ជាតិ
នយោបាយជាតិ
លោក សម រង្ស៊ី ថា CNRP មិនដែលចោទរដ្ឋាភិបាលថា ប្រើផែនទីក្លែងក្លាយ
×
ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី នៅថ្ងៃនេះ បានបដិសេធថា គណបក្សសង្គ្រោះជាតិរបស់លោកមិនដែលចោទប្រកាន់រដ្ឋាភិបាលកម្ពុជាថា ប្រើប្រាស់ផែនទីក្លែងក្លាយនោះទេ។ ការច្រានចោលរបស់លោក សម រង្ស៊ី បានធ្វើឡើង ក្រោយពីរដ្ឋាភិបាលកម្ពុជា បានសរសេរលិខិតទៅលោក បាន គីមូន អគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីសុំផែនទីកម្ពុជាដែលតម្កល់នៅអង្គការនេះ មកផ្ទៀងផ្ទាត់ជាមួយផែនទីរដ្ឋាភិបាលបច្ចុប្បន្ន។
មិនពិតនោះឡើយ ចំពោះអ្នកណាដែលនិយាយថា គណបក្សសង្គ្រោះជាតិ បានចោទរដ្ឋាភិបាលលោក ហ៊ុន សែន ថា បានប្រើប្រាស់ផែនទីក្លែងក្លាយ។ នេះបើតាមការបញ្ជាក់របស់លោក សម រង្ស៊ី នៅក្នុងសន្និសីទសារព័ត៌មានស្តីពីរបបសេរីនិយម និងវប្បធម៌សន្ទនាគ្នា នៅថ្ងៃសៅរ៍ទី ១១ ខែកក្កដា នេះ។ ពីស្នាក់ការកណ្តាលបក្សនៅភ្នំពេញ លោក សម រង្ស៊ី បានកែសម្តីអ្នកកាសែតដែលបានសួរលោក ដោយប្រើពាក្យថា គណបក្សសង្គ្រោះជាតិចោទរដ្ឋាភិបាលថា ប្រើផែនទីក្លែងក្លាយ។ លោក សម រង្ស៊ី បញ្ជាក់យ៉ាងដូច្នេះថា ៖«ខ្ញុំអត់មានចោទបែបនេះទេ។អ្នកខ្លះចោទ ជាសម្តីបុគ្គលទេ។យើងកុំយកសម្តីបុគ្គលបញ្ជាក់ថា ជំហរគណបក្សសង្គ្រោះជាតិ។ បុគ្គលណាចង់និយាយអី និយាយទៅ ខ្ញុំមិនបិទមាត់គេទេ។ តែក្នុងនាមជាប្រធានគណបក្សសង្គ្រោះជាតិ ខ្ញុំមុននិយាយអ្វី ខ្ញុំមានមូលដ្ឋានផ្ទៀងផ្ទាត់ច្បាស់លាស់» ។
ស្តាប់សំឡេងលោក សម រង្ស៊ី
កន្លងមកលោក អ៊ូ វីរៈ អ្នកវិភាគនយោបាយ បានអះអាងថា គណបក្សសង្គ្រោះជាតិនឹងអាម៉ាស់ ប្រសិនបើរដ្ឋាភិបាលយកផែនទីពីអង្គការសហប្រជាជាតិមកផ្ទៀងផ្ទាត់ជាមួយផែនទីរដ្ឋាភិបាលបច្ចុប្បន្ន ហើយវាដូចគ្នានោះ។ ពីព្រោះថា គណបក្សសង្គ្រោះជាតិ តែងតែចោទរដ្ឋាភិបាលថា ប្រើប្រាស់ផែនទីក្លែងក្លាយ ដើម្បីចំណេញនយោបាយរបស់ខ្លួន៕
© រក្សាសិទ្ធិដោយ thmeythmey.com