សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
ម៉ាឡេស៊ី​ខាតបង់ជិត ៦០ពាន់លានដុល្លារ ដោយសារអំពើពុករលួយរយៈពេល ៥ឆ្នាំ
08, May 2024 , 5:59 pm        
រូបភាព
នាយករដ្ឋមន្រ្តីម៉ាឡេស៊ី អាន់វ៉ា អ៊ីប្រាហ៊ីម ។ រូបភាព ៖ ហ្វេសប៊ុក / Anwar Ibrahim
នាយករដ្ឋមន្រ្តីម៉ាឡេស៊ី អាន់វ៉ា អ៊ីប្រាហ៊ីម ។ រូបភាព ៖ ហ្វេសប៊ុក / Anwar Ibrahim
ម៉ាឡេស៊ីបានទទួលរងការខាតបង់សេដ្ឋកិច្ចរហូតដល់ជិត ៦០ពាន់លានដុល្លារ ដោយសារអំពើពុករលួយចាប់ពីឆ្នាំ ២០១៨ ដល់ឆ្នាំ២០២៣។ នេះបើតាមសារព័ត៌មានសិង្ហបុរី CNA ។




នាថ្ងៃទី៧ ខែឧសភា នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម បានប្រកាសនូវយុទ្ធសាស្ត្រប្រឆាំងអំពើពុករលួយជាតិថ្មី ដោយពង្រីកវិធានការគាំទ្រហិរញ្ញវត្ថុសម្រាប់ប្រជាជនក្នុងការចូលរួមក្នុងការបរិហារអំពើពុករលួយ ជំនួសឲ្យការកំណត់ពីមុនសម្រាប់តែមន្ត្រីរដ្ឋាភិបាល និងមន្ត្រីរាជការ។
 
ផែនការជាតិប្រឆាំងអំពើពុករលួយរបស់ម៉ាឡេស៊ីដែលបានអនុវត្តពីឆ្នាំ២០១៩ ដល់ឆ្នាំ ២០២៣ មានយុទ្ធសាស្ត្រសំខាន់ៗចំនួន៥ ដែលគ្របដណ្តប់លើផ្នែកស្រដៀងគ្នាដូចជាអភិបាលកិច្ចនយោបាយ ឬការចំណាយសាធារណៈ ប៉ុន្តែមិនមានធាតុផ្សំពាក់ព័ន្ធជាមួយសាធារណជននោះទេ។
 
បើតាមលោក Azam Baki ប្រធានគណកម្មាធិការប្រឆាំងអំពើពុករលួយម៉ាឡេស៊ី (MACC) ប្រទេសនេះបានទទួលរងការខាតបង់សេដ្ឋកិច្ចរហូតដល់ជិត ៦០ពាន់លានដុល្លារ ដោយសារអំពើពុករលួយក្នុងរយៈពេល ៥ឆ្នាំកន្លងមកនេះ។ តួលេខនេះត្រូវបានប៉ាន់ប្រមាណដោយផ្អែកលើផលិតផលក្នុងស្រុកសរុប (GDP) របស់ម៉ាឡេស៊ីចាប់ពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២៣ ខណៈតួលេខរបស់ធនាគារពិភពលោកបង្ហាញថា GDP ប្រចាំឆ្នាំរបស់ប្រទេសនេះមានប្រហែល ៤០៧ពាន់លានដុល្លារ។
 
នៅក្នុងករណីពុករលួយដ៏ធ្ងន់ធ្ងរបំផុតនាពេលថ្មីៗនេះ ម៉ាឡេស៊ីបានខាតបង់ទឹកប្រាក់ប្រមាណ៤,៥ពាន់លានដុល្លារ ជាមួយនឹងរឿងអាស្រូវមូលនិធិវិនិយោគរដ្ឋ 1Malaysia Development Berhad (1MDB) ដែលនាំឱ្យអតីតនាយករដ្ឋមន្ត្រី លោក ណាជីប រ៉ាហ្សាក់ ត្រូវជាប់ពន្ធនាគារពីបទចោទប្រកាន់អំពើពុករលួយក្នុងឆ្នាំ ២០២២។
 
លោក Azam បាននិយាយថា យុទ្ធសាស្ត្រប្រឆាំងអំពើពុករលួយជាតិថ្មី ដែលកំណត់គោលដៅអនុវត្តពីឆ្នាំ ២០២៤ ដល់ឆ្នាំ ២០២៨ បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការអប់រំ សុចរិតភាព តម្លាភាព និងគណនេយ្យភាពក្នុងវិស័យនានាដូចជា នយោបាយ រដ្ឋបាលសាធារណៈ ការចំណាយរដ្ឋាភិបាល ការអនុវត្តច្បាប់ និងប្រព័ន្ធតុលាការ។
 
កន្លងមក ប្រព័ន្ធផ្សព្វផ្សាយម៉ាឡេស៊ីបានរាយការណ៍ថា ប្រទេសនេះបានផ្ដល់រង្វាន់ច្រើនជាង ២១ម៉ឺនដុល្លារពីឆ្នាំ ២០១២ ដល់ឆ្នាំ ២០២៣ ដើម្បីលើកទឹកចិត្តឲ្យមន្ត្រីសាធារណៈរាយការណ៍អំពីឧក្រិដ្ឋកម្មពុករលួយ ឬផ្តល់ព័ត៌មានដែលពាក់ព័ន្ធ។ 
 
ម៉ាឡេស៊ីជាប់ចំណាត់ថ្នាក់ទី៥៧ ក្នុងចំណោម ១៨០ ប្រទេសនៅក្នុងសន្ទស្សន៍ការយល់ឃើញអំពីអំពើពុករលួយរបស់អង្គការតម្លាភាពអន្តរជាតិសម្រាប់ឆ្នាំ ២០២៣។ យ៉ាងណាមិញ ប្រទេសនេះបានធ្វើប្រសើរឡើងពីចំណាត់ថ្នាក់ទី ៦១ ក្នុងឆ្នាំ ២០២២ ដែលជាការកើនឡើងលើកដំបូងចាប់តាំងពីការធ្លាក់ចុះជាប់គ្នាពីឆ្នាំ ២០១៩មក៕

Tag:
 ម៉ាឡេស៊ី
  អំពើពុករលួយ
© រក្សាសិទ្ធិដោយ thmeythmey.com