ២០១៥ ចិនបានស្នើឡើងនូវផែនការ ១០ឆ្នាំដ៏មានមហិច្ឆតាមួយហៅថា «Made in China 2025» ជាមួយនឹងគោលដៅនៃការសម្រេចឲ្យបាននូវស្វ័យភាព ការច្នៃប្រឌិត និងភាពខ្លាំងនៅក្នុងវិស័យផលិតកម្ម។ អំឡុងពេលនៃការអនុវត្តផែនការនេះ សង្រ្គាមពាណិជ្ជកម្មជាមួយអាម៉េរិកជាកត្តាដ៏ធំបំផុតមួយដែលរារាំងទីក្រុងប៉េកាំងពីការសម្រេចបាននូវគោលដៅរបស់ខ្លួន។ 
 
ការសម្រេចបាន ៨៦ភាគរយនៃផែនការ Made in China 2025
 
ដំបូងឡើយនៅពេលផែនការនេះត្រូវបានប្រកាស ភាគច្រើនរថយន្តនៅតាមដងផ្លូវរបស់ចិនមានម៉ាកយីហោសុទ្ធសឹងតែជារបស់លោកខាងលិច តែបើក្រឡេកមើលលើផ្ទៃអាកាសវិញគេឃើញមានយន្តហោះរបស់ក្រុមហ៊ុនអាម៉េរិក Boeing ឬ European Airbus ជាដើម។ គ្រានោះ រោងចក្រចិនជាច្រើនមិនអាចដំណើរការ ដោយគ្មានគ្រឿងចក្រដែលនាំចូលនោះទេ។ បន្ទះឈីប ប្រព័ន្ធប្រតិបត្តិការ និងសូហ្វវែរនៅក្នុងកុំព្យូទ័រ ក៏ដូចជាទូរសព្ទចល័តត្រូវបានបង្កើតឡើងភាគច្រើនដោយក្រុមហ៊ុនអាម៉េរិក។
 
ទន្ទឹមនេះ សូម្បីតែមូលដ្ឋានទិន្នន័យរបស់ធនាគារក៏ពឹងផ្អែកលើសាជីវកម្មពហុជាតិសម្រាប់ការសរសេរកូដ និងការថែទាំ។ ពេលនោះ ចិនឈរនៅក្នុងក្រុមប្រទេសលំដាប់ទាបនៃខ្សែច្រវាក់តម្លៃឧស្សាហកម្មសកល ដែលភាគច្រើនលក់ផលិតផលិតផលមានតម្លៃទាប។
 
Made in China 2025 មានគោលបំណងផ្លាស់ប្តូរអ្វីៗទាំងអស់នេះ ដោយជួយឧស្សាហកម្មផលិតកម្មរបស់ចិនផលិតផលិតផលដែលមានគុណភាពខ្ពស់ បច្ចេកវិទ្យាខ្ពស់ និងមានតម្លៃខ្ពស់ តាមរយៈការបង្កើតថ្មីតាមបែបវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា។
 
នៅឆ្នាំ ២០១៨ ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បានធ្វើឱ្យផែនការចិនជួបការពិបាក ដោយចាប់ផ្តើមសង្រ្គាមពាណិជ្ជកម្មជាមួយប្រទេសនេះ។ រដ្ឋាភិបាល​អាម៉េរិក​បានដាក់​ក្រុមហ៊ុន​បច្ចេកវិទ្យា​ខ្ពស់​របស់​ចិន​ជាច្រើន​ក្នុង​បញ្ជី​ខ្មៅ ព្រមទាំង​ដាក់​ពន្ធ​ខ្ពស់​លើ​ការ​នាំចូល​របស់​ចិន។ ទីក្រុងវ៉ាស៊ីនតោនក៏បានធ្វើការស៊ើបអង្កេតជាបន្តបន្ទាប់នៅទូទាំងប្រទេសលើអ្នកវិទ្យាសាស្ត្រអាម៉េរិកដែលសហការជាមួយចិន។ បន្ទាប់ពីឡើងកាន់តំណែងជាប្រធានាធិបតីអាម៉េរិកនៅឆ្នាំ ២០២១ លោក ចូ បៃឌិន ក៏បានបន្តចាត់វិធានការសំដៅទៅចិន ដូចជាការចេញបម្រាមលើការនាំចេញបច្ចេកវិទ្យាផលិតបន្ទះឈីបទៅកាន់ប្រទេសអាស៊ីជាដើម។
 
