ជាតិ
បទវិភាគ
ផលប៉ះពាល់នៃការលើកតម្កើងបុគ្គលក្នុងការដឹកនាំនិងការគ្រប់គ្រង
×
ភ្នំពេញ៖ ការដឹកនាំនិងការគ្រប់គ្រងគឺធាតុចាំបាច់នៅក្នុងសង្គម មិនអាចខ្វះបានឡើយ ទោះបីក្នុងកាលៈទេសៈណាក៏ដោយ។ ការដឹកនាំ និងការគ្រប់គ្រង ប្រែប្រួលទៅតាមទម្រង់របស់រដ្ឋាភិបាល ដូចជា រាជានិយម អភិជនាធិបតេយ្យ លទ្ធិផ្ដាច់ការ និងប្រជាធិបតេយ្យ ជាដើម។ ថ្មីៗនេះ ទម្រង់រដ្ឋាភិបាលត្រូវបានគេកែសម្រួលពីទម្រង់ដើម ដូចជា រាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ និងរបបកុម្មុយនីស្តបែបទីផ្សារសររីជាដើម។ ជារួមមិនថា ទម្រង់រដ្ឋាភិបាលបែបណាទេ ឱ្យតែការដឹកនាំនិងការគ្រប់គ្រង ផ្អែកលើច្បាប់ គោលការណ៍សិទ្ធិមនុស្ស គោលការណ៍សីលធម៌ និងផលប្រយោជនរួម សង្គមនឹងរីកចម្រើន និងមានសុខដុម។ ផ្ទុយទៅវិញ ប្រសិនបើការដឹកនាំនិងការគ្រប់គ្រងផ្អែកលើបុគ្គល ធ្វើអ្វីៗតាមការនឹកឃើញ តាមអារម្មណ៍ និងតាមចៃដន្យ សង្គមនោះនឹងធ្លាក់ទៅក្នុងផ្លូវខុស ភាពផ្ដាច់ការ គ្មានរបៀបរៀបរយ គ្មានគោលការណ៍ច្បាស់លាស់ គ្មានមូលដ្ឋានច្បាស់លាស់ និងគ្មាននិរន្តរភាព។
ការដឹកនាំ ជាទូទៅ ពាក់ព័ន្ធទៅនឹង ទីមួយ ការបង្កើតទិសដៅ ដែលរួមមានទាំងការបង្កើតចក្ខុវិស័យស្ដីអំពីអនាគត និងយុទ្ធសាស្ត្រសម្រាប់ធ្វើឱ្យមានការផ្លាស់ប្ដូរចាំបាច់ដើម្បីសម្រេចបានូវចក្ខុវិស័យនោះ។ ទីពីរ ការចាត់ចែងមនុស្ស ដែលរួមមាន ការចែករម្លែកព័ត៌មានស្ដីពីទស្សនវិស័យតាមរយៈពាក្យសម្ដី និងឯកសារផ្លូវការដល់អ្នកទាំងឡាយដែលត្រូវប្រតិបត្តិដើម្បីសម្រេចចក្ខុវិស័យនោះ។ ទីបី ការលើកទឹកចិត្តនិងការជំរុញ ដែលជួយឱ្យមនុស្សពង្រឹងខ្លួនឯងដើម្បីដោះស្រាយរបាំង ឬឧបសគ្គខាងនយោបាយ ការិយាល័យធិបតេយ្យ និងធនធាន ដើម្បីឱ្យមានការផ្លាស់ប្ដូរ។ ឯការគ្រប់គ្រងវិញ ទាក់ទងជាសំខាន់ជាមួយការបង្កើត ឬការផលិតយ៉ាងខ្ជាប់ខ្ជួននូវលទ្ធផលសំខាន់ៗ ដែលរំពឹងទុកដោយអ្នកពាក់ព័ន្ធនានា។
