កីឡាអន្តរជាតិ
អន្តរជាតិ
Mbappe និង Usain Bolt នឹងរត់ប្រណាំងគ្នា ក្នុងយុទ្ធនាការសប្បុរសធម៌
10, May 2024 , 7:59 am        
រូបភាព
ខ្សែប្រយុទ្ធបារាំង Kylian Mbappe បានយល់ព្រមរត់ប្រណាំងចម្ងាយ ១០០ម៉ែត្រ ទល់នឹង Usain Bolt អតីតកីឡាកររត់ប្រណាំងម្ចាស់មេដាយមាសអូឡាំពិក និងកំណត់ត្រារត់លឿនជាងគេលើពិភពលោក។



អតីតកីឡាកររត់ប្រណាំងដ៏ល្បីឈ្មោះ Usain Bolt ពេលថ្មីៗនេះ បានកោតសរសើរយ៉ាងខ្លាំងចំពោះ ខ្សែប្រយុទ្ធ Mbappe ហើយថែមទាំងបង្ហាញក្តីរំពឹងថាម្ចាស់ពាន World Cup 2018 នឹងអាចរត់ប្រណាំងជាមួយគេ ដើម្បីរៃអង្គាសប្រាក់សម្រាប់សប្បុរសធម៌។


 
Mbappe បានឆ្លើយតបសម្រាប់ការប្រកួតប្រជែងមួយនេះ ហើយគេនឹងរត់ប្រណាំងជាមួយនឹងវីរបុរសរត់ប្រណាំងសញ្ជាតិ ហ្សាម៉ាអ៊ីត នៅក្នុងកម្មវិធីមួយឈ្មោះថា Victory Mode ដែលរៀបចំដោយ មូលនិធិសប្បុរសធម៌ បំផុសគំនិតដោយកីឡាករ Kylian Mbappe និងក្រុមហ៊ុនលក់សម្ភារកីឡាដ៏ល្បីលើពិភពលោក Nike។
 
«ដឹងថាខ្ញុំជំរុញចិត្តមនុស្សបែបនេះពិតជាសប្បាយចិត្ត។ ខ្ញុំគិតថាគាត់បានជំរុញចិត្តមនុស្សគ្រប់គ្នា ដូចគ្នា ហើយអ្នករាល់គ្នា នៅក្នុងបន្ទប់នេះបានក្រោកឡើងនៅពាក់កណ្តាលយប់ដើម្បីមើលការប្រណាំងរបស់គាត់។ វាទៅវិញទៅមក​ប៉ុន្តែខ្ញុំចាប់ផ្តើមសរសើរពីគាត់មុនគេ។»។ Mbappe បាននិយាយឆ្លើយតបចំពោះការលើកឡើងរបស់ Usain Bolt បែបនេះ។
 
ពីមុនមក Bolt សញ្ជាតិហ្សាម៉ាអ៊ីក ធ្លាប់បាននិយាយថា ខ្សែប្រយុទ្ធ Mbappe គ្មានឱកាស ឬពេលវេលាអាចរត់ប្រណាំងជាមួយខ្លួន។ ត្រង់ចំណុចនេះ ខ្សែប្រយុទ្ធ PSG បានបន្ថែមដូច្នេះថា៖«ខ្ញុំពិតជាគ្មានឱកាសពិតមែន ខ្ញុំគិតដូច្នេះ ដូចគ្នា។»។ 
 
Usain Bolt ម្ចាស់មេដាយមាសអូឡាំពិក ៨សម័យ ជាម្ចាស់កំណត់ត្រាពិភពលោក ដោយជាបុរសរត់លឿនជាងគេលើពិភពលោក ចម្ងាយ ១០០ម៉ែត្រ ដោយប្រើថេរវេលា ៩.៥៨វិនាទី។ Bolt ចូលនិវត្តន៍ក្នុងឆ្នាំ ២០១៧។ ដោយឡែក Mbappe ក៏ជាកីឡាករបាល់ទាត់មួយរូបដែលមានល្បឿនលឿនមួយរូប ដោយគេអាចរត់ចម្ងាយ ១០០ម៉ែត្រ ប្រើថេរវេលា ១០.៩ វិនាទី។ យ៉ាងណាកាលវិភាគនៃការរត់ប្រណាំងដើម្បីសប្បុរសធម៌ និងទីកន្លែងរត់ មិនទាន់ត្រូវបានបញ្ជាក់នៅឡើយ៕

© រក្សាសិទ្ធិដោយ thmeythmey.com