ចាប់តាំងពី​សង្គ្រាម​ពាណិជ្ជកម្ម​ផ្ទុះឡើង រដ្ឋាភិបាល​ចិន​កម្រ​បាន​និយាយ​ជា​សាធារណៈ​អំពី​ផែនការ Made in China 2025 នៅលើឯកសារ​ពាក់ព័ន្ធ​ជាច្រើន​ត្រូវបាន​ដកចេញ​ពីវេបសាយណាស់ ​។
 
តាមស្ថិតិរបស់កាសែត South China Morning Post (SCMP) ពីសៀវភៅមួយចំនួនដែលបានបោះពុម្ពកាលពី១០ឆ្នាំមុន និងប្រភពផ្លូវការមួយចំនួនបង្ហាញថា ផែនការ Made in China 2025 មានច្រើនជាង ២៦០គោលដៅដែលស្ថិតនៅវិស័យសំខាន់ៗចំនួន១០ ដែលភាគច្រើនពាក់ព័ន្ធបច្ចេកវិទ្យាស្មុគស្មាញ និងអ្នកជំនាញឯកទេសខ្ពស់។
 
ការវិភាគរបស់កាសែត SCMP បានបង្ហាញថា ច្រើនជាង ៨៦ភាគរយនៃគោលដៅទាំងនេះត្រូវបានបញ្ចប់ ដោយខ្លះទៀតទំនងជានឹងបញ្ចប់នៅឆ្នាំនេះ ឬឆ្នាំក្រោយ។ ក្នុងចំណោមនោះ គោលដៅមួយចំនួនដូចជាការផលិតរថយន្តអគ្គិសនី និងថាមពលកកើតឡើងវិញបានកើនលើសពីគោលដៅដែលបានកំណត់។
 
លទ្ធផលពីផែនការ Made in China 2025 បានបង្កើតការផ្លាស់ប្តូរយ៉ាងខ្លាំងនៅក្នុងសង្គមចិន។
 
ការ​លក់​រថយន្ត​អគ្គិសនី​នៅ​ចិន​បាន​កើន​លើស​ការ​លក់​រថយន្ត​ដែល​ប្រើ​ឥន្ធនៈ​ហ្វូស៊ីល​ក្នុង​ចំណោម​ម៉ាក​រថយន្ត​របស់​ចិន​សំខាន់។ យន្តហោះដឹកអ្នកដំណើរប្រភេទ C919 ដែលផលិតនៅចិន បានចាប់ផ្តើមបម្រើផ្លូវអាកាសដ៏មមាញឹកនៅក្នុងប្រទេសនេះ។ ភាពរីកចម្រើននៃបច្ចេកវិទ្យា 5G អនុញ្ញាតឱ្យអ្នកដំណើរតាមរថភ្លើងនៅចិនរីករាយជាមួយអ៊ីនធឺណិតបច្ចេកវិទ្យាខ្ពស់ ទោះបីជារថភ្លើងឆ្លងកាត់ផ្លូវរូងក្រោមដីក៏ដោយ។ 
 
បច្ចុប្បន្ន ចិនមានរោងចក្រ និងស្ថានីយស្វ័យប្រវត្តិកម្មដ៏ឆ្លាតវៃបំផុតនៅក្នុងពិភពលោក។ ទូរសព្ទលំដាប់ខ្ពស់ដែលប្រើប្រាស់បន្ទះឈីប និងប្រព័ន្ធប្រតិបត្តិការដែលបង្កើតឡើងដោយអាជីវកម្មចិនបច្ចុប្បន្នជាអ្នកលក់ដាច់បំផុត។ សមត្ថភាព​ផលិត​កប៉ាល់​របស់​ចិន​ក៏​​វ៉ា​ដាច់​អាម៉េរិក​ដល់ទៅ២០០ ដងឯណោះ។
 
សម្ពាធពីលោកខាងលិច រារាំងផែនការដែលនៅសេសសល់
 
ទោះបីជាសម្រេចបានគោលដៅខ្លះ ប៉ុន្តែបច្ចេកវិទ្យាធំៗមួយចំនួននៅតែមិនទាន់សម្រេចបានដូចជា ការផលិតបន្ទះឈីបអេឡិចត្រូនិចកម្រិតខ្ពស់ ការផលិតយន្តហោះអន្តរទ្វីប និងសេវាអ៊ីនធឺណិតនៅផ្កាយរណប។ នៅឆ្នាំ ២០២៤ រដ្ឋាភិបាលចិនបានស្នើផែនការមហិច្ឆិតាមួយទៀតពោលគឺអភិវឌ្ឍ «កត្តាជំរុញផលិតកម្មថ្មី» ដែលចាត់ទុកថាជាការបន្តនៃគំនិតផ្តួចផ្តើម Made in China 2025។
 
