ជាតិ
​​​ន​យោ​បាយ​ជាតិ​
​លោក​ផៃ ស៊ី​ផាន​-​អេង ឆៃអ៊ាង​- សុខ ឥសាន ថ្កោលទោស​អំពើ​ឃាតកម្ម​លើ លោក កែម ឡី
10, Jul 2016 , 12:15 pm        
រូបភាព
ដោយ: ថ្មីៗ
 
 ​គណបក្ស​ប្រជាជន​កម្ពុជា គណបក្ស​សង្គ្រោះ​ជាតិ និង​អង្គការ​សង្គម​ស៊ីវិល សុទ្ធតែ​សោកស្តាយ​យ៉ាងខ្លាំង ចំពោះ​អំពើ​ឃាតកម្ម​ដែល​កើត​ឡើងលើ​អ្នកវិភាគ​សង្គម និង​នយោបាយ​ដ៏​ល្បី​។ មន្ត្រី​បក្ស​ទាំងនោះ សុទ្ធតែ​ថ្កោលទោស​នូវ​អំពើ​ព្រៃផ្សៃ​នេះ ហើយ​ឲ្យ​អាជ្ញាធរ​វែកមុខ​ជនដៃដល់ និង​អ្នក​នៅ​ពីក្រោយ​ខ្នង​យកមក​ផ្តន្ទាទោស​តាមច្បាប់​ឲ្យ​បាន​។​

 
​លោក សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​៖ ជា​យោបល់​ខ្ញុំ​ផ្ទាល់ ខ្ញុំ​មិន​ចង់ឱ្យមាន​បាតុភាព​ដូច្នេះ​កើតឡើង​ទេ ជាពិសេស​នៅពេលដែល​កម្ពុជា​យើង​កំពុងតែ​គ្របដណ្តប់​ដោយ​សន្តិភាព​។ លោក​បណ្ឌិត កែម ឡី គឺជា​ដៃគូ​សន្ទនា​របស់ខ្ញុំ​ម្នាក់ នៅតាម​បណ្តាញសារព័ត៌មាន​។ នៅពេល​មាន​ហេតុការណ៍​ដូច្នេះ ខ្ញុំ​សូម​សម្តែង​ការសោកស្តាយ​យ៉ាងខ្លាំង សូម​វិញ្ញាណក្ខន្ធ​លោក កែម ឡី ទៅកាន់​សុខគ​តិភព​។​
 
​លោក ផៃ ស៊ី​ផាន អ្នកនាំពាក្យ​ទីស្តីការគណៈរដ្ឋមន្ត្រី​៖ ឃាតកម្ម​លើ​លោក កែម ឡី ជា​អំពើ ព្រៃផ្សៃ ថោ​កទាប​។ ទី​២ ខ្ញុំ​សូម​អំពាវនាវ​ដល់​សារព័ត៌មាន និង​ពលរដ្ឋ ចូលរួម​សហការ​ជាមួយ​សមត្ថកិច្ច ដើម្បី​ស្វែងរក​មូលហេតុ​នៃ​ឃាត​កម្មនេះ​។ ៣ លោក កែម ឡី ជា​ដៃគូ​ពិភាក្សា​ជាមួយ​ខ្ញុំ ខ្ញុំ​គោរព​សេចក្តីក្លាហាន​របស់គាត់​។ ការបាត់បង់​លោក កែម ឡី គឺជា​ការបាត់បង់​ធនធាន​ដ៏​ល្អ​របស់​កម្ពុជា​
 
​លោក អេង ឆៃអ៊ាង មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​កំពុងតែ​បំពេញការងារ​នៅ​ខេត្តបន្ទាយមានជ័យ​ជាមួយ​លោក យ៉ែម បុញ្ញឫទ្ធិ ៖ ពេល​ខ្ញុំ​ឮដំណឹង​នេះ ខ្ញុំ​រន្ធត់ចិត្ត​យ៉ាងខ្លាំង មិន​នឹកស្មានថា ឃាតកម្ម​បែបនេះ កើត​លើ​អ្នកវិភាគ​នៅ​កណ្តាល​ទីក្រុង​បែបនេះ ដែល​ប្រទេស​កម្ពុជា​យើង​ប៉ុន្មាន​ឆ្នាំ​មកនេះ មិនដែល​កើតមាន​ឡើយ​។  យើង​ថ្កោលទោស​ចំពោះ​អំពើ​ឃាតកម្ម​ដ៏​ថោកទាប​នេះ ។ យើង​សូម​អាជ្ញាធរ ចាប់​ជនដៃដល់ និង​អ្នក​នៅ​ពីក្រោយ​ខ្នង​មក​ផ្តន្ទាទោស​ឲ្យ​បាន និង​កុំ​ឲ្យ​មាន​ករណីបែបនេះ​កើតឡើង​នៅ​កម្ពុជា​ទៀត​។​
 
​លោក អំ សំអាត មន្ត្រី​ស៊ើបអង្កេត​ជាន់ខ្ពស់​នៃ​អង្គការ​លីកាដូ​៖ ​យើង​សូម​ថ្កោលទោស​យ៉ាង​ដាច់​អហង្ការ ចំពោះ​ការបាញ់សម្លាប់​លោក កែម ឡី ដែលជា​អ្នកចេះដឹង​របស់​ខ្មែរ​។ យើង​សូម​ឲ្យ​សមត្ថកិច្ច រក​ឃាតក​ពិតប្រាកដ​ឲ្យ​ឃើញ យកមក​ផ្តន្ទាទោស​។ ការសម្លាប់ លោក កែម ឡី ក្នុង​កាលៈទេសៈ​នេះ ធ្វើ​ឲ្យ​ស្ថានភាព​កម្ពុជា​រឹតតែ​តានតឹង​។ ចង់ ឬ​មិន​ចង់ វា​នឹងមាន​ការរិះគន់​ច្រើន​ចំពោះ​ការស្លាប់​របស់គាត់​។ យើង​សោកស្តាយ ​ខ្លាំងណាស់​។ លោក កែម ឡី គឺជា​អ្ន​ចេះដឹង ហើយ​គាត់​ជួយ​ខ្មែរ​យើង​ច្រើនណាស់​។ យើង​ពិបាក​រក​មែនទែន មនុស្ស​ដូច​គាត់​​។​

Tag:
 កែម ឡី​
  អេង ឆៃអ៊ាង​
  សុខ ឥសាន​
  ផៃ ស៊ី​ផាន
© រក្សាសិទ្ធិដោយ thmeythmey.com