អន្តរជាតិ
ប្រធានាធិបតីហ្វីលីពីន ឲ្យរដ្ឋមន្ត្រីជិះឡាន Avanza ព្រោះមានតម្លៃថោក
× ប្រធានាធិបតីជាប់ឆ្នោតថ្មីហ្វីលីពីន លោក Rodrigo Duterte ដែលល្បី ដោយសារគោលនយោបាយតឹងរ៉ឹង និងប្លែកៗ បានដាក់ចេញនូវវិធានការថ្មីមួយទៀត សំដៅកាត់បន្ថយការចំណាយរបស់រដ្ឋាភិបាល។ ប្រធានាធិបតីរូបនេះ មានផែនការឲ្យរដ្ឋមន្ត្រីទាំងអស់ ក្នុងគណៈរដ្ឋមន្ត្រីរបស់លោក ជិះឡានម៉ូដែលប្រភេទថ្មី ដែលមានតម្លៃថោក។
សមាជិកគណៈរដ្ឋមន្ត្រី ក្នុងរដ្ឋាភិបាលរបស់ប្រធានាធិបតីជាប់ឆ្នោតថ្មីហ្វីលីពីន លោក Rodrigo Duterte មិនមានឡានស៊េរីទំនើបនោះទេ។ លោក Duterte គ្រោងនឹងឲ្យរដ្ឋមន្ត្រីរបស់លោក ជិះឡានប្រភេទថ្មី ជំនួសឡានទំនើបៗ។ រថយន្តតូយ៉ូតា Avanza នឹងក្លាយជារថយន្តផ្លូវការ សម្រាប់ដឹកជញ្ជូនរដ្ឋមន្ត្រីរបស់ លោក Duterte ព្រោះរថយន្តនេះ មានតម្លៃថោក។ នេះបើយោងតាមការផ្សាយរបស់សារព័ត៌មាន Inquirer។
ជាមួយគ្នានេះដែរ ក្នុងវេទិកាជាមួយអ្នកសារព័ត៌មាន នៅថ្ងៃទី១៤ ខែមិថុនា ប្រធានរដ្ឋសភាជ្រើសតាំងថ្មី លោក Pantaleon Alvarez ក៏បានបញ្ជាក់ពីការជ្រើសរើសឡាន Avanza នេះដែរ។ លោក និយាយថា លោក Duterte ចង់បានឡានប្រភេទនេះ ដោយសារឡាននេះមានតម្លៃថោក។ លើសពីនេះ ដោយទំនងជានិយាយបែបលែងសើច លោក Alvarez បន្តថា លោកនឹងជិះឡានដឹកទំនិញ នៅពេលលោក Duterte កាន់អំណាច ព្រោះលោកទម្លាប់ជិះឡាននេះ។
បន្ទាប់ពីទទួលជ័យជម្នះក្នុងការបោះឆ្នោតរួចមក ប្រធានាធិបតីជាប់ឆ្នោត លោក Duterte បានប្រាប់សមាជិកគណៈរដ្ឋមន្ត្រីថា លោកនឹងសន្សំសំចៃ ក្នុងពេលអាណត្តិរបស់លោក។ គោលនយោបាយសន្សំសំចៃ រួមបញ្ចូលទាំង ការកាត់បន្ថយប្រាក់លើកទឹកចិត្ត ការជិះយន្តហោះថ្លៃៗ ការប្រើប្រាស់ថវិការដ្ឋសម្រាប់ដំណើរកំសាន្ត ក៏ដូចជារថយន្តទំនើបៗផងដែរ។
លោក Duterte ដែលនឹងស្បថចូលកាន់តំណែង នៅថ្ងៃទី៣០ ខែមិថុនា ក៏ប្រកាសដែរថា គោលការណ៍សំខាន់ៗ ទាំងអម្បាលម៉ាន នឹងចូលជាធរមាន នៅថ្ងៃដែលលោកចូលកាន់តំណែង។
អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ មួយសប្ដាហ៍ក្រោយឈ្នះឆ្នោត អតីតអភិបាលក្រុង Davao រូបនេះ បានប្រកាសពីផែនការលក់នាវាកំសាន្តសម្រាប់ប្រធានាធិបតី និងប្រែយន្តហោះទាំងអស់ សម្រាប់ប្រធានាធិបតី ទៅជាយន្តហោះសង្គ្រោះបន្ទាន់វិញទៀតផង។ យន្តហោះទាំងនោះ ពីមុនប្រើសម្រាប់ដឹកប្រធានាធិបតី មន្ត្រីជាន់ខ្ពស់ និងភ្ញៀវពិសេសជាដើម៕
Tag:
Rodrigo Duterte
ហ្វីលីពីន
© រក្សាសិទ្ធិដោយ thmeythmey.com