កីឡាជាតិ
ជាតិ
​យុវជន​ម្នាក់​ខ្ចី​កង់​គេ​ជិះ​រាប់គីឡូម៉ែត្រ​ដើម្បី​ទៅធ្វើ​តេ​ស្តិ៍ Academy បាល់ទាត់​នៅ​បាទី​
03, Nov 2016 , 2:28 pm        
រូបភាព
ដោយ: ថ្មីៗ
​គ្មានអ្វី​ដែល​អាច​រារាំង​ក្តី​ស្រឡាញ់​នោះឡើយ​។ នៅថ្ងៃនេះ អ្នកចាំទី​ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​កម្ពុជា ស៊ូ យ៉ា​ទី បាន​ចែករំលែក​ព័ត៌មាន​ដ៏​រំជួលចិត្ត​មួយ​ទាក់ទង​យុវជន​វ័យក្មេង​ម្នាក់​ដែល​បាន​ជិះ​កង់​រាប់គីឡូម៉ែត្រ​ពី​តំបន់ភ្នំ​ជី​សូរ ទៅកាន់​មជ្ឈមណ្ឌល​កីឡាបាល់ទាត់​ជាតិ​ទន្លេបាទី​។​



​បើតាម ស៊ូ យ៉ា​ទី យុវជន​វ័យ​ប្រហែល​១៥​ឆ្នាំ បានចេញ​ដំណើរ​ពី​ផ្ទះ​របស់ខ្លួន​តាំងពី​ម៉ោង​៧​ព្រឹក ហើយ​ទៅកាន់​មជ្ឈមណ្ឌល​បាល់ទាត់​ជាតិ​បាទី នៅ​ម៉ោង​១០ និង​៣០​នាទី​។ សមាជិក​ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​កម្ពុជា ដែល​កំពុង​ហ្វឹកហាត់​ត្រៀមខ្លួន​សម្រាប់​ព្រឹត្តិការណ៍ AFF Suzuki Cup បានឃើញ​យុវជន​រូបនោះ ហើយ​បាន​សាកសួរ​ទាក់ទង​ដំណើរ​របស់គេ​ទៅកាន់​មជ្ឈមណ្ឌល​បាល់ទាត់​ជាតិ​បាទី​។​

«​យើង​មិនបាន​សួរ​ឈ្មោះ និង​ព័ត៌មាន​លម្អិត​ពី​គាត់​ឡើយ ប៉ុន្តែ​គាត់​បាន​ប្រាប់​ពួក​ខ្ញុំ​ថា គាត់​មានបំណង​មក​ធ្វើ​តេ​ស្តិ៍​សម្រាប់​ក្រុម Academy​។ ជា​ចៃដន្យ ថ្ងៃនេះ មិនមាន​ការធ្វើ​តេ​ស្តិ៍​នោះឡើយ ដូច្នេះ​គាត់​ត្រូវ​ត្រឡប់ទៅផ្ទះ​វិញ​ទាំង​សោកស្តាយ​»​។ នេះ​ជាការ​បញ្ជាក់​របស់​អ្នកចាំទី​ក្លិប​បឹងកេត​អង្គរ មកកាន់​សារព័ត៌មាន​ថ្មីៗ​។​

​យ៉ា​ទី បាន​រៀបរាប់​បន្ថែមថា ក្មេង​រូបនោះ មាន​លំនៅដ្ឋាន​ជាង​១០​គីឡូម៉ែត្រ​បន្ថែមទៀត​ពី​ភ្នំ​ជី​សូរ ខេត្តតាកែវ​។ គាត់​បាន​ខ្ចី​កង់​គេ​ជិះ ហើយ​ម្តាយ​បាន​ផ្តល់ប្រាក់​៥០០០​រៀល ដើម្បី​ចំណាយ​ក្នុងករណី​ខូច​កង់​តាមផ្លូវ​។​

​យុវជន​ដែល​ស្រឡាញ់​កីឡាបាល់ទាត់​រូបនោះ បាន​វិលត្រឡប់​ទៅផ្ទះ ហើយ​សន្យា​វិលត្រឡប់​ទៅ​មជ្ឈមណ្ឌល​បាល់ទាត់​ជាតិ​សារជាថ្មី​។ បើតាម ស៊ូ យ៉ា​ទី សមាជិក​ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​កម្ពុជា បាននាំគ្នា​រៀបចំ​បាយ​ឲ្យ​ក្មេងប្រុស​រូបនោះ ហើយ​បានផ្តល់​សម្ភារ និង​ថវិកា​មួយចំនួន​សម្រាប់​រូបគេ​ក្នុងការ​ធ្វើដំណើរ​។​

«​គាត់​មិន​ចង់បាន​អ្វី​ពី​យើង​នោះឡើយ ប៉ុន្តែ​ពួក​ខ្ញុំ​នៅតែ​នាំគ្នា​ផ្តល់​ថវិកា​បន្តិច​ច​ន្តួ​ច និង​សម្ភារ​ខ្លះៗ​ជូន​គាត់ ហើយ​សង្ឃឹមថា គាត់​អាច​ជួល​ម៉ូតូឌុប ឬ​ម៉ូតូ​កង់​បី ដើម្បី​ធ្វើដំណើរ​មក​ធ្វើ​តេ​ស្តិ៍​...»​។ នេះ​ជាការ​អះអាង​របស់ ស៊ូ យ៉ា​ទី​៕




Tag:
 បាល់ទាត់​
  បាទី​
  ស៊ូ យ៉ា​ទី
© រក្សាសិទ្ធិដោយ thmeythmey.com