ជាតិ
តើបោះបាយបិណ្ឌឲ្យប្រេត ពិតជាបានដល់ប្រេតមែនឬ?
× ប្រជាពលរដ្ឋតែងតែនាំគ្នាទៅបោះបាយបិណ្ឌនៅតាមវត្តអារាម ដែលស្ថិតក្នុងស្រុកភូមិរបស់ខ្លួន នាពេលព្រលឹម ម៉ោង៤ ឬ៥ ទៀបភ្លឺ ជារៀងរាលថ្ងៃ ក្នុងរដូវបុណ្យភ្ជុំបិណ្ឌ។ ប្រជាពុទ្ធបរិស័ទតែងជឿថា ការបោះបាយបិណ្ឌ គឺដើម្បីបញ្ជូនអាហារទាំងនេះ ទៅឲ្យពពួកញាតិរបស់ខ្លួន ដែលបានបាត់ជីវិតយូរក្តី ឬពេលថ្មីៗក្តី ជាពិសេស ដោយសេចក្តីភ័យខ្លាចថា សាច់ញាតិរបស់ខ្លួនអាចភ្លាត់សតិទៅកើតជាសត្វប្រេត ដោយអំពើបាបណាមួយ។ តើការបោះបាយបិណ្ឌនេះ ពពួកសត្វប្រេតដែលជាសាច់ញាតិ ពិតជាអាចទទួលបានមែនឬ? ឬក៏គ្រាន់តែជាអបិយជំនឿ?
មុននឹងយើងអាចឈានទៅដល់ការពិភាក្សាថា ការបោះបាយបិណ្ឌឲ្យប្រេត ហើយប្រេតអាចទទួលបានឬមិនបាននោះ គឺយើងត្រូវសិក្សាឈ្វេងយល់ថា តើពិតជាមានប្រេត ឬមិនមាន ជាមុនសិន។ បើអ្នកមិនជឿថាមានប្រេតទេ ដូច្នេះការបោះបាយបិណ្ឌឲ្យប្រេត ថាបានឬមិនបាន មិនចាំបាច់រៀបរាប់ឡើយ ព្រោះហេតុផលថា បើអ្នកមិនជឿថាមានប្រេតផង អីចឹងមានហេតុផលអ្វី ដែលត្រូវចង់ដឹងថា ការបោះបាយបិណ្ឌឲ្យប្រេត ថាបានឬមិនបាននោះ។ តែបើអ្នកជឿថាមានប្រេតនោះ អីចឹងទើបជាការគួរ ក្នុងការចង់ដឹងថាការបោះបាយបិណ្ឌឲ្យប្រេត ពិតជាបានឬមិនបាន។
បើតាមទ្រឹស្តីព្រះពុទ្ធសាសនា សត្វប្រេត ជាសត្វមួយប្រភេទ ដែលមានស្ថានឬភព ជាទីអាស្រ័យ និងជាទីចាប់កំណើត ដូចសត្វដទៃទៀតដែរ។ ស្ថានប្រេត ជាស្ថានមួយ ដែលស្ថិតក្នុងស្ថានអបាយភូមិ រួមមានស្ថាននរក, ស្ថានប្រេត, ស្ថានអសុរកាយ និងស្ថានតិរច្ឆាន។ ដូច្នេះ សត្វប្រេត ពិតជាមានក្នុងធម្មជាតិមែន បើតាមព្រះធម៌នៃព្រះសម្មាសម្ពុទ្ធ ដូចការរៀបរាប់មកនេះ។ ក្នុងស្ថានប្រេតនេះ មានសត្វប្រេត មានចំនួន១២ពួកគឺ វន្តាសប្រេត១, កុណបាសប្រេត១, គូថខាទកប្រេត១, អគ្គិជាលមុខប្រេទ១, សូចិមុខប្រេត១, តណ្ហដ្តិប្រេត១, សុនិជ្ឈាមកប្រេត១, សត្ថង្គប្រេត១, បព្វតង្គប្រេត១, អជគរង្គប្រេត១, វិមានកប្រេត១, និងមហិទ្ធិកប្រេត។ ប្រេទទាំង១២ពួកនេះ មានរូបខុសៗគ្នា និងទទួលរងទុក្ខផ្សេងៗគ្នា ទៅតាមអំពើបាបដែលខ្លួនបានប្រព្រឹត្ត។ បញ្ហាប្រេត១២ មិនអាចរៀបរាប់ម្តងមួយៗនៅពេលនេះបានទេ ដូច្នេះសូមរៀបរាប់ដោយសង្ខេបប៉ុនណឹងចុះ។
ឥឡូវយើងបានដឹងហើយថា ប្រេតពិតជាមានមែន បើតាមព្រះធម៌នៃព្រះសម្មាសម្ពុទ្ធ។ ពេលនេះ ឈានដល់បញ្ហាកម្មថា តើការបោះបាយបិណ្ឌឲ្យប្រេត ប្រេតពិតជាអាចទទួលបានមែនឬ? ដើម្បីដឹងចម្លើយថា បានឬមិនបាននោះ អ្នកត្រូវយល់ពីពាក្យថាទានជាមុខសិន។ ពេលអ្នកយល់ពីការឲ្យទាន នោះអ្នកច្បាស់ជាយល់ថា ការបោះបាយបិណ្ឌ ពិតជាបានឬមិនបានដល់ប្រេត ដោយស្វ័យប្រវត្តិ។
ទាន មានន័យថា ការឲ្យនូវរបស់ដែលគួរឲ្យ ដល់បុគ្គលដែលគួរឲ្យ ។ ចុះដូចម្តេចដែលហៅថា វត្ថុដែលគួរឲ្យ? ហើយដូចម្តេចដែលហៅថា បុគ្គលដែលគួរឲ្យ? វត្ថុដែលគួរឲ្យ សំដៅដល់ វត្ថុទាំងឡាយដែលញ៉ាំងប្រយោជន៍ឲ្យកើតមានដល់បុគ្គលអ្នកទទួល ដូចជា អាហារបរិភោគ គ្រឿងឧបរិភោគ (របស់ប្រើប្រាស់) ទីស្នាក់អាស្រ័យ ថ្នាំសម្រាប់ព្យាបាលជំងឺ ជាដើម ។បុគ្គលដែលគួរឲ្យ សំដៅដល់ បុគ្គលដែលសក្តិសមនឹងទទួលបាននូវវត្ថុដែលផ្តល់ឲ្យ ដូចជា មាតាបិតា អ្នកមានគុណធម៌ខ្ពង់ខ្ពស់ អ្នកបួស អ្នកមានសីល ចាស់ព្រឹទ្ធាចារ្យ ឬក៏អ្នកក្រខ្សត់ ជនទុគ៌តជាដើម ។
ដូច្នេះ យើងសង្កេតឃើញថា ហេតុដែលនាំឲ្យកើតទានមានពីរ គឺ អ្នកឲ្យទាន១ និងអ្នកទទួលទាន។ ទល់តែមានអ្នកឲ្យទាន និងអ្នកទទួលទាន នោះទើបសកម្មភាពនៃការធ្វើទានកើតឡើងបាន។ ពេលអ្នកធ្វើទានប្រកបដោយសទ្ធាជ្រះថ្លា និងទឹកចិត្តសប្បាយរីករាយ នោះអ្នកនឹងទទួលបាននូវបុណ្យកុសលពីការធ្វើទាន។ លើសពីនេះទៅទៀត អ្នកក៏អាចឧទ្ទិសបុណ្យកុសល និងផលានិសង្សពីការធ្វើទាន ជូនដល់បុព្វការីជន និងសាច់ញាតិរបស់យើងទាំងឡាយដែលបាត់បង់ជីវិតទៅ។
