ព័ត៍មានសុខភាព
​អាហារ ៥ ប្រភេទ ដែល​អ្នកជំងឺ​រលាក​ពោះវៀន​គួរ​ចៀសវាង​
20, Aug 2017 , 7:00 am        
រូបភាព
ដោយ: ថ្មីៗ
​ជំងឺ​រលាក​ពោះវៀន​មួយ​ប្រភេទ ឈ្មោះថា Crohn’s Disease ដែលមាន​អាកា​រៈ​ដូចជា ឈឺក្រពះ​ធ្ងន់ធ្ងរ អាស៊ីត​ក្រពះ​ចេញ​ច្រើន រាករូស និង​អស់កម្លាំង ហើយ​ករណីខ្លះ ឈានដល់​កង្វះ​អាហារូបត្ថម្ភ​ទៀតផង​។ វា​គឺជា​ជំងឺ​រ៉ាំរ៉ៃ​មួយ​ប្រភេទ ដែល​ប៉ះពាល់​ទៅលើ​ភ្នាស់​របស់​ក្រពះ និង​ជីវិត​រស់នៅ​របស់​អ្នកជំងឺ​ដែរ​។ ដូច្នេះ ដើម្បី​គ្រប់គ្រង​រោគសញ្ញា​របស់​ជំងឺ​នេះ​កាន់តែ​ល្អ អ្នកជំងឺ​គប្បី ចៀសវាង​អាហារ​មួយចំនួន​ខាងក្រោម​នេះ ៖



​អាហារ​សម្បូរ​ជាតិ​សរសៃ​
​អ្នកជំងឺ​រលាក​ពោះវៀន​បែបនេះ មិនគួរណា​ញ៉ាំ​បន្លែ​ឆៅ​ឡើយ ព្រោះ​ពោះវៀន​ពួកគេ​កំពុងតែ​ពិបាក​រំលាយ​អាហារ​ស្រាប់ ហើយ​ពោះវៀន គឺ​ងាយ​នឹង​រួម​តូច​ខ្លាំងណាស់ ដូច្នេះ ពេល​អាហារ​មាន​ជាតិ​សរសៃ​ចូល​ច្រើន កាន់តែ​ធ្វើ​ឲ្យ​រោគសញ្ញា​ធ្ងន់ធ្ងរ​ថែមទៀត​។​

​បន្លែ ឬ​ផ្លែឈើ​មាន​គ្រាប់​ច្រើន​
​ចូរ​ចៀសវាង​ផ្លែ​ឪឡឹក ស្ត្រ​បឺ​រី ប៉េងប៉ោះ និង​ផ្លែ​រ៉ា​ស​បឺ​រី ព្រោះ​វា​អាចធ្វើ​ឲ្យ​អ្នកជំងឺ​រលាក​ពោះវៀន​រាក​កាន់តែខ្លាំង​។ ចំពោះ​ផ្លែ​ម្នាស់ និង​ផ្លែ​ប៉ោម​វិញ ក៏​ជា​របស់​ត្រូវ​ហាម​ដែរ​។ យ៉ាងណាមិញ របប​អាហារ​ណា​ដែលមាន​ជាតិ​សរសៃ​តិច និង​មាន​កាបូ​អ៊ី​ដ្រា​ត ទើប​ជា​ជម្រើស​ដ៏​ល្អ​វិញ​។​

​ទឹកដោះគោ និង​ផលិតផល​ធ្វើ​ពី​ទឹកដោះគោ​
​អ្នកជំងឺ​រលាក​ពោះវៀន​ភាគច្រើន ក៏មាន​បញ្ហា​មិនអាច​ញ៉ាំ​សារធាតុ​មាន​ជាតិ Lactose ទឹកដោះគោ និង​ផលិតផល​ធ្វើ​ពី​ទឹកដោះគោ​បានដែរ ដូចជា ហ្វ្រូ​មាត​ជាដើម ព្រោះ​វា​នឹងធ្វើ​ឲ្យ​ផោម​ច្រើន និង​ហើមពោះ​ខ្លាំង​បាន​។​

​អាហារ​ហឹរ​
​អាហារ​ដែលមាន​ម្ទេស​ច្រើន ឬ​មាន​គ្រឿង​ហឹរ​ច្រើន​នោះ ក៏​អាចធ្វើ​ឲ្យ​រោគសញ្ញា ជំងឺ​រលាក​ពោះវៀន​កាន់តែ​ធ្ងន់ធ្ងរ​ដែរ​។​

​អាហារ​មាន​ខ្លាញ់​ច្រើន​
​អ្នកជំងឺ​រលាក​ពោះវៀន​ប្រភេទ Crohn’s Disease ដែលមាន​បញ្ហា ដោយសារ​ជាតិ​អាស៊ីត​ក្រពះ​ច្រើន គួរណា​ចៀសវាង ការ​ញ៉ាំ​អាហារ​មាន​ជាតិ​ខ្លាញ់​ច្រើន​។ យ៉ាងណាមិញ គេ​អាច​ញ៉ាំ​បានដែរ បើសិន​ជាមាន​ខ្លាញ់​តិចតួច​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com