បច្ចុប្បន្ន ការប្រឈមមុខនិងលំហូរនៃទំនិញបច្ចេកវិទ្យាខ្ពស់ដែលមានតំលៃថោកពីចិន ជាពិសេស បន្ទះស្រូបពន្លឺព្រះអាទិត្យ តួប៊ីនខ្យល់ រថយន្តអគ្គិសនីជាដើម ប្រទេសលោកខាងលិចកំពុងពិចារណាដាក់ទណ្ឌកម្មបន្ថែម និងប្រើយុទ្ធសាស្ត្រសង្គ្រាមពាណិជ្ជកម្មថ្មីដែលផ្តោតលើប្រទេសអាស៊ីមួយនេះ។
 
ទោះ​ជា​យ៉ាង​ណា បើ​តាម​អ្នក​វិភាគ វិធានការ​ទាំង​នេះ​ទំនង​ជា​មិន​មាន​ប្រសិទ្ធភាព​ទេ។ ព្រោះ​វិធានការ​រឹតត្បិត​ដែល​ប្រទេស​លោកខាងលិច​ដាក់​មក​លើ​ចិន​រហូត​មក​ដល់​ពេល​នេះ​មិន​មាន​ប្រសិទ្ធភាព​ខ្លាំង​ទេ សូម្បី​តែមានការ​ប្រឆាំង​ក៏​ដោយ។
 
វិស័យ​ដែល​ចិន​ប្រឈម​នឹង​ការ​លំបាក​ខ្លាំង​បំផុត​ដោយសារ​វិធានការ​លោក​ខាង​លិច​គឺ​ឧស្សាហកម្ម​ព័ត៌មានវិទ្យា។ អាម៉េរិក និងសម្ព័ន្ធមិត្តមិនត្រឹមតែរារាំងក្រុមហ៊ុនចិនពីការចូលប្រើបច្ចេកវិទ្យាបន្ទះឈីបកម្រិតខ្ពស់ប៉ុណ្ណោះទេ ហើយថែមទាំងបង្កការលំបាកដល់ផលិតផលទូរគមនាគមន៍ដែលផលិតដោយចិន ដូចជាមូលដ្ឋានដំឡើង 5G ចូលទៅកាន់ទីផ្សារអាម៉េរិក និងអឺរ៉ុប។ លើសពីនេះ ប្រាក់ចំណូលធ្លាក់ចុះបានដាក់សម្ពាធលើធុរកិច្ចចិនក្នុងការវិនិយោគលើការស្រាវជ្រាវ អភិវឌ្ឍវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា។
 
ទោះបីជាមានបញ្ហាប្រឈមទាំងនេះក៏ដោយ ចិនបានសម្រេចគោលដៅភាគច្រើនរបស់ខ្លួននៅក្នុងខ្សែច្រវាក់រួមបញ្ចូលគ្នាដូចជា ឧបករណ៍ទូរគមនាគមន៍ ប្រព័ន្ធប្រតិបត្តិការ កម្មវិធីឧស្សាហកម្ម និងការផលិតឧបករណ៍ឆ្លាតវៃ។ 
 
បច្ចុប្បន្ន សហគ្រាសចិនអាចផលិតផលិតផលដែលមានតម្លៃខ្ពស់ដូចជា Server, CPU, Drive SSD, ខ្សែកាបអុបទិកល្បឿនលឿន ប្រព័ន្ធប្រតិបត្តិការឧស្សាហកម្ម និងប្រព័ន្ធទិន្នន័យធំ។ ផលិតផលទាំងនេះមួយចំនួនទទួលបានចំណែកទីផ្សារធំគួរសម។ ចិនក៏អាចផលិតស្មាតហ្វូនជាមួយនឹងមុខងារឆ្លាតវៃសិប្បនិម្មិត (AI) ដែលមានការប្រកួតប្រជែងខ្ពស់ផងដែរ។
 
