ពីនេះ ពីនោះ
ហេតុអ្វី​បានជា​អ្នក​មិនគួរ​ជឿ​លើ​ឥន្ទ្រី​យ​ពុទ្ធិ​ទាំងស្រុង​?
18, Nov 2017 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
ភ្នំពេញ​៖ ទស្សនវិទូ​ក្រិ​ក​បុរាណ លោក ហ្សេ​ណុង (Zenon) កើត​នៅ​ទីក្រុង​អេ​លេ​ដែរ ក្នុងអំឡុង​ឆ្នាំ ៤៩០ ដល់ ៤៣០ មុន​គ​.​ស គឺជា​ទស្សនវិទូ​ដែលមាន​បញ្ញា​វាងវៃ ស្រឡាញ់​វិទ្យាសាស្ត្រ ជា​គ្រូបង្រៀន និង ជា​វាគ្មិន​ដ៏​ល្បីល្បាញ​មួយរូប​។



លោក​បាន​អះអាងថា ការយល់ដឹង​ពិភពលោក​ដោយ​ប្រ​ត្យ​ក្សា​រ​ម្មណ៍ គឺជា​ការស្រមើស្រមៃ ជា​ពុទ្ធិ រវើរវាយ គឺ​ពុំមែន​ជា​ពុទ្ធិ​សច្ចៈ​ទេ​។ ដើម្បី​អះអាង​គំនិត​មួយ​នេះ លោក​ហ្សេ​ណុង​បានធ្វើ​វិចារ​តាមរយៈ​កិច្ចសន្ទនា​ជាមួយ​ទស្សនវិទូ​មួយរូប គឺ​លោក ប្រូ​តា​ហ្កូ​រ៉ា ដូចខាងក្រោម​៖

លោក​ហ្សេ​ណុងៈ ពេលដែល​ស្រូវ​សាឡី​១​គ្រាប់ ឬ​ស្រូវ​សាឡី​មួយ​ភាគ​ពាន់​នៃ​គ្រាប់ស្រូវ​ធ្លាក់​ទៅលើ​ដី តើ​ឮសូរ​សំលេង​ឬទេ​?

លោក​ប្រូ​តា​ហ្កូ​រ៉ាៈ ឥត​ឮសូរ​សំលេង​ទេ​។​

លោក​ហ្សេ​ណុងៈ​តើ​គ្រាប់ស្រូវ​ចំនួន​មួយ​មេ​ឌី​ម​(៥៣​លីត្រ​) ដែល​ធ្លាក់​ទៅ​ដី​ឮសូរ​សំឡេង​ឬទេ​?

លោក​ប្រូ​តា​ហ្កូ​រ៉ាៈ ឮសូរ​សំឡេង​។​

លោក​ហ្សេ​ណុងៈ ហេតុនេះ តើ​ស្រូវ​១​គ្រាប់ ឬ​ស្រូវ​មួយ​ភាគ​ពាន់​នៃ​គ្រាប់​និង​ស្រូវ​មួយ​មេ​ឌី​ម មាន​ទំនាក់ទំនង​ជាមួយគ្នា​ខាង​បរិមាណ​ឬទេ​?

លោក​ប្រូ​តា​ហ្កូ​រ៉ាៈ វា​ពិត​ជាមាន​ទំនាក់ទំនង​ខាង​បរិមាណ​ជាមួយគ្នា​។​

លោក​ហ្សេ​ណុងៈ ហេតុនេះ តើ​សំឡេង​ស្រូវ​ដែល​ធ្លាក់​ទៅ​ដី​នោះ មាន​ទំនាក់ទំនង​ជាមួយគ្នា​ឬទេ​?

លោក​ប្រូ​តា​ហ្កូ​រ៉ាៈ សំឡេង​ដែល​ធ្លាក់​ក៏មាន​ទំនាក់ទំនង​ជាមួយគ្នា​ដែរ​។​

​ចំពោះ​កិច្ចសន្ទនា​នេះ លោក​បានធ្វើ​ការអង្កេត​ដូច្នេះ​ថា បើសិនជា​គេ​ដឹង ដោយ​អង្គ​វិញ្ញាណ គេ​ឃើញថា​ស្រូវ​សាឡី​មួយ​បាវ​ដែល​ធ្លាក់​ទៅលើ​ដី​បាន​បង្ករ​ឲ្យ​ឮសូរ​សំឡេង រីឯ​ស្រូវ​១​គ្រាប់ ឥត​នាំមក​នូវ​សូរសំឡេង​ឡើយ​។ ប៉ុន្តែ​ប្រសិនបើ ស្រូវ​មួយ​គ្រាប់​ដែល​ធ្លាក់ចុះ​ដោយ​គ្មាន​សំឡេង នោះ​ស្រូវ​សាឡី​មួយ​មេ​ឌី​ម ដែលជា​ផលបូក​នៃ​គ្រាប់ស្រូវ​ទាំងនោះ ក៏​គ្មាន​សំលេង​ដែរ​។ តាមរយៈ​វិចារ​នេះ​លោក​អះអាងថា ឥន្ទ្រី​យ​ពុទ្ធិ​ជា​ពុទ្ធិ​ដែល​ពោរពេញ​ដោយ​ទំនាស់​មិនអាច​ដោះស្រាយបាន​។ ហេតុនេះ​មានតែ​វិចារណ​ពុទ្ធិ​ទេ ទើប​អាច​ស្វែង​រកឃើញ​សច្ចភាព​ពិត​។​
 
​ផ្ទុយ​មកវិញ​ជា​ទស្សនៈ​របស់លោក ហ្សេ​ណុង ក្នុង​សភាព​ជាក់ស្ដែង​មិនអាច​និយាយបានថា ត្រូវ​ទាំងស្រុង ឬក៏​ខុស​ទាំងស្រុង​ណាស់​។ ប៉ុន្តែ អ្វីដែល​សំខាន់ គឺ​នៅត្រង់ថា ទាំង​ឥន្ទ្រី​យ​ពុទ្ធិ និង​វិចារណ​ពុទ្ធិ គឺ​ចាំបាច់​ត្រូវមាន​ទំនាក់ទំនង​គ្នា​ដើម្បី​ទទួលបាន​ពុទ្ធិ​សច្ចៈ​មួយ​។ ជាពិសេស ជា​បុគ្គល​ម្នាក់​គឺ​មិនអាច​ជឿ​តែ​លើ​ព័ត៌មាន​ដែល​ខ្លួន​គ្រាន់តែ​ទទួលបាន​តាមរយៈ​ឥន្ទ្រី​យ​នោះទេ ប៉ុន្តែ​ត្រូវតែមាន​ការពិចារណា​ឲ្យ​បាន​ល្អិតល្អន់​៕

​ដកស្រង់​ពី​៖ ប្រវត្តិ​ទស្សនវិជ្ជា​បុរាណសម័យ​ក្រិ​ក​, រៀបរៀង​ដោយ​លោក ឆ​យ យី​ហ៊ាង​

© រក្សាសិទ្ធិដោយ thmeythmey.com