អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ថៃ ត្រៀម​ដាក់​ល្ខោនខោល​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​
01, Jun 2016 , 10:37 am        
រូបភាព
ល្ខោនខោល ឬល្ខោន​ពាក់របាំងមុខរបស់ថៃ។ រូបថត orientalescape
ល្ខោនខោល ឬល្ខោន​ពាក់របាំងមុខរបស់ថៃ។ រូបថត orientalescape
 
​រដ្ឋាភិបាល​ថៃ កំពុងតែ​រៀបចំ​ដាក់បញ្ចូល​របាំ​ល្ខោន​ពាក់​របាំងមុខ ឬ​ល្ខោនខោល (Khon Masked Dance) ទៅក្នុង​បញ្ជី​សម្បត្តិ​បេតិកភណ្ឌ​អរូបី​របស់​អង្គការ UNESCO ។ ការដាក់បញ្ចូល​នេះ គឺជា​ផ្នែក​មួយ​នៃ​ផែនការ​របស់​រដ្ឋាភិបាល​ក្រុង​បាងកក ដែល​គ្រោង​ដាក់​សម្បត្តិ​បេតិកភណ្ឌ​ចំនួន​ប្រាំ ក្នុង​បញ្ជី​របស់ UNESCO ក្នុង​រយៈពេល​ប្រាំ​ខាងមុខ​។

 
​ពី​ឆ្នាំ​២០១៦ ដល់​ឆ្នាំ​២០២១ រដ្ឋាភិបាល​ថៃ នឹងដាក់​បេតិកភណ្ឌ​វប្បធម៌​របស់ខ្លួន​ចំនួន​ប្រាំ ទៅក្នុង​បញ្ជី​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​របស់ UNESCO​។ ក្នុង​ឆ្នាំ​២០១៦​នេះ របាំ​ល្ខោនស្បែក​មុខ (Khon masked dance) ដែល​ស្រដៀង​នឹង​ល្ខោនខោល​របស់​កម្ពុជា នឹង​ក្លាយជា​របាំ​ទីមួយ ដែល​រដ្ឋាភិបាល​ថៃ នឹង​ស្នើ​ដាក់បញ្ចូល​ក្នុង​បញ្ជី​សម្បត្តិ​បេ​តក​ភណ្ឌ​អរូបី​របស់​អង្គការ UNESCO​។​
 
​បើតាម​កាសែត Bangkok Post បន្ទាប់ពី​គម្រោង​ដាក់​របាំ​ល្ខោនស្បែក​មុខ​ក្នុងឆ្នាំនេះ រដ្ឋាភិបាល​ថៃ នឹង​បន្ត​ដាក់​បេតិកភណ្ឌ​វប្បធម៌​របស់ខ្លួន​ចំនួន​បួន​ទៀត ទៅក្នុង​បញ្ជី​របស់ UNESCO​។ ប្រដាល់​មួយ​ថៃ (muay Thai) ម៉ាស្សា​បែប​ប្រពៃណី របាំ​ល្ខោន​ន​រា​ហ៍ (Nora dance drama) និង​ម្ហូប​ប្រពៃណី ក៏​ត្រៀម​ចុះឈ្មោះ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក ក្នុង​ឆ្នាំ​បន្តបន្ទាប់​ផងដែរ​។​
 
​ទាក់ទង​នឹង​ការចុះបញ្ជី​នេះ រដ្ឋមន្ត្រី​វប្បធម៌​ថៃ លោក Vira Rojpojchanarat និយាយថា​៖ « មូលហេតុ​មួយ ដែល​យើង​ជ្រើសរើស​ដាក់​របាំ​ល្ខោនស្បែក​មុខ​ក្នុង​បញ្ជី​បេ​តក​ភណ្ឌ​ពិភពលោក​មុនគេ គឺ​ដោយសារតែ​របាំ​នេះ​បានបង្ហាញ​នូវ​គតិបណ្ឌិត​ល្អ​ឯក នៃ​វប្បធម៌​ថៃ​»​។ 
 
​ប្រភពព័ត៌មាន​ដដែល​បញ្ជាក់ថា របាំ​ល្ខោនស្បែក​មុខ​នេះ ត្រូវបាន​សម្ដែង​លើកដំបូង​ក្នុងសម័យ​អាណាចក្រ​អយុធ្យា​។ របាំ​ប្រភេទ​នេះ ជា​ប្រភេទ​ល្ខោន​ដកស្រង់​ចេញពី​រឿង​ហិណ្ឌូ រាមា​យាណៈ (Ramayana) ត្រង់​វគ្គ​ចម្បាំង​រវាង ព្រះរាម ដែលជា​អវតារ​បស់​ព្រះ​វិស្ណុ ជាមួយនឹង Ravana ដែល​លួច​មហេសី​ព្រះអង្គ​។ 
 
​រឿង​រាមា​យាណៈ បែប​ថៃ​នេះ ត្រូវបាន​រៀបរាប់​តាមរយៈ​ការសម្ដែង​ល្ខោន ដែល​តួអង្គ ស្លៀកពាក់​ប្រពៃណី​បុរាណ មាន​ពាក់​ស្បែ​កមុខ នឹង​បញ្ចេញ​កាយវិការ​រាំ ដែល​បង្ហាញ​ពី​អារម្មណ៍ និង​សកម្មភាព​។ បើតាម​លោក Vira នាយកដ្ឋាន​ជំរុញ​វប្បធម៌ នឹង​ស្នើ​ឲ្យ UNESCO ត្រួតពិនិត្យ និង​ចុះ​ក្នង​បញ្ជី​សម្បត្តិ​បេតិកភណ្ឌ​អរូបី​។ 
 
​កន្លងមក អង្គការ UNESCO តែងតែ​ទទូច​ឲ្យ​ប្រទេស​ជា​សមាជិក​ទាំងអស់ ការពារ​សម្បត្តិ​បេតិកភណ្ឌ​អរូបី​ពិភពលោក ដែល​រួមបញ្ចូល​ទាំង ការអនុវត្ត ចំណេះ​ជំនាញ និង​ឧបករណ៍​ដែល​ពាក់ព័ន្ធ​នឹង​វប្បធម៌ ប្រពៃណី​។ ហើយ​ការត្រៀម​ចុះឈ្មោះ​នេះ អាចជា​ការឆ្លើយតបរ​បស់​រដ្ឋាភិបាល​ថៃ នឹង​ការអំពាវនាវ​នេះ​ផងដែរ​៕  
 
 

Tag:
 ល្ខោនខោល​
  យូនេស្កូ​
  បេតិកភណ្ឌ
© រក្សាសិទ្ធិដោយ thmeythmey.com