នៅក្នុងវិស័យបច្ចេកវិទ្យាថត Photolithography ក្រុមហ៊ុន Huawei Technologies បានទទួលជោគជ័យមួយចំនួនក្នុងការផលិតបន្ទះឈីបកម្រិតខ្ពស់។ ទោះជាយ៉ាងណាក៏ដោយ ចិនមិនទាន់សម្រេចបាននូវគោលដៅរបស់ខ្លួនក្នុងការធ្វើឧស្សាហូបនីយកម្មបច្ចេកវិទ្យាថតរូប EUV ទំនើបបំផុតនោះទេ។ គោលដៅនៃការផលិតឧបករណ៍វាស់ស្ទង់ដោយស្វ័យប្រវត្តិ និងការកំណត់អត្តសញ្ញាណក៏មិនបានសម្រេចដែរ មួយផ្នែកដោយសារតែការរឹតបន្តឹងរបស់អាម៉េរិក។ 
 
តាមទិន្នន័យចុងក្រោយ ឧបករណ៍វាស់ស្ទង់ដ៏ឆ្លាតវៃបំផុត និងឧបករណ៍វិភាគធាតុផ្សំតាមអ៊ីនធឺណិតនៅលើទីផ្សារចិននៅតែជាម៉ាកយីហោបរទេស។
 
ចំណែកនៅក្នុងវិស័យរថយន្តអគ្គិសនី រថយន្តបច្ចេកវិទ្យាខ្ពស់ដែលផលិតដោយចិនកំពុងចាប់ផ្តើមទទួលបានចំណែកទីផ្សារអន្តរជាតិ ដោយជំរុញឱ្យចិនវ៉ាដាច់ជប៉ុនជាអ្នកនាំចេញរថយន្តធំជាងគេលើពិភពលោកនៅឆ្នាំ២០២៣។ 
 
ក្រោមផែនការ Made in China 2025 ទីក្រុងប៉េកាំងមានគោលបំណងនាំយករថយន្តអគ្គិសនីប្រចាំឆ្នាំដើម្បីលក់ឲ្យបាន ៣លានគ្រឿងនៅឆ្នាំ ២០២៥។ ក្រុមហ៊ុនផលិតរថយន្តចិនកាលពីឆ្នាំមុនបានលក់រថយន្តអគ្គិសនីដល់ជិត ១០លានគ្រឿង ក្នុងនោះក្រុមហ៊ុន BYD បានលក់រថយន្តចំនួន៣លានគ្រឿង។
 
រថយន្ត​អគ្គិសនី​របស់​ចិន​មិន​ត្រឹម​តែ​មាន​ការ​ប្រកួត​ប្រជែង​ក្នុង​តម្លៃ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​មាន​គុណភាព​បច្ចេកវិជ្ជា​ដែល​មាន​ប្រៀប​ជាង​គូ​ប្រជែង​មួយ​ចំនួន។ កាលពី១០ឆ្នាំមុន ទីក្រុងប៉េកាំងបានកំណត់គោលដៅផលិតរថយន្តអគ្គិសនីដែលមានតម្លៃទាប និងដំណើរការខ្ពស់សម្រាប់អតិថិជនក្នុងស្រុក។ 
 
រថយន្ត​អគ្គិសនី​ម៉ាក​យីហោ​ចិន​ពេលនេះអាច​ភ្ជាប់​អ៊ីនធឺណិត​បាន​ហើយ​មាន​មុខងារ​កម្សាន្ត​ដ៏​សម្បូរបែប​ដូចនិង​គោលដៅ​ដែល​បាន​កំណត់​កាលពី១០ឆ្នាំមុន។
យ៉ាងណាមិញ ក្រុមហ៊ុនផលិតរថយន្តចិនភាគច្រើននៅតែពឹងផ្អែកលើអាជីវកម្មរបស់អាម៉េរិកដូចជា NVIDIA សម្រាប់បន្ទះឈីបបើកបរដោយស្វ័យប្រវត្តិ។ អ្នកជំនាញផ្នែកឧស្សាហកម្មមួយចំនួនលើកឡើងថា តម្រូវបន្ទះឈីបកម្រិតខ្ពស់ក្នុងស្រុកនៅក្នុងរថយន្តអគ្គិសនីរបស់ចិននឹងកើនឡើងយ៉ាងខ្លាំងនៅឆ្នាំនេះ។
 
បន្ថែមពីនេះ​ នៅក្នុងវិស័យអវកាសដែលជាកម្មវត្ថុនៃការដាក់ទណ្ឌកម្មរបស់អាម៉េរិក ផ្កាយរណប និងរ៉ុក្កែតរបស់ចិន មិនអាចប្រើប្រាស់បន្ទះឈីប សមាសធាតុ ឬបច្ចេកវិទ្យារបស់អាម៉េរិកបានទេ។ អ្នកវិទ្យាសាស្ត្រមកពីរដ្ឋបាលអាកាសចរណ៍ និងអវកាសអាម៉េរិក (NASA) ក៏ត្រូវបានហាមឃាត់មិនឱ្យទាក់ទងភាគីចិនដែរ។
 
ទោះជាយ៉ាងណាក៏ដោយ ចិនបានសម្រេចគោលដៅភាគច្រើនរបស់ខ្លួនក្នុងវិស័យនេះ រួមទាំងការរុករកភពអង្គារ ការអភិវឌ្ឍប្រព័ន្ធរុករកផ្កាយរណបសកលលោក BeiDou ការសាងសង់ស្ថានីយ៍អវកាស ការរុករកផ្ទៃដែលមិនច្បាស់លាស់នៃឋានព្រះច័ន្ទ និងការសាងសង់បណ្តាញផ្កាយរណបពាណិជ្ជកម្មដ៏ធំបំផុតរបស់ពិភពលោក។ 
 
ក្រុមហ៊ុនអវកាសចិនមួយចំនួនក៏មានគម្រោងបាញ់បង្ហោះផ្កាយរណបកែច្នៃឡើងវិញនៅឆ្នាំនេះ ឬនៅឆ្នាំ២០២៥ ។ ដូច្នេះគោលដៅនេះទំនងជានឹងសម្រេចបានទាន់ពេលវេលា។
 
នៅក្នុងវិស័យមនុស្សយន្ត ឧបករណ៍កសិកម្ម ជីវឱសថ និងវិស្វកម្មសមុទ្រ គោលដៅទាំងអស់ត្រូវបានសម្រេច។ តួយ៉ាងដូចជា ឱសថប្រឆាំងមហារីកដែលផលិតនៅចិនបានចាប់ផ្តើមលេចឡើងនៅលើទីផ្សារអាម៉េរិកក្នុងតម្លៃត្រឹមតែមួយចំណែកតូចនៃផលិតផលស្រដៀងគ្នាពីក្រុមហ៊ុនឱសថលោកខាងលិច។
 
ការកែលម្អ​បច្ចេកវិទ្យា​បាន​ជួយ​ចិន​បង្កើន​ទិន្នផល​កសិកម្ម​យ៉ាងច្រើន​។ ទោះបីជាតំបន់ដាំដុះមានកម្រិតក៏ដោយ ក៏ចិនផលិតបន្លែទូទាំងពិភពលោកបានច្រើនជាង ៥០ភាគរយ ដោយប្រើដ្រូន ឧបករណ៍បណ្តុះគ្រាប់ដោយស្វ័យប្រវត្តិ និងបច្ចេកវិទ្យាជីវសាស្រ្ត។ 
 
ផលិតផលដូចជាមនុស្សយន្តមានរូបរាងសត្វ ផលិតដោយសហគ្រាសចិនក៏បានយកឈ្នះដៃគូប្រកួតប្រជែងអន្តរជាតិជាច្រើនជាមួយនឹងដំណើរការឈានមុខគេ និងតម្លៃទាប។
 
ចិនក៏ជាកន្លែងផលិតកប៉ាល់ធំជាងគេលើពិភពលោក ដែលមានសមត្ថភាពផលិតកប៉ាល់ស៊ីវិល និងយោធាគ្រប់ប្រភេទ។
 
ជារួម ចំណែកគោលដៅដែលសម្រេចបានតិចតួចនៅក្នុងផែនការ Made in China 2025 គឺជាប្រភេទសម្ភារៈថ្មីដែលបច្ចុប្បន្នមានតែ ៧៥ភាគរយនៃគោលដៅប៉ុណ្ណោះដែលត្រូវបានសម្រេច។ ក្នុងចំណោមនោះគោលដៅដែលមិនអាចសម្រេចបានគួរឱ្យកត់សម្គាល់មានដូចជា ឧស្សាហូបនីយកម្មនៃសារធាតុគីមីដែលមានតម្លៃទាប វត្ថុធាតុដើមពិសេសមួយចំនួន និងសម្ភារៈអេឡិចត្រូនិច ដែលអាចបង្កើនជួរប្រតិបត្តិការរបស់រថយន្តទ្វេដងជាមួយនឹងថ្មលីចូមអ៊ីយ៉ុងជាដើម៕ 

Tag:
 ចិន
  Made in China 2025
© រក្សាសិទ្ធិដោយ thmeythmey.com