ដូច្នេះយើងឃើញថា អ្នកទទួលទាន គឺជាស្ពានចម្លងបុណ្យកុសលពីការធ្វើទានរបស់យើង បញ្ជូនដល់អ្នកស្លាប់។ ចុះបើអ្នកយកវត្ថុទាំងឡាយ យកទៅដាក់មុខផ្នូរ សែនព្រេង ឬបោះចោល ហើយឧទ្ទិស ថាសូមឲ្យវត្ថុនេះឬអាហារនេះ ទៅដល់ជីដូនជីតារបស់យើង តើសាច់ញាតិយើងទាំងនោះ អាចនឹងទទួលបានដែរឬទេ? ថាទេ! យើងមិនអាចយកវត្ថុឬអាហារទាំងនេះ ទៅបោះចោល ឬដាក់មុខផ្នូរ ហើយសែនឧទ្ទិស ថាឲ្យទៅដល់ពួកគាត់ ហើយពួកគាត់ទទួលបាននោះទេ។ រឿងនេះប្រៀបដូចជាយកស្មៅទៅឲ្យគោស្លាប់ ស៊ីអីចឹងដែរ។ គោដែលស្លាប់ទៅហើយ ធ្វើម្តេចនឹងអាចស៊ីស្មៅបានទៅ? បើយើងធ្វើដូច្នេះមែន បានន័យថា យើងពិតជាធ្វើដោយខ្លះការពិចារណាហើយ។
ការធ្វើទាន ក៏ដូច្នេះដែរ។ យើងម្តេចនឹងអាចយកវត្ថុឬអាហារទៅបោះចោល ហើយឧទ្ទិសសូមឲ្យដល់សាច់ញាតិយើងដែលចែកស្ថានទៅ? ដើម្បីឲ្យឧទ្ទិសនូវវត្ថុក្តី អាហារក្តី ទៅដល់បុព្វការីជនដែលធ្វើមរណកាល ចាំបាច់ត្រូវតែមានអ្នកទទួលទាន មានដូចជាព្រះសង្ឃ ចាស់ព្រឹទ្ធាចារ្យ អ្នកមានសីល និងមានគុណធម៌ខ្ពង់ខ្ពស់។ បន្ទាប់ពីការប្រគេន ឬជូនវត្ថុទាំងនោះទៅដល់ព្រះសង្ឃ ឬចាស់ព្រឹទ្ធាចារ្យ នោះទើបយើងអាចឧទ្ទិសបុណ្យទាំងអម្បាលម៉ាន ពីការធ្វើទាននេះ ទៅដល់សាច់ញាតិយើងដែលចែកស្ថាន។
ត្រឡប់មកសិក្សាពីការបោះបាយបិណ្ឌវិញ។ តើការបោះបាយបិណ្ឌនេះ ជាអំពើទានដែលប្រកបដោយអង្គហេតុ ឬលក្ខណៈគ្រប់គ្រាន់ ដូចការពោលមកខាងលើដែលឬទេ? ថាទេ! ព្រោះដុំបាយនេះ យកទៅបោះចោលទេ មិនយកទៅប្រគេនព្រះសង្ឃឬអ្នកមានសីលឡើយ។ បើអំពើនេះមិនមែនជាអំពើទាន ដូច្នេះអ្នកដែលស្លាប់ទៅហើយ មិនអាចនឹងទទួលបានឡើងយ។ និយាយឲ្យឆាប់ចប់ បានន័យថា បោះបាយបិណ្ឌ គឺដូចជាការយកអង្ករបោះចោលលើផ្ទាំងថ្មអីចឹងដែរ ច្បាស់ជាមិនផលអ្វីនោះទេ។ ដូច្នេះការបោះបាយបិណ្ឌនេះ យើងត្រូវទទួលស្គាល់ថា មិនបានផលអ្វីឡើយ ព្រោះប្រាសចាកពីអង្គនៃការធ្វើទាន ដូចបានអធិប្បាយមកនេះ។
ចុះបើបោះដុំបាយចោល ដោយគ្មានប្រយោជន៍អ្វីដូច្នេះ តើហេតុអ្វីបានជាបុព្វបុរសយើងបង្កើតពិធីនេះឡើង?
