កីឡាអន្តរជាតិ
អន្តរជាតិ
Real Madrid កើនកំណត់ត្រាឡើងវគ្គផ្តាច់ព្រ័ត្រ UCL ទី១៨ ក្រោយទម្លាក់ Bayern Munich
09, May 2024 , 10:06 am        
រូបភាព
២គ្រាប់ចុងម៉ោងរបស់ Joselu បានជួយ Real Madrid ឈានទៅកាន់វគ្គផ្តាច់ព្រ័ត្រ UEFA Champions League ជាកំណត់ត្រាលើកទី១៨ ដោយទម្លាក់ Bayern Munich ទាំងត្រដាបត្រដួសនៅវគ្គពាក់ពាក់កណ្តាលផ្តាច់ព្រ័ត្រ។ Real Madrid នឹងត្រូវជួប Borussia Dortmund វគ្គផ្តាច់ព្រ័ត្រ នៅ Wembley នាត្រីថ្ងៃទី៣១ ខែឧសភា។



Alphonso Davies ស៊ុតបញ្ចូលទីយ៉ាងល្អដើម្បីជួយ Bayern Munich នាំមុខម្ចាស់ផ្ទះ Real Madrid នៅនាទី៦៨ មុនពេល Joselu សម្រេចបានពីរគ្រាប់ឱ្យក្រុមលោក Carlo Ancelotti វិញនៅនាទី៨៨ និង៩០+១ នៅជំនួបជើងទី២ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នៅ Estadio Santiago Bernabeu នៅរាត្រីថ្ងៃទី៨ ខែឧសភា។ សរុបការប្រកួតទាំងពីរជើង ក្រុមអធិរាជស ឈ្នះក្រុមយក្សអាល្លឺម៉ង់ ៤-៣។
 
Bayern Munich មិនអស់ចិត្តនឹងបរាជ័យ ២-១ ឡើយ។ ខ្សែការពារសញ្ជាតិហូឡង់ Matthijs de Ligt បានស៊ុតបញ្ចូលទីតាមស្មើ ២-២ ទៅហើយ ប៉ុន្តែអាជ្ញាកណ្តាលខ្សែបន្ទាត់លើកទង់ offside ហើយអាជ្ញាកណ្តាលក្នុងកាត់ក្តីបានផ្លុំកញ្ចែបញ្ចប់ការប្រកួត ដោយមិនផ្តល់គ្រាប់បាល់នោះឱ្យ Bayern Munich នោះទេ។ 



ក្រោយបញ្ចប់ការប្រកួត លោក Thomas Tuchel អ្នកចាត់ការ Bayern ចាត់ទុកថាការសម្រេចចិត្តរបស់មន្ត្រីអាជ្ញាកណ្តាលក្នុងការបញ្ឈប់ការប្រកួត មុនពេលកូនក្រុមខ្លួនស៊ុតបាល់បញ្ចូលទីតាមស្មើប្រៀបដូចជាការបន្លំ និងជាការក្បត់។ «កំហុសទីមួយកើយឡើងដោយអាជ្ញាកណ្តាលខ្សែបន្ទាត់ និងទីពីរដោយអាជ្ញាកណ្តាលកាត់ក្តីក្នុងទីលាន។
 
សម្រាប់ Real Madrid នេះជាការឈានដល់វគ្គផ្តាច់ព្រ័ត្រក្របខណ្ឌកំពូលអឺរ៉ុប លើកទី១៨ ច្រើនជាងគេជាកំណត់ត្រា។ ឡើងដល់វគ្គផ្តាច់ព្រ័ត្រ១៧លើកកន្លងមក ក្រុមយក្សអេស្ប៉ាញមួយនេះ បរាជ័យតែ៣លើកប៉ុណ្ណោះ ក្រៅពីនោះគ្រងជើងឯកចំនួន១៤លើក និងច្រើនជាងគេក្នុងចំណោមក្លិបនៅតំបន់អឺរ៉ុប។
  


AC Milan ជាក្រុមឈ្នះពានរង្វាន់កំពូលអឺរ៉ុបនេះច្រើនជាងគេលំដាប់ទី២ ចំនួន៧លើក ស្របពេល Bayern Munich និង Liverpool ឈ្នះ៦លើកដូចគ្នា ស្ថិតនៅនៅលេខ៣ស្ទួន។
 
វគ្គផ្តាច់ព្រ័ត្រ Champions League រដូវកាល ២០២៣-២៤ រវាង Real Madrid និង Borussia Dortmund នឹងធ្វើឡើងនៅ Wembley នាត្រីថ្ងៃទី៣១ ខែឧសភា។ ក្រុមអាល្លឺម៉ង់ Dortmund ធ្លាប់ឈ្នះជើងឯក១លើក និងរងជើងឯកមួយលើក៕

Tag:
 Champions League
© រក្សាសិទ្ធិដោយ thmeythmey.com