ជាតិ
នយោបាយជាតិ
លោក អេង ឆៃអ៊ាង ថា CPP អាងអំណាច រីឯ CNRP ពឹងពលរដ្ឋ លោក អេង ឆៃអ៊ាង កំពុងថ្លែង នៅកណ្តាលគេ
×
ភ្នំពេញ៖ គណបក្សប្រជាជនកម្ពុជា ប្រើប្រាស់ស្ថាប័នរដ្ឋ ដើម្បីដាក់សម្ពាធ លើគណបក្សសង្គ្រោះជាតិ។ ចំណែក គណបក្សសង្គ្រោះជាតិ មានតែប្រជាពលរដ្ឋប៉ុណ្ណោះ ដើម្បីតស៊ូមតិជាមួយគណបក្សប្រជាជនកម្ពុជា។ នេះជាការអះអាងរបស់លោក អេង ឆៃអ៊ាង មន្ត្រីជាន់ខ្ពស់បក្សប្រឆាំង ដែលថ្លែងទៅកាន់អ្នកគាំទ្រ និងអ្នកសារព័ត៌មាន នៅទីស្នាក់ការកណ្តាល នាពេលព្រឹកថ្ងៃទី៣១ ខែឧសភា។
លោក អេង ឆៃអ៊ាង លើកឡើងថា គណបក្សកាន់អំណាច បានយកស្ថាប័នមានសមត្ថកិច្ច ធ្វើជាវិធានការក្នុងការយីយាទៅលើគណបក្សប្រឆាំង។ លោកបន្ថែមថា ដើម្បីទប់ទល់ជាមួយការរុកកួនបែបនេះ បក្សប្រឆាំង ពុំមានមធ្យោបាយអ្វី ក្រៅពីការពឹងផ្អែកលើកម្លាំងប្រជាពលរដ្ឋនោះទេ។ មន្ត្រីជាន់ខ្ពស់បក្សប្រឆាំងរូបនេះបញ្ជាក់ថា៖ «បក្សកាន់អំណាច មានស្ថាប័ន ដើម្បីសង្កត់យើង។ [….] ឯយើងតស៊ូមតិ ពឹងលើប្រជាពលរដ្ឋ»។
បើតាមលោក អេង ឆៃអ៊ាង ក្រៅពីសំឡេងប្រជាពលរដ្ឋ គណបក្សប្រឆាំង នៅមានសហគមន៍អន្តរជាតិ និងស្ថាប័នព្រះមហាក្សត្រ ដែលជាបង្អែកដើម្បីបញ្ចប់ការជិះជាន់ពីសំណាក់បក្សកាន់អំណាច។ លោកបន្តថា បណ្តាប្រទេសជាមិត្រមួយចំនួន មានកាតព្វកិច្ចក្នុងការជួយប្រទេសកម្ពុជា ហើយព្រះមហាក្សត្រ ទ្រង់គង់ជាអាជ្ញាកណ្តាល ដើម្បីធានាការប្រព្រឹត្តទៅនៃអំណាចសាធារណៈ ឲ្យមានភាពទៀតទាត់។
លោក អេង ឆៃអ៊ាង បានផ្ញើសារនយោបាយចាស់ទៅកាន់អ្នកគាំទ្រជាថ្មីថា គោលដៅរបស់គណបក្សសង្គ្រោះជាតិ គឺចង់ឲ្យស្ថានការណ៍អាប់អួលនាពេលបច្ចុប្បន្ន វិលទៅរកភាពប្រក្រតីឡើងវិញ ដើម្បីធានាឲ្យការបោះឆ្នោត ឆ្នាំ២០១៧ និងឆ្នាំ២០១៨ ប្រព្រឹត្តទៅដោយសេរីនិងយុត្តិធម៌។
យ៉ាងណាក៏ដោយ អ្នកនាំពាក្យនៃទីស្តីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន មិនអាចទទួលយកបានទេ ដែលគណបក្សសង្គ្រោះជាតិនិងសហគមន៍អន្តរជាតិខ្លះ ចោទរដ្ឋាភិបាលកម្ពុជាថា ស្ថាប័នរដ្ឋ ប្រើប្រាស់ស្ថាប័នតុលាការ ដើម្បីជិះជាន់អ្នកនយោបាយបក្សប្រឆាំង ឬមន្ត្រីសង្គមស៊ីវិល។ អ្នកនាំពាក្យរូបនេះ អះអាងថា ករណីរបស់ឯកឧត្តម កឹម សុខា អនុប្រធានបក្សប្រឆាំង រួមទាំងមន្ត្រីសង្គមស៊ីវិលមួយចំនួនទៀត ដែលកំពុងជាប់ពន្ធនាគារ គឹជាដែនសមត្ថកិច្ចរបស់តុលាការ ដោយមិនពាក់ព័ន្ធនឹងរដ្ឋាភិបាលឡើយ៕
Tag:
CNRP
CPP
អេង ឆៃអ៊ាង
ផៃ ស៊ីផាន
© រក្សាសិទ្ធិដោយ thmeythmey.com