ជាតិ
លោក ទៀ បាញ់​៖ អង្គរក្ស​ដែល​វាយ​តំណាងរាស្ត្រ​ឡើង​សក្តិ​តាម​ការងារ ឯ​ករណី​បុគ្គល​ជា​រឿង​ផ្សេង​
03, Feb 2017 , 4:25 pm        
រូបភាព
លោក ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួងការពារ​ជាតិ
លោក ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួងការពារ​ជាតិ
ដោយ:
​ភ្នំពេញ​៖ រដ្ឋមន្ត្រី​ក្រសួងការពារជាតិ លោក ទៀ បាញ់ បាន​ថ្លែងថា​ការដំឡើង​ឋានន្តរសក្តិ​ដល់​មន្ត្រី​អង្គរក្ស ដែល​បាន​វាយ​តំណាងរាស្ត្រ​គណបក្សប្រឆាំង ៣ រូប ឲ្យ​រងរបួស​ជា​ទម្ងន់​កាលពី​ចុងឆ្នាំ ២០១៥ នោះ គឺ​ស្របតាម​ច្បាប់​លក្ខន្តិកៈ​របស់​កងយោធពល​ខេមរភូមិន្ទ​។​



​លោក ទៀ បាញ់ បាន​ថ្លែង​ការពារ​ការដំឡើងឋាន​ន្ត​រ​សក្តិ​ដល់​មន្ត្រី​ក្រសួងការពារជាតិ​រប​ស់លោក គឺ​ធ្វើតាម​ច្បាប់ និង​លក្ខន្តិកៈ​របស់​កងយោធពល​ខេមរភូមិន្ទ​កំណត់​ច្បាស់លាស់​។ រដ្ឋមន្ត្រី​ការពារជាតិ បានបញ្ជាក់​ក្នុង​សាកលវិទ្យាល័យ​ការពារជាតិ​កាលពី​ថ្ងៃទី​២ កុម្ភៈ ដូច្នេះ​ថា​៖«​រឿង​ស័ក្តិ​រឿង​យស ខ្ញុំ​ធ្វើទៅ​តាមច្បាប់​ទៅតាម​លក្ខន្តិកៈ​របស់​ក​ង​យោធពលខេមរភូមិន្ទ​មានចែង​ច្បាស់​។ យោធិន​ដែល​បំពេញការងារ​គឺមាន​ថេរវេលា​ច្បាស់លាស់​ឆ្នាំ​ណា​ត្រូវ​ឡើង​ស័ក្តិ​ម្ដង​មិនថាតែ​អង្គរក្ស​ទាំង​នោះទេ​អ្នកណា​ក៏ដោយ ក៏​ឡើង​ដូចគ្នា​ដែរ​ឲ្យ​តែ​ដល់ពេល​វេលា​គេ​ត្រូវតែ​ដំឡើង​ស័ក្តិ​ហើយ​...»​។

​នៅពេល​អ្នកកាសែត​សួរថា ហេតុអ្វី​បានជា​ត្រូវ​ដំឡើង​ស័ក្តិ​ដល់​ជន​ដែល​នៅ​មិនទាន់បាន​បំពេញ​ទោស​គ្រប់​ចំនួន​ទៅតាម​អំណាច​សាលក្រម​របស់​តុលាការ​នៅឡើយ​? លោក​បាន​ឆ្លើយតប​ថា​៖«​ខ្ញុំ​ឃើញតែ​ពួកគេ​បាន​រួចខ្លួន​ស្រេច​ហើយ​មាននៅ​ក្នុង​ពន្ធនាគារ​ឯណា​...​វា​មិន​ពាក់ព័ន្ធ​ជាមួយ​រឿង​ឡើង​ស័ក្តិ​ឡើង​អី​ទេ ហើយ​អ្នក​ថា មិន​ប្រក្រតី អ្នក​ហ្នឹង​គឺ​យល់​ខុស​ហើយ ខ្ញុំ​ចាត់ទុកថា ប្រក្រតី​តាម​លក្ខន្តិកៈ​របស់​កង​យោធពលខេមរភូមិន្ទរ​បស់​យើង ខ្ញុំ​ធ្វើតាម​ច្បាប់ និង​អំណាច​ដែលមាន​»​។​

