ជាតិ
សង្គមជាតិ
ករណីឯកឧត្តម កឹម សុខា៖ លោក អេង ឆៃអ៊ាង ថា គ្មានច្បាប់ចែងឲ្យកោះតំណាងរាស្ត្រចូលបំភ្លឺ
× លោក អេង ឆៃអ៊ាង ប្រធានគណៈកម្មការទី ១ នៃរដ្ឋសភា បានបញ្ជាក់នៅថ្ងៃទី២៥ មីនានេះថា រដ្ឋសភាពុំអាចកោះអញ្ជើញតំណាងរាស្ត្រឲ្យចូលបំភ្លឺករណីណាមួយ ដូចការកោះហៅតំណាងរាជរដ្ឋាភិបាលចូលបំភ្លឺបញ្ហាការងារពួកគេនោះទេ ពីព្រោះច្បាប់ពុំមានចែង។
លោក អេង ឆៃអ៊ាង ថ្លែងបែបនេះ ក្រោយពីក្រុមយុវជនស្នើប្រធានរដ្ឋសភា ជួយពន្លឿនការកោះហៅឯកឧត្តម កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ បកស្រាយបំភ្លឺករណីសំឡេងខ្សែអាត់ ដែលពួកគេសង្ស័យថា ជាសំឡេងលោក កឹម សុខា និងនារីម្នាក់ឈ្មោះ ស្រី មុំ នៅថ្ងៃទី២៥ មីនានេះ។
យ៉ាងណា ប្រធានគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង អង្កេត និងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភារូបនេះ នឹងធ្វើរាយការណ៍ពីសំណើក្រុមយុវជន ជូនសម្តេច ហេង សំរិន ប្រធានរដ្ឋសភា នៅសប្តាហ៍ក្រោយ។ លោក អេង ឆៃអ៊ាង បានថ្លែងប្រាប់អ្នកសារព័ត៌មាន ក្រោយពីលោករដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អង្គ វង្សវឌ្ឍនា បំភ្លឺពីបញ្ហាប្រព័ន្ធយុត្តិធម៌ នៅរសៀលថ្ងៃទី២៥ មីនានេះ នៅវិមានរដ្ឋសភាយ៉ាងដូច្នេះថា«ខ្ញុំនឹងធ្វើរបាយការណ៍ជូនសម្តេចប្រធានរដ្ឋសភា ហេង សំរិន នៅសប្តាហ៍ក្រោយ»។
លោកបន្តទៀតថា៖«ខ្ញុំសូមបញ្ជាក់ផងដែរថា នៅក្នុងរដ្ឋធម្មនុញ្ញ ក៏ដូចជាបញ្ជាផ្ទៃក្នុងរដ្ឋសភា អត់មានមាត្រា ឬប្រការណាមួយ ដែលចែងអនុញ្ញាតឲ្យរដ្ឋសភាកោះហៅតំណាងរាស្ត្រគ្នាឯងឲ្យទៅបំភ្លឺនោះទេ គឺមានតែការអនុញ្ញាតឲ្យកោះហៅតំណាងរាជរដ្ឋាភិបាល រដ្ឋមន្ត្រី ដើម្បីមកបំភ្លឺក្នុងវិស័យទទួលខុសត្រូវរបស់ខ្លួន តែប៉ុណ្ណឹង»។
សូមបញ្ជាក់ថា កាលពីថ្ងៃទី២១ ខែមីនា លោក ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា បានសរសេរលិខិតទៅឯកឧត្តម កឹម សុខា ដើម្បីស្នើសុំការឆ្លើយបំភ្លឺទាក់ទងនឹងសំឡេងអាត់ឆ្លើយឆ្លងស្នេហា ជាមួយនារីម្នាក់ដែលគេសង្ស័យថា ជាសំឡេងរបស់ឯកឧត្តម កឹម សុខា ផ្ទាល់។
ការស្នើសុំនេះ ធ្វើឡើងមួយសប្តាហ៍ បន្ទាប់ពីតំណាងយុវជន និងនិស្សិតមួយក្រុមដែលដឹកនាំដោយ យុវជនម្នាក់ឈ្មោះ ស្រី ចំរើន បានដាក់ញត្តិទៅសភា។ លោក ឡេង ប៉េងឡុង បានលើកឡើងថា ការស្នើសុំនេះ គឺដើម្បីការពារកិត្យានុភាពរបស់រដ្ឋសភា ការពារកិត្តិយស និងសេចក្តីថ្លៃថ្នូររបស់តំណាងរាស្ត្រ៕
Tag:
ខ្សែអាត់សំឡេង
កឹម សុខា
រដ្ឋសភា
អេង ឆៃអ៊ាង
© រក្សាសិទ្ធិដោយ thmeythmey.com