ជាតិ
ពីនេះ ពីនោះ
លំនៅ​ដ្ឋានពលរដ្ឋជិត​៥០គ្រួសារនៅ​សៀមរាប រង​ការ​ខូចខាតដោយសារខ្យល់កន្ត្រាក់
07, May 2024 , 9:59 pm        
រូបភាព
លំនៅដ្ឋានពលរដ្ឋក្នុងខេត្តសៀមរាប ដែលរងការខូចខាតដោយខ្យល់កន្ត្រាក់។ រូបភាពគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ខេត្តសៀមរាប។
លំនៅដ្ឋានពលរដ្ឋក្នុងខេត្តសៀមរាប ដែលរងការខូចខាតដោយខ្យល់កន្ត្រាក់។ រូបភាពគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ខេត្តសៀមរាប។
សៀមរាប៖ បន្ទាប់ពីភ្លៀងធ្លាក់ជាលើកដំបូងក្នុងឆ្នាំនេះ ក្នុងខេត្តសៀមរាបនៅថ្ងៃទី៥ ខែឧសភា បណ្ដាលឱ្យលំនៅដ្ឋានពលរដ្ឋចំនួន៤៨គ្រួសាររងការខូចខាត។



បើតាមការរាយការណ៍របស់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ ខេត្តសៀមរាបគ្រោះមហន្តរាយនេះ មិនបណ្ដាលឱ្យមានមនុស្សរងរបួស ឬបាត់បង់ជីវិតឡើយ។ 
 
យោងតាមរបាយការណ៍ដដែលនេះ ក្នុងចំណោមផ្ទះសម្បែងដែលរងការបំផ្លាញដោយខ្យល់កន្ត្រាក់ក្នុងនោះផ្ទះចំនួន១៩ខ្នងរបើកដំបូល និង១ខ្នងរលំទាំងស្រុង។ ចំណែកស្រុកពួកវិញផ្ទះចំនួន២៦ខ្នងរបើកដំបូលនិងរំលំទាំងស្រុង២ខ្នង។ 
  
លំនៅដ្ឋានពលរដ្ឋក្នុងខេត្តសៀមរាប ដែលរងការខូចខាតដោយខ្យល់កន្ត្រាក់។ រូបភាពគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ខេត្តសៀមរាប។ 

បើតាមការព្យាករណ៍អាកាសធាតុ របស់ក្រសួងធនធានទឹក និងឧតុនិយមកម្ពុជាកំពុងរងសម្ពាធទាបគ្របដណ្ដប់លើឈូកសមុទ្រថៃ កម្ពុជា ភាគកណ្ដាលនៃអាងទន្លេមេគង្គ និងសមុទ្រចិនខាងត្បូង។ ការណ៍នេះបណ្ដាលឱ្យគ្រប់តំបន់ទាំងអស់ក្នុងប្រទេសកម្ពុជា នឹងមានភ្លៀងធ្លាក់ ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៤។ 
 
គួររំឭកផងដែរថា ក្នុងឆ្នាំ២០២៣កន្លងទៅ គ្រោះមហន្តរាយធម្មជាតិបានសម្លាប់ពលរដ្ឋកម្ពុជា ប្រមាណ១០៣នាក់ និងបង្ករបួសស្នាម២៤៣នាក់។
 
នេះបើយោងតាមរបាយការណ៍របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (គ.ជ.គ.ម)នៅថ្ងៃទី៣ ខែមករា ២០២៤៕ 
 

Tag:
 ThmeyThmey
  គ្រោះមហន្តរាយ
  ខ្យល់កន្ត្រាក់
  សៀមរាប
© រក្សាសិទ្ធិដោយ thmeythmey.com