ប្រជាពលរដ្ឋទូទៅ ជាពិសេសយុវជន គ្រាន់តែយល់ថា ការបោះបាយបិណ្ឌ គឺដើម្បីបញ្ជូនអាហារទាំងនេះទៅឲ្យពពួកញាតិរបស់ខ្លួន តែមិនបានយល់ពីគំនិតអប់រំរបស់បុព្វបុរស ដែលបង្កប់ក្នុងពិធីនេះ។ តាមពិតទៅ គំនិតនៃការបង្កើតពិធិបោះបាយបិណ្ឌរបស់អ្នកប្រាជ្ញខ្មែរយើង គឺមិនមែនគ្រាន់តែឧទ្ទិសដល់ញាតិទាំងឡាយដែលស្លាប់នោះទេ តែនៅមានគំនិតអប់រំដ៏ជ្រាលជ្រៅជាច្រើនទៀត សម្រាប់សេចក្តីសុខចម្រើនដល់ជីវិតរស់នៅនាពេលបច្ចុប្បន្ន។ គោលបំណង និងគំនិតរបស់ដូនតាយើងដែលបង្កប់អត្ថន័យក្នុងពិធីនេះ ដើម្បីជាប្រយោជន៍សម្រាប់ជីវិតនោះរួមមាន៖
១. នៅពេលដែលយុវជន យុវនារី ទៅវត្តបោះបាយបិណ្ឌ ដោយយល់ថាបោះឲ្យញាតិសន្តានដែលស្លាប់ទៅ គឺជាឱកាសដ៏ល្អ សម្រាប់ព្រះសង្ឃបង្ហាត់បង្រៀនពួកគេ ឲ្យយល់ពីព្រះពុទ្ធសាសនា របៀបរបប ក្នុងវត្ថអារាម។ យុវជនភាគច្រើនមិនសូវចូលចិត្តទៅវត្តឡើយ ដោយយល់ថា ការទៅវត្តអារាមគឺជាតួនាទីរបស់មនុស្សចាស់ ហេតុដូច្នេះហើយបានពួកគេមិនសូវយល់ពីរបៀបរបប បែបផែន និងទំនៀមទម្លាប់ក្នុងវត្ត។ អ្នកខ្លះសូម្បីតែនិយាយជាមួយព្រះសង្ឃ ក៏មិនចេះនិយាយផង កុំថាឡើយនិយាយ អ្នកខ្លះទៀតសូម្បីតែ មើលមុខព្រះសង្ឃក៏មិនហ៊ានទៅទៀត។ ដូច្នេះពេលយុវជនទាំងនោះមកវត្តបោះបាយបិណ្ឌ គឺជាមធ្យោបាយមួយដើម្បីដាស់ស្មារតីរបស់ពួកគេឲ្យស៊ាំក្នុងការទៅវត្តធ្វើបុណ្យ ដើម្បីមានភាពស្និទ្ធស្នាលនឹងព្រះសង្ឃ ហើយក៏យល់ពីប្រពៃណី និងជីវិតអ្នកបួសដែរ។
២. ការមកបោះបាយបាយបិណ្ឌ ធ្វើឲ្យប្រជាកសិករ ជាពិសេសក្រុមយុវជន មានឱកាសថ្វាយបង្គំព្រះ ស្តាប់ព្រះសង្ឃសូត្រធម៌ ដើម្បីរំឮគុណព្រះសម្មាសម្ពុទ្ធបរមគ្រូនៃយើងទាំងបីគឺ បញ្ញាគុណ ករុណា និងវិសុទ្ធិគុណ។ ជាធម្មតានៅពេលពួកគេទៅជួបជុំគ្ននៅវត្តពេលម៉ោង៤ទៀបភ្លឺ អ្វីដែលព្រះសង្ឃត្រូវរៀបចំនោះ គឺការថ្វាយបង្គំព្រះ។ នៅពេលដែលព្រះសង្ឃថ្វាយបង្គំសូត្រព្រះធម៌ យុវជនទាំងនោះ ក៏ត្រូវបានព្រះសង្ឃដឹកនាំឲ្យចេះរៀបចំឥរិយាបថ ថ្វាយបង្គំព្រះពុទ្ធដែរ។ ការថ្វាយបង្គំ រំឮគុណព្រះ ក៏ជាការសន្សំបុណ្យ និងញ៉ាំងចិត្តឲ្យជ្រះថ្លា និងបរិសុទ្ធដែរ សម្រាប់យុវជន។