​សំឡេង​លោក ទៀ បាញ់​៖




​ក្រុម​អង្គរក្ស​៣ រូប​ដែល​ត្រូវបាន​តុលាការ​ផ្តន្ទាទោស​ដាក់ពន្ធនាគា​រ ៤ ឆ្នាំ (​ព្យូ​រ​ទោស ៣ ឆ្នាំ​) ពីបទ «​ប្រើ​អំពើហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស​» នោះ​មានឈ្មោះ លោក ចាយ សារិទ្ធ ត្រូវបាន​ដំឡើង​ឋានន្តរស័ក្តិ​ទៅជា​ឧ​ត្ត​ម​សេនីយ៍​ត្រី លោក សុ​ត វណ្ណ​នី និង​លោក ម៉ៅ ហឿន ដំឡើង​ទៅជា​វរសេនីយ៍​ឯក​បន្ទាប់ពី​ពួកគេ​ត្រូវបាន​ដោះលែង​ពី​ពន្ធនាគារ​បន្ទាប់ពី​បាន​ជាប់ពន្ធនាគារ​អស់​រយៈពេល ១ ឆ្នាំ​។​

​កាលពី​ថ្ងៃទី​២២ មករា ព្រះមហាក្សត្រ បាន​បង្គាប់​តែងតាំង​វរសេនីយ៍ឯក​ពីររូប ទៅជា​ឧ​ត្ត​ម​សេនីយ៍​ត្រី​ ដែល​ក្នុងនោះ​មន្ត្រី​អង្គរក្ស ម្នាក់ទៀត ឈ្មោះ ចាយ សារិទ្ធ ដែល​ធ្លាប់បាន​ប្រើប្រាស់​ហិង្សា​វាយ​លើ​អ្នកតំណាងរាស្ត្រ​បក្សប្រឆាំង​លោក ញ៉យ ចំរើន និង​លោក គង់ សភា កាលពី​ឆ្នាំ​២០១៥​ដែរ​។ ចំណែក​អង្គរក្ស​សម្ដេច ហ៊ុន សែន ពីររូប​ទៀត​គឺ​លោក សុ​ត វណ្ណ​នី និង​លោក ម៉ៅ ហឿន ដែល​បាន​វាយ​តំណាងរាស្ត្រ​គណបក្សប្រឆាំង​ដែរនោះ ទើបតែ​ទទួលបាន​ការឡើង​ឋានន្តរសក្តិ​ពី​វរសេនីយ៍ទោ ទៅជា​វរសេនីយ៍ឯក កាលពី​ខែវិច្ឆិកា ឆ្នាំ​២០១៦ ។​

​គួរ​បញ្ជាក់ថា លោក គង់ សភា និង​លោក ញ៉យ ចំរើន តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវបាន​ជនដៃដល់​មួយក្រុម​ព្រួត​គ្នា​ប្រើ​ហិង្សា​វាយដំ នៅក្បែរ​វិមាន​រដ្ឋសភា កាលពី​ខែតុលា ឆ្នាំ​២០១៥ កន្លងទៅ ។ ក្រោយពេល​កើតហេតុ​ជនដៃដល់​៣​រូប​ដែលជា​អង្គរក្ស គឺ​លោក ចាយ សារិទ្ធ លោក សុ​ត វណ្ណ​នី និង​លោក ម៉ៅ ហឿន បាន​ចូលខ្លួន​សារភាព​ទទួលទោស​។

​តុលាការ​រាជធានី​ភ្នំពេញ បានប្រកាស​សាលក្រម កាលពី​ថ្ងៃទី​២៧ ខែឧសភា ឆ្នាំ​២០១៦  ដោយ​ចោទ​ជន​ទាំង​៣​នាក់ ដែល​ប្រើ​អំពើហិង្សា​លើ​តំណាងរាស្ត្រ ពីបទ «​ប្រើ​អំពើហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស​» ហើយ​ផ្តន្ទាទោស​ពួកