RFI
អន្តរជាតិ
តុលាការហុងកុង ​ហាម​ឃាត់​បទ​ចម្រៀង​ « Glory to Hong Kong » របស់​បាតុករ​ប្រជាធិបតេយ្យ
09, May 2024 , 9:59 pm        
រូបភាព
យុវជនហុងកុង ស្រែកច្រៀង​ចម្រៀម "Glory to Hong Kong" នៅក្នុង​ផ្សារទំនើបធំមួយ។ ហុងកុង ថ្ងៃទី ១១ កញ្ញា ២០១៩ AP - Vincent Yu
យុវជនហុងកុង ស្រែកច្រៀង​ចម្រៀម "Glory to Hong Kong" នៅក្នុង​ផ្សារទំនើបធំមួយ។ ហុងកុង ថ្ងៃទី ១១ កញ្ញា ២០១៩ AP - Vincent Yu
ដោយ៖ម៉ម ពិសី /RFI ខេមរភាសា
 
បទចម្រៀង​មួយបទ ឈ្មោះថា « Glory to Hong Kong » ដែល​បាតុករហុងកុងបានស្រែកបន្លឺច្រៀង កាលពីឆ្នាំ​២០១៩ ពេលនេះត្រូវបាន​តុលាការ​ហុងកុង ប្រកាសហាមឃាត់។ នេះជាលើកទី១ក្នុងប្រវត្តិសាស្ត្រហុងកុង ក្រោយ​ការប្រគល់ទៅឲ្យ​ចិន​គ្រប់គ្រងវិញនៅឆ្នាំ​១៩៩៧ ដែលបទចម្រៀងមានខ្លឹមសារ​ទាមទារលទ្ធិប្រជាធិបតេយ្យ​និងសេរីភាព ត្រូវបានគេហាមឃាត់បែបនេះ។​ ចាប់ពីពេលនេះទៅ អាជ្ញាធរហុងកុងនឹងប្រាប់ទៅក្រុមហ៊ុន​បច្ចេកវិទ្យាទាំងអស់ ត្រូវលុបចោល​បទចម្រៀងនេះ​ឲ្យ​អស់ពីបណ្តាញអ៊ីនធ័រនិត។

 
អស់ពីចាប់សកម្មជននយោបាយប្រជាធិបតេយ្យ យកទៅដាក់គុក ដើម្បីបំបិទសំឡេងប្រឆាំងតវ៉ា​ ពេលនេះ​អាជ្ញាធរ​ហុងកុង​បាន​បំបិទសំឡេងបទចម្រៀងមួយបទ ដែលមានឈ្មោះថា « Glory to Hong Kong »។ ឆ្លើយតបទៅនឹងពាក្យ​បណ្តឹង​​របស់​រដ្ឋបាល​ហុងកុង លោកចៅក្រម Jeremy Poon នៃតុលាការឧទ្ធរណ៍ហុងកុង បានសម្រេចនៅថ្ងៃពុធទី​៨ឧសភា​ ថា​ចាប់ពីពេលនេះទៅ បទចម្រៀង « Glory to Hong Kong » នឹងត្រូវហាមឃាត់​នៅលើទឹកដីហុងកុង។
 
លោកចៅក្រមបាន​លើកអំណះអំណាងថា បទចម្រៀងនេះត្រូវបាន​និពន្ធឡើងក្នុងកម្មវត្ថុប្រើប្រាស់វាជាអាវុធ។ ជាអាវុធ ញុះញង់ បំផុសបំផុល ពន្យុះក្រុមបាតុករ​ឲ្យ​ពុះកញ្ជ្រោលធ្វើបាតុកម្ម​​ហិង្សាកាលពីឆ្នាំ​២០១៩ ហើយធ្វើ​ឲ្យ​សង្គម​បែកបាក់។ ចៅក្រុមតុលាការឧទ្ធរណ៍រូបនេះបន្ថែមថា ច្បាប់ព្រហ្មទណ្ឌតែមួយមុខ មិនអាចឈានទៅ​សម្រេចកម្មវត្ថុការពារ​ផលប្រយោជន៍​និងសណ្តាប់ធ្នាប់សាធារណៈបាន​ឡើយ។ ដូច្នេះ​ហើយទើបតុលាការ ចេញសេចក្តីសម្រេចហាមឃាត់នេះដើម្បីបង្ការ និង​ការពារសន្តិសុខជាតិ​។
 
ភ្លាម​ៗក្រោយ​ចេញសាលក្រមនេះ លោក​ Lin Jian អ្នកនាំពាក្យម្នាក់​នៃ​​ក្រសួងការបរទេសចិន បាន​ប្រាប់អ្នកកាសែតថា ការហាមឃាត់​បុគ្គលណាម្នាក់ មិន​ឲ្យ​ប្រើប្រាស់ ឬចែកចាយ​បទចម្រៀងនេះ វាគឺជាវិធាន​ការ​ដ៏ត្រឹមត្រូវ និងសមស្របបំផុត​។
 
