ជាតិ
ករណីរំលោភបូកនៅសៀមរាប៖ ជនត្រូវចោទ ៨នាក់ ត្រូវបានឃុំខ្លួនបណ្តោះអាសន្ន
08, May 2024 , 1:34 pm        
រូបភាព
គិតត្រឹមថ្ងៃទី៧ ខែឧសភា មានជនត្រូវចោទ ៨នាក់ហើយ ត្រូវបានតុលាការខេត្តសៀមរាប សម្រេចឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគារ ជុំវិញករណីរំលោភសេពសន្ថវៈជាក្រុមលើក្មេងស្រីវ័យ១៥ឆ្នាំ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់សាលាដំបូងខេត្តសៀមរាប នៅថ្ងៃទី៨ ឧសភានេះ។

 
នៅក្នុងសេចក្តីប្រកាសព័ត៌មាននេះ គឺតុលាការ បានបញ្ជាក់ពីការសម្រេចឃុំខ្លួនជនត្រូវចោទ ៣នាក់បន្ថែមទៀត ខណៈជនត្រូវចោទ៥នាក់ផ្សេងទៀត ត្រូវបានឃាត់ខ្លួន និងបញ្ជូនទៅឃុំជាបណ្តោះអាសន្ន នៅពន្ធនាគារខេត្ត ជាបន្តបន្ទាប់ក្រោយកើតហេតុ។ 
 
ទាក់ទងនឹងចំណាត់ការលើជនសង្ស័យ ដែលប្រព្រឹត្តអំពើរំលោភជាក្រុមនេះ សាលាដំបូងខេត្តសៀមរាប បានសម្រេចចោទប្រកាន់ជនសង្ស័យចំនួន១៤នាក់ បន្ទាប់ពីពិនិត្យភស្តុតាង ចម្លើយជនរងគ្រោះ និងជនសង្ស័យ។ 
 
យ៉ាងណាក៏ដោយ ក្នុងសេចក្តីប្រកាសព័ត៌មានរបស់សាលាដំបូងខេត្តសៀមរាប ដែលចេញ ផ្សាយនៅថ្ងៃទី៨ ខែឧសភានេះ ពុំមានបញ្ជាក់ពីដំណឹងរបស់ជនសង្ស័យផ្សេងទៀត ថាត្រូវ បានឃាត់ខ្លួនហើយ ឬក៏ពួកគេបន្តគេចខ្លួននោះទេ។ សាលាដំបូងខេត្តសៀមរាប បាន ត្រឹមអះអាងថា  នឹងបន្តចាត់ការសំណុំរឿងនេះឱ្យបានឆាប់ និងត្រឹមត្រូវតាមនីតិវិធីច្បាប់ ដើម្បីរកយុត្តិធម៌ជូនអ្នកពាក់ព័ន្ធ៕
 
 

© រក្សាសិទ្ធិដោយ thmeythmey.com