សង្គមអន្តរជាតិ​
អន្តរជាតិ
ជប៉ុន គ្រោងផ្តល់ផែនទីបញ្ជាក់ហានិភ័យទឹកជំនន់ដល់កម្ពុជា និងប្រទេស៣ទៀត
10, May 2024 , 12:03 pm        
រូបភាព
រូបភាព ៖ AFP
រូបភាព ៖ AFP
ជប៉ុននឹងផ្តល់ផែនទីហានិភ័យទឹកជំនន់ដល់កម្ពុជា វៀតណាម ឥណ្ឌូណេស៊ី និងថៃ នៅឆ្នាំក្រោយ។ ផែនទីនេះ ប្រើប្រាស់ទិន្នន័យផ្កាយរណប ដើម្បីព្យាករទឹកជំនន់ ដែលបណ្តាលមកពីភ្លៀងធ្លាក់ខ្លាំង។

 
កម្ពុជា ​វៀតណាម ឥណ្ឌូណេស៊ី និងថៃ ជាប្រទេស​អាស៊ីអាគ្នេយ៍ ដែល​រងគ្រោះ​ដោយ​ទឹកជំនន់​ញឹកញាប់​។ ជប៉ុនយល់ថា ការប្រគល់ជូននេះ មានប្រយោជន៍ខ្លាំង សម្រាប់ប្រទេសទាំងបួននេះ ក្នុងការប្រើប្រាស់ប្រព័ន្ធផែនទីស្រដៀងគ្នាទៅនឹងជប៉ុន ដើម្បីស្វែងយល់ថា តើតំបន់ណាខ្លះដែលប្រឈមនឹងគ្រោះទឹកជំនន់។ នេះបើតាមការចុះផ្សាយរបស់The Japan News នៅថ្ងៃទី៩ ខែឧសភា។
 
កន្លងមក ក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍ជប៉ុន បានបោះពុម្ពផែនទីហានិភ័យទឹកជំនន់នៅក្នុងតំបន់ផ្សេងៗគ្នាក្នុងប្រទេស ដោយបង្ហាញពីភាពកើតឡើងញឹកញាប់ទឹកជំនន់ និងកម្ពស់ទឹកដែលបង្កពីភ្លៀង។ ដោយផ្អែកលើទិន្នន័យអង្កេត ដែលប្រមូលនៅទីតាំងផ្ទាល់សំខាន់ៗ រួមទាំងរង្វាស់ទឹកភ្លៀង ផែនទីបង្ហាញបានហានិភ័យនៃទឹកជំនន់ពីភ្លៀងធ្លាក់ខ្លាំង ដែលទំនងជានឹងកើតឡើងរៀងរាល់ ១០, ៣០, ៥០, ១០០, ១៥០ ឬ ២០០ឆ្នាំ។ 
 
ព័ត៌មានទាំងនេះ ត្រូវបានប្រើក្នុងការគាំទ្រដល់ការជម្លៀសប្រជាជនទាន់ពេល និងការធ្វើផែនការទប់ទល់គ្រោះទឹកជំនន់ជាដើម។ 
 
ដោយសារតែប្រទេសអាស៊ីអាគ្នេយ៍ខ្វះទិន្នន័យពីការស្រាវជ្រាវដល់ទីតាំងគ្រប់គ្រាន់ ដូច្នេះជប៉ុននឹងផ្តល់ផែនទីព្រមានទឹកជំនន់ដោយផ្អែកលើទិន្នន័យអង្កេតដែលប្រមូលបានដោយប្រើប្រព័ន្ធ Global Satellite Precipitation Mapping (GSMaP) គ្រប់គ្រងដោយទីភ្នាក់ងារអវកាសជប៉ុន (JAXA) និងទីភ្នាក់ងារផ្សេងទៀត។
 
ភាគីជប៉ុនបានចាប់ផ្តើមពិភាក្សាជាមួយប្រទេសទាំង៤ នេះតាំងពីឆ្នាំ២០២៣ ដើម្បីកំណត់ទីតាំងសំខាន់ៗនៅលើគំនូសផែនទី។ ជប៉ុនគ្រោងនឹងផ្តល់ផែនទីនេះនៅចុងឆ្នាំ២០២៥។
 
ផែនទីនេះ ក៏នឹងជួយដល់ក្រុមហ៊ុនជប៉ុនជាច្រើន ដែលកំពុងប្រតិបត្តិការនៅក្នុងប្រទេសទាំងបួនខាងលើ អាចរៀបចំផែនការអាជីវកម្ម ក្នុងករណីមានគ្រោះមហន្តរាយ និងជ្រើសរើសទីតាំងសម្រាប់សាងសង់ការិយាល័យ ឬរោងចក្របានយ៉ាងមានសុវត្ថិភាព។ បន្ថែមពីនេះ ជប៉ុនក៏កំពុងពិចារណាផ្តល់ផែនទីព្រមានដល់ប្រទេសផ្សេងទៀតដែរ៕ 

Tag:
 ជប៉ុន
  កម្ពុជា
  ទឹកជំនន់
© រក្សាសិទ្ធិដោយ thmeythmey.com