ជាតិ
​​​ន​យោ​បាយ​ជាតិ​
CPP គិតគូរ​រឿង​ជនអន្តោប្រវេសន៍​វៀតណាម, CNRP ព្រួយបារម្ភ​រឿង​វៀតណាម​ឈ្លានពាន​ព្រំដែន
04, Jul 2015 , 4:59 pm        
រូបភាព

ភ្នំពេញ៖ ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយនេះ គេ​សង្កេតឃើញថា រាជរដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា បានធ្វើការ​បោសសម្អាត​ជនអន្តោប្រវេសន៍​ខុសច្បាប់​ចេញពី​ប្រទេស​កម្ពុជា​ជា​បន្តបន្ទាប់ ក្នុងនោះ មាន​ជនអន្តោប្រវេសន៍​ចិន​ខុសច្បាប់ និង​ជនអន្តោប្រវេសន៍​វៀតណាម​ខុសច្បាប់។ ក្នុងខណៈ​ពេលដែល​គណ​បក្ស​កាន់អំណាច​យកចិត្តទុកដាក់ ជាពិសេស ចំពោះ​ជនអន្តោប្រវេសន៍​វៀតណាម​ខុសច្បាប់​នោះ គណបក្ស​សង្គ្រោះ​ជាតិ​រំលេច​បញ្ហា​ព្រំដែន​ដែល​ឈ្លានពាន​ដោយ​ប្រទេស​វៀតណាម។



លោក កែម ឡី អ្នកវិភាគ​សង្គម​នយោបាយ​ឯករាជ្យ​នៅក្នុង​ប្រទេស​កម្ពុជា​មិនទាន់​ហ៊ាន​អត្ថាធិប្បាយចំៗថា យុទ្ធសាស្ត្រ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​រឿង​ដេញ​អន្តោប្រវេសន៍​ខុសច្បាប់​ចេញពី​ប្រទេស​កម្ពុជា ជា​បំណង​ឆន្ទៈ​ពិតប្រាកដ ដែល​ចង់​រៀបចំ​ប្រទេស​អោយមាន​ច្បាប់​ឡើងវិញ ឬ​ជា​យុទ្ធសាស្ដ្រ​ដើម្បី​កេង​ផលចំណេញ​ផ្នែក​នយោបាយ។
លោក កែម ឡី បាន​បន្តទៀតថា រឿង​ជន​អន្តោ​ប្រវេ​ស៍​វៀតណាម​ខុសច្បាប់​នៅ​កម្ពុជា ជា​រឿង​រសើប ដូច្នេះ ប្រសិនបើ​គណបក្ស​ប្រជាជន​កម្ពុជា មិន​ដោះស្រាយ​ទេ វា​អាចមាន​ការលំបាក​សម្រាប់​ទាក់ទាញ​ប្រជាប្រិយភាព​នាពេល​អនាគត។

«មេដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា​មួយចំនួន​ចង់​ដោះស្រាយ​រឿង​ជនអន្តោប្រវេសន៍​វៀតណាម​ខុសច្បាប់​មែនទែន។ តែ​ប្រជាជន​ខ្មែរ​អស់ជំនឿ​លើ​សកម្មភាព​គណបក្ស​ប្រជាជន​កម្ពុជា»។ នេះ​គឺជា​ការ​ទោះ​ទាយ​របស់លោក កែម ឡី។

ទោះបីជា​លោក ឡី អត្ថាធិប្បាយ​យ៉ាង​ដូច្នេះ​មែន តែ​លោក​នៅតែមាន​ក្តីបារម្ភ​ថា ទង្វើ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ដោះស្រាយ​រឿង​ជនអន្តោប្រវេសន៍​វៀតណាម​ខុសច្បាប់​នេះ​គឺជា​ល្បែង​នយោបាយ​ច្រើនជាង​ឆន្ទៈ​ពិតប្រាកដ។

ងាក​មក​សកម្មភាព​គ​ណ​បក្ស​សង្គ្រោះ​ជាតិ​ដែល​រុញច្រាន​រឿង​ព្រំដែន​វិញ លោក កែម ឡី សន្និដ្ឋានថា វា​ជា​រឿង​ល្បែង​នយោបាយ​ច្រើនជាង​រឿង​ឆន្ទៈ​ពិតប្រាកដ ពីព្រោះ នេះ​គឺជា​រឿង​ចាស់​យូរណាស់​មកហើយ។ «បើតាម​ខ្ញុំ​យល់ គណបក្ស​សង្គ្រោះ​ជាតិ​អស់​សារ​នយោបាយ។ និយាយ​រឿង​គ្រួសារនិយម ខ្លួនឯង​គ្រួសារនិយម​ដូច​គេ​ដែរ។ និយាយ​រឿង​ពុករលួយ ខ្លួនឯង​ពុករលួយ​ដូច​គេ​ដែរ។ គណបក្ស​សង្គ្រោះ​ជាតិ​ទាល់ច្រក ដូច្នេះ គណបក្ស​ត្រូវយក​រឿង​ព្រំដែន​មកលេង​ដើម្បី​ប្រជាប្រិយភាព​គណបក្ស»។ នេះ​ជាការ​អះអាង​របស់លោក កែម ឡី។

ចំពោះ​លោក អ៊ូ វីរៈ អ្នកវិភាគ​នយោបាយ​ឯករាជ្យ​កម្ពុជា​ម្នាក់ទៀត​វិញ លោក​អត្ថាធិប្បាយ​ថា គណបក្ស​សង្គ្រោះ​ជាតិ​ធ្វើ​សកម្មភាព​រំលេច​រឿង​ព្រំដែន​នេះ មិនមែនជា​រឿង​ថ្មី​ទេ ពីព្រោះ​គណបក្សប្រឆាំង​តែងតែ​ចោទ​គណបក្ស​ប្រជាជន​ថា​ជា«អាយ៉ង​វៀតណាម»។ រឿង​ដែល​ថ្មី គឺ​គណបក្ស​ប្រជាជន​កម្ពុជា​ចាប់ផ្តើម​ចាប់អារម្មណ៍​ខ្លាំង​រឿង​ជនអន្តោប្រវេសន៍​វៀតណាម​ខុសច្បាប់ និង​រឿង​ព្រំដែន។ លោក អ៊ូ វីរៈ បញ្ជាក់ថា៖«គណបក្ស​ប្រជាជន​កម្ពុជា​ចង់​កាត់បន្ថយ​ឥទ្ធិពល​គណបក្សប្រឆាំង​ដែល​យក​ល្បែង​ព្រំដែន​មកលេង។ CPP ធ្វើ​យ៉ាងនេះ អាច​ជោគជ័យ​មួយចំនួន​ដែរ តាមរយៈ ការបង្ហាញ​ឆន្ទៈ​ដោះស្រាយ​រឿង​ជនអន្តោប្រវេសន៍​វៀតណាម​ខុសច្បាប់ និង​ប្រតិកម្ម​ប្រឆាំងនឹង​ការ​ឈ្លា​ន​របស់​វៀតណាម»៕


© រក្សាសិទ្ធិដោយ thmeythmey.com