ជាតិ
នយោបាយជាតិ
គ.ជ.ប នឹងចាត់វិធានការច្បាប់លើកម្លាំងប្រដាប់អាវុធ បើសិនរកឃើញថា ធ្វើខុសច្បាប់បោះឆ្នោត លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប
× ភ្នំពេញ៖ អ្នកនាំពាក្យគណកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប អះអាងថា គ.ជ.ប នឹងចាត់វិធានការផ្លូវច្បាប់លើកងកម្លាំងប្រដាប់អាវុធ ប្រសើសិនជាពួកគេប្រព្រឹត្តិផ្ទុយពីច្បាប់បោះឆ្នោត។ ការបញ្ជាក់របស់អ្នកនាំពាក្យ គ.ជ.ប បែបនេះ ក្រោយពីគណបក្សសង្គ្រោះជាតិ (CNRP) បានស្នើឲ្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ត្រួតពិនិត្យ លើករណីមន្ត្រីកងកម្លាំងប្រដាប់អាវុធ យោធា និងនគរបាល ដែលបានទៅចុះឈ្មោះបោះឆ្នោតនៅទីតាំងផ្សេង ពីលំនៅពិតប្រាកដរបស់សាមីខ្លួន។
ឆ្លើយតបនឹងការស្នើសុំរបស់គណបក្សសង្គ្រោះជាតិនោះ អ្នកនាំពាក្យរបស់គ.ជ.ប លោក ហង្ស ពុទ្ធា បានអះអាងថា គ.ជ.ប បានរៀបចំមន្ត្រី និងអ្នកច្បាប់មួយចំនួន ឲ្យចុះទៅត្រួតពិនិត្យរួចរាល់ហើយ ចំពោះបញ្ហាផ្លាស់ប្ដូរទីកន្លែងចុះឈ្មោះបោះឆ្នោតរបស់កងកម្លាំងប្រដាប់អាវុធនេះ។ បើតាមលោក ហង្ស ពុទ្ធា គ.ជ.ប ក៏មិនទាន់អាចវិនិច្ឆ័យចំពោះទង្វើរបស់កម្លាំងប្រដាប់អាវុធ ថាត្រូវ ឬខុសច្បាប់នោះដែរ ដោយត្រូវរង់ចាំការស៊ើបអង្កេត និងការពិភាក្សារបស់អ្នកច្បាប់ គ.ជ.ប សិន។
ថ្លែងប្រាប់សារព័ត៌មានថ្មីៗ អ្នកនាំពាក្យរបស់គ.ជ.បរូបនេះ បានបញ្ជាក់យ៉ាងដូច្នេះថា«គោលដៅដែលមន្ត្រី គ.ជ.ប ចុះទៅត្រួតពិនិត្យមុនគេ គឺខេត្តព្រះវិហារ ហើយបន្ទាប់មក នឹងចាប់ផ្តើមនៅតាមតំបន់ផ្សេងទៀត។ បើយើងរកឃើញថា កម្លាំងប្រដាប់អាវុធទាំងនោះធ្វើខុសច្បាប់មែន យើងនឹងដាក់ទោសទណ្ឌ»។
ក្រោយពីសង្កេតឃើញភាពមិនប្រក្រតីនៃការផ្លាស់ប្តូរទីតាំងចុះឈ្មោះបោះឆ្នោតរបស់កងកម្លាំងប្រដាប់អាវុធនេះ គណបក្សសង្គ្រោះជាតិ មានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះដំណើរការបោះឆ្នោតខាងមុខ។ គណបក្សសង្គ្រោះជាតិ ចាត់ទុកថា ករណីខាងលើនេះគឺធ្វើផ្ទុយពីបទបញ្ជា និងនីតិវិធីសម្រាប់ការចុះឈ្មោះបោះឆ្នោត និងច្បាប់ស្ដីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ត្រូវចាត់វិធានការលើករណីកងកម្លាំងប្រដាប់អាវុធ ដែលផ្លាស់ប្តូរទីកន្លែងចុះឈ្មោះបោះឆ្នោតទាំងនេះ ដើម្បីធានាភាពត្រឹមត្រូវ និងយុត្តិធម៌ នៅក្នុងការបោះឆ្នោត។
លិខិតគណបក្សសង្គ្រោះជាតិ ចុះថ្ងៃទី២២ កញ្ញានេះ បានបង្ហាញក្តីព្រួយបារម្ភប្រាប់ទៅប្រធានគ.ជ.ប លោក ស៊ិក ប៊ុនហុក យ៉ាងដូច្នេះថា៖«មានស្ថាប័នកងទ័ព និងនគរបាលការចាត់តាំងកងកម្លាំងប្រដាប់អាវុធ យោធា និងនគរបាល ឲ្យទៅចុះឈ្មោះបោះឆ្នោតផ្សេងពីទីលំនៅឬទីសំណាក់របស់សាមីខ្លួនបែបនេះ គឺជាសកម្មភាពរំលោភបំពានលើច្បាប់បោះឆ្នោត និងមានលក្ខណៈជាការបង្ខិតបង្ខំផ្ទុយពីឆន្ទៈពិតប្រាកដរបស់សាមីខ្លួន ហើយក៏បង្ហាញនូវរូបភាព គំរាមកំហែង ដល់អ្នកចុះឈ្មោះបោះឆ្នោត ដទៃផ្សេងទៀតផងដែរ»៕
© រក្សាសិទ្ធិដោយ thmeythmey.com