ក្នុងកម្រិតគ្រួសារ គម្រោង សហគមន៍ និងស្ថាប័នតូចៗ អ្នកដឹកនាំនិងអ្នកគ្រប់គ្រងភាគច្រើនគឺជាក្រុមមនុស្សតែមួយ។ ប៉ុន្តែ ក្នុងគម្រោងធំៗ សាជីវកម្ម និងស្ថាប័នធំៗរបស់ជាតិ អ្នកដឹកនាំនិងអ្នកគ្រប់គ្រង គឺជាក្រុមមនុស្សខុសគ្នា ដែលបំពេញការងារដាច់ដោយឡែកពីគ្នា។ ឧទាហរណ៍៖ ក្នុងគ្រួសារ ឪពុកម្ដាយ គឺជាអ្នកដឹកនាំផង និងអ្នកគ្រប់គ្រងផងដែរ ដែលមានតួនាទីដឹកនាំនិងគ្រប់គ្រងគ្រួសារទាំងមូល ទៅតាមទម្លាប់ និងសីលធម៌របស់គ្រួសារ។ ក្នុងកម្រិតសហគមន៍ និងស្ថាប័នតូចៗ ប្រធាន អនុប្រធាន និងអគ្គលេខាធិការ គឺជាអ្នកដឹកនាំ ឯអ្នកបន្តបន្ទាប់ពីនេះ គឺជាអ្នកគ្រប់គ្រង។ ក្នុងករណីជាច្រើន ប្រធាន អនុប្រធាន អគ្គលេខាធិការ ក៏ជាអ្នកគ្រប់គ្រងផងដែរ។ ក្នុងក្របខណ្ឌបក្សនយោបាយ ប្រធាន អនុប្រធាន អគ្គលេខាធិការ និងសមាជិកគណៈកម្មការកណ្ដាលគឺជាអ្នកដឹកនាំ ឯអ្នកដែលមានឋានៈបន្ទាប់ពីនេះ គឺជាអ្នកគ្រប់គ្រង។ ក្នុងកម្រិតជាតិ ព្រះមហាក្សត្រ ប្រធាន អនុប្រធាន អគ្គលេខាធិការ និងសមាជិករដ្ឋសភា និងនាយករដ្ឋមន្ត្រី ឧបនាយករដ្ឋមន្ត្រី និងសមាជិករដ្ឋាភិបាលដទៃទៀតគឺជាអ្នកដឹកនាំ ឯមន្ត្រីដែលមានឋានៈបន្តបន្ទាប់ពីនេះ គឺជាអ្នកគ្រប់គ្រង។
ជាទូទៅ បើយោងតាមទ្រឹស្ដីទស្សនវិជ្ជានយោបាយ វិទ្យាសាស្ត្រនយោបាយ ច្បាប់ និងគោលការណ៍សីលធម៌ ការដឹកនាំនិងការគ្រប់គ្រងដែលសង្គមចង់បាននោះ គឺជាការដឹកនាំនិងការគ្រប់គ្រងមួយដែលត្រូវតែប្រព្រឹត្តទៅតាមទស្សនាទានស្ដីពីភាពជាអ្នកដឹកនាំល្អ អភិបាលកិច្ចល្អ គោលការណ៍ច្បាប់ គោលការណ៍សិទ្ធិមនុស្ស និងគោលការណ៍សីលធម៌ ដែលផ្អែកលើផលប្រយោជនរួមជាធំ។
ប៉ុន្តែ ជាអកុសល នៅបណ្ដាប្រទេសមួយចំនួន ដែលដឹកនាំដោយផ្ដាច់ការ រួមទាំងកម្ពុជាផងដែរ ត្រូវបានគេមើលឃើញថា អំណាចបុគ្គល មានឥទ្ធិពលគ្រប់ដណ្ដប់លើទិដ្ឋភាពច្បាប់ គោលការណ៍សិទ្ធិមនុស្ស និងគោលការណ៍សីលធម៌ ដែលទីបំផុត បុគ្គលដែលជាអ្នកដឹកនាំនិងអ្នកគ្រប់គ្រងត្រូវបានគេមើលឃើញថា មានអំណាចឥតព្រំដែន ចង់ធ្វើអ្វីក៏បាន។
ក្នុងស្ថានភាពបែបនេះ មន្ត្រីក្រោមបង្គាប់ និងសង្គមទាំងមូល ខ្លបខ្លាចអំណាចអ្នកធំ ជាជាងអំណាចច្បាប់ហើយដើម្បីរក្សាភាពសុខសាន្ត និងទទួលផលលាភផ្សេងៗ ពួកគេតែងតែលើកតម្កើង ឬសរសើរលើកជើងអ្នកធំ ដូចជា មុននឹងនិយាយអ្វីមួយ ត្រូវផ្ដើមសេចក្ដីថា យោងតាមប្រសាសន៍របស់សម្ដេច...ឯកឧត្តម...លោកជំទាវ...ប្រកបដោយគតិបណ្ឌិត និងភាពឈ្លាសវៃ...លើសពីនេះទៀត មុននឹងធ្វើ ឬចាត់វិធានការណាមួយ គេតែងតែនិយាយថា នេះបទបញ្ជា ឬអនុសាសន៍ដ៏ឧត្តុង្គឧត្តម របស់សម្ដេច...ឯកឧត្តម...លោកជំទាវ...ជាជាងនិយាយថានេះ គឺជាគោលការណ៍ ឬច្បាប់។
ឆ្លងតាមរយៈទម្លាប់ ឬវប្បធម៌នៃការលើកតម្កើងបុគ្គល ឬការប្រកាន់យកទស្សនៈបុគ្គលនិយមក្នុងការដឹកនាំនិងការគ្រប់គ្រងនេះ ទីបំផុតរដ្ឋមួយត្រូវដឹកនាំដោយមនុស្សតែម្នាក់ប៉ុណ្ណោះ ដែលធ្វើឱ្យសង្គមទាំងមូលធ្លាក់ចូលទៅក្នុងរបបរាជានិយម ឬរបបផ្ដាច់ការ ដែលមានអ្នកដឹកនាំតែម្នាក់ មានសិទ្ធិបង្កើតច្បាប់តែមិននៅក្រោមច្បាប់ ហើយអ្នកដឹកនាំខ្ពស់បំផុតនោះ មានឥទ្ធិពលលើស្ថាប័ននីតិបញ្ញត្តិ ស្ថាប័ននីតិប្រតិបត្តិ និងតុលាការ សូម្បីតែ អារម្មណ៍ ឬទស្សនៈផ្ទាល់ខ្លួនរបស់គាត់ក៏មានឥទ្ធិពលលើការគ្រប់គ្រងរដ្ឋដែរ។
ក្នុងករណីតិចតួចបំផុត ដែលការដឹកនាំនិងការគ្រប់គ្រងដោយបុគ្គលទទួលបានផលល្អ ដូចជា ករណីដែលបុគ្គលនោះមានសមត្ថភាព មានមនសិការ និងសីលធម៌ក្នុងការដឹកនាំ មិនប្រព្រឹត្តអំពើពុករលួយ និងធ្វើអ្វីៗដោយគិតផលប្រយោជន៍រួមជាធំ។ ទោះបីជាយ៉ាងនេះក៏ដោយ ក៏យើងមិនគួរប្រថុយប្រថានទទួលយកការដឹកនាំបែបបុគ្គលនិយមដែរ។ ប្រសិនបើមានអ្នកដឹកនាំល្អ ហើយមានគ្នាច្រើន និងមានការរៀបចំជារចនាសម្ពន្ធត្រឹមត្រូវ ធ្វើអ្វីៗផ្អែកលើច្បាប់ និងគិតផលប្រយោជន៍រួមជាធំទៀតនោះ ការដឹកនាំនិងការគ្រប់គ្រង រឹតតែមានភាពប្រសើរ ច្បាស់លាស់ រឹងមាំ និងត្រឹមត្រូវ។
ផ្ទុយទៅវិញ ក្នុងករណីភាគច្រើនលើសលប់ ការដឹកនាំនិងការគ្រប់គ្រងដោយបុគ្គល ងាយនឹងធ្លាក់ទៅក្នុងផ្លូវខុស ភាពផ្ដាច់ការ គ្មានរបៀបរៀបរយ គ្មានគោលការណ៍ច្បាស់លាស់ គ្មានមូលដ្ឋានច្បាស់លាស់ ពោលគឺគេធ្វើអ្វីៗតាមការនឹកឃើញ តាមអារម្មណ៍ និងតាមចៃដន្យ ដែលគ្មាននិរន្តរភាព។ លើសពីនេះទៀត ដោយសារតែអ្នកក្រោមបង្គាប់មិនហ៊ានធ្វើសំណើ មិនហ៊ានសម្រេច រង់ចាំតែទទួលបញ្ជាពីបុគ្គលថ្នាក់លើ ឯបុគ្គលថ្នាក់លើវិញ សមត្ថភាព បទពិសោធន៍ ពេលវេលា និងលទ្ធភាពរបស់ខ្លួន មានកំណត់ ដូច្នេះហើយ នាំឱ្យមានការរាំងស្ទះ និងចន្លោះប្រហោងចពោះការដឹកនាំ ការគ្រប់គ្រង និងការអភិវឌ្ឍលើសគ្រប់វិស័យ។ ដូច្នេះ ការដឹកនាំនិងការគ្រប់គ្រងដោយបុគ្គលបែបនេះ មិនគួរលើកទឹកចិត្តឡើយ៕
© រក្សាសិទ្ធិដោយ thmeythmey.com