៣. អ្វីដែលសំខាន់បំផុតនោះគឺ ព្រះសង្ឃអាចដឹកនាំយុវជនឲ្យសុំសីល៥ ក្រោយពីសូត្រធម៌ថ្វាយបង្គំព្រះព្រះពុទ្ធ។ ក្រោយនស្សការចបា់ ព្រះសង្ឃតែងតែប្រទាននូវសីល៥ ដែលហៅថា បញ្ចសីលដល់យុវជន យុវនារី ដែលសីល៥នោះ គឺ ការមិនសម្លាប់ជីវិតមនុស្សឬសត្វ១, ការមិនលួចទ្រព្យអ្នកដទៃ១, ការមិនរំលោភបំពានលើកូនឬប្តីប្រពន្ធរបស់គេ១, ការមិនភូតកុហក១ និងការមិនសេពគ្រឿងស្រវឹងមួយ។ សីល៥ គឺជាសីលធម៌សម្រាប់មនុស្សគ្រប់រូបក្នុងសង្គម គួរគប្បីប្រកាន់យក ដោយពុំអាចខ្លះបាន។
៤. ក្រោយពីថ្វាយបង្គំព្រះ និងសុំសីលរួច នៅមានកម្មវិធីមួយទៀត គឺការទេសនាអប់រំ យុវជន។ ព្រះសង្ឃតែងតែទេសសនាឲ្យយុជនគ្រប់រូប ដែលជាទំពាំងស្នងឬស្សី ឲ្យចេះដឹងខុសត្រូវ មានសីលធម៌ យល់ពីព្រះពុទ្ធសាសនា ក្លាយកូនកតញ្ញូ ហើយថែមចេះសាមគ្គីគ្នា ចេះជួយគ្នា ចេះស្រឡាញជាតិ ការពារទឹកដី។ល។
៥. បន្ទាបពីថ្វាយបង្គំព្រះ, សុំសីល និងស្តាប់ធម៌ទេសនា ទើបពិធីបោះបាយបិណ្ឌចាប់ផ្តើម។ ពេលបោះបាយហើយ ព្រះសង្ឃក៏បានសូត្រនូវបរភាវសូត្រ ដើម្បីឲ្យយុវជនទាំងនោះបានឭ។ បរាភវសូត្រ គឺជាបែបបទ ឬក៏មាត្រា ដែលបង្ហាញពីអត្ថន័យ នៃសេចក្តីវិនាស។ ការសូត្របទបរាភវសូត្រនេះ គឺជាការរៀបរាប់ពីសេចក្តីវិនាសទាំងឡាយ ដែលជនប្រុសស្រី ត្រូវចៀសវាង និងកុំប្រព្រឹត្តឡើយ។
រួមមក ការបោះបាយបិណ្ឌនោះ មិនបានអ្វីមកវិញទេ តែការថ្វាយបង្គំ និងការរឭកដល់គុណព្រះសម្មាសម្ពុទ្ធ ព្រមទាំងការសុំសីលពីព្រះសង្ឃ គឺជាការកសាងបុណ្យកុសលដ៏ច្រើនលើសលុបដើម្បីសេចក្តីសុខក្នុងបច្ចុប្បន្ននិងអនាគត។ ម្យ៉ាងទៀត យើងក៏អាចឧទ្ទិសផលានិសង្ស ដែលកើតចេញពីទឹកចិត្តនៃការរឭកដល់គុណព្រះពុទ្ធ និងការរក្សាសីល ជូនដល់បុព្វការីជនរបស់យើងផលដែរ។ ហើយការស្តាប់ធម៌ទេសនា និងស្តាប់ព្រះសង្ឃសូត្របរាភវសូត្រ គឺជាហេតុនាំឲ្យកើតបញ្ញា និងកើតចំណេះដឹង ដែលអាចឲ្យយើងភ្លឺស្វាងក្នុងការដឹកនាំជីវិតឆ្ពោះទៅកាន់សុភមង្គល។ ជាងនេះទៅទៀត យុវជនទាំងអស់ក៏ចេះសាមគ្គីគ្នា និងកើតចិត្តស្រឡាញ់ជាតិ និងសាសនាផងដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com