លោក Paul Lam រដ្ឋលេខាទទួលបន្ទុក​យុត្តិធម៌ហុងកុង បាន​ឲ្យដឹងថា​អាជ្ញាធរដ្ឋបាល​ហុងកុង នឹងជូន​ដំណឹង ទៅកាន់​ក្រុមហ៊ុន​គ្រប់គ្រង​បណ្តាញអ៊ីនធ័រនិតទាំងអស់ ឲ្យ​លុបចោលនូវ​បទចម្រៀងនេះ ឲ្យ​អស់ពីបណ្តាញអ៊ីនធ័រនិត ដោយ​អនុលោម​ទៅ​តាម​ការសម្រេចរបស់​តុលាការ​។
 
សូមរំលឹកថា បទចម្រៀង « Glory to Hong Kong » ត្រូវបាន​និពន្ធឡើងអំឡុងឆ្នាំ​២០១៩ដោយ​ ដើម្បីចូលរួមនៅក្នុងមហា​ក្បួនបាតុកម្ម​ប្រជាធិបតេយ្យ​នៅហុងកុង។ មានខ្លឹមសារ​ តស៊ូទាមទារ​ដើម្បីសិទ្ធិសេរីភាព និង​លទ្ធិប្រជាធិបតេយ្យ បទចម្រៀងនេះបានក្លាយ​ជា​បទចម្រៀង​ដែល​ក្រុមបាតុករ តែងតែស្រែកបន្លឺច្រៀងរួមគ្នា ដើម្បីជំរុញទឹកចិត្ត​បន្ត​ធ្វើបាតុកម្ម​ បើទោះបីជារងនូវការ​បង្ក្រាបយ៉ាងហិង្សាពីអាជ្ញាធរ។
 
គួរបញ្ជាក់ដែរថា កាលពីខែមីនា២០២៣ អាជ្ញាធរហុងកុងក៏ធ្លាប់ទាមទារ​ទៅ​កាន់​ក្រុមហ៊ុន​Google ឲ្យ​លុបបទចម្រៀងនេះចេញពីYoutube តែGoogle ធ្វើមិនដឹង​។ ក្រោយ​មក​នៅ​ខែមិថុនា​ឆ្នាំ​២០២៣ រដ្ឋបាល​ហុងកុងបានដាក់ពាក្យ​ប្តឹងទៅតុលាការជាន់ទាប ទាមទារ​ឲ្យ​ហាមឃាត់បទចម្រៀងនេះ​ តែតុលាការបាន​សម្រេចថា មិនអាចធ្វើបានទេ ព្រោះវារំលោភបំពាននឹងសិទ្ធិបញ្ចេញមតិ​។​ មិនសុខចិត្ត រដ្ឋបាល​ហុងកុង បានដាក់ពាក្យ​ប្តឹងទាល់ទៅកាន់សាលាឧទ្ធរណ៍ រហូតបានជោគជ័យនាពេលនេះ​។ នៅក្នុងសេចក្តីសម្រេច​របស់ខ្លួន តុលាការឧទ្ធរណ៍​ហុងកុង បាន​លើកឡើងថា​ ក្រុមហ៊ុន​គ្រប់គ្រង​បណ្តាញ​អ៊ីនធ័រនិត ដូចជា Google ជាដើម បាន​លើកឡើងថាគេយល់ព្រមលុប​បទចម្រៀងនេះ ប្រសិន​បើមាន​ការសម្រេចពីតុលាការ​។
 
យោងតាមលោក Anthony Lai អ្នកជំនាញសន្តិសុខព័ត៌មានវិទ្យានៅហុងកុង ចាប់ពីពេលនេះទៅ ដើម្បីអនុលោមតាមការសម្រេចរបស់តុលាការ គឺក្រុមហ៊ុនបច្ចេកវិទ្យាទាំងអស់ ត្រូវតែធ្វើយ៉ាងណា កុំឲ្យ​អ្នកប្រើប្រាស់​នៅហុងហុង អាចបើកឃើញឬស្តាប់បទចម្រៀង « Glory to Hong Kong » ហើយបទចម្រៀងនេះ មិនអាចត្រូវបានបើកស្តាប់បាន​ នៅលើអាស័យដ្ឋាន IP របស់ហុងកុង។
 
គួរកត់សំគាល់ថា គ្រប់​មធ្យោបាយទាំងអស់ ឲ្យតែអាចបិទខ្ទប់មតិទាមទារសិទ្ធិសេរីភាពនិងលទ្ធិប្រជាធិបតេយ្យ​បាន គឺអាជ្ញាធរហុងកុងមិនខ្លាចនិងអនុវត្តឡើយ ដើម្បី​ដើរឲ្យស្របទៅតាម​ច្បាប់សន្តិសុខជាតិ ដែលប៉េកាំងបានអនុម័ត​។ ក្រោយ​ការ​ចូលជាធរមាន​របស់ច្បាប់នេះ​នៅឆ្នាំ​២០២០ មានមនុស្ស​ប្រមាណ​ជាង២៩០នាក់ ត្រូវបាន​គេចាប់ខ្លួននៅ​ហុងកុង ក្នុងនោះ១៧៤នាក់​ជាប់ការចោទប្រកាន់ ១១៤នាក់ត្រូវផ្តន្ទាទោសជាស្ថាពរ​ ដែលភាគច្រើន​សុទ្ធតែ​ជា​អ្នកនយោបាយ សកម្មជនប្រជាធិបតេយ្យ និងអ្នកសារព័ត៌មានឯករាជ្យ​៕

© រក្សាសិទ្ធិដោយ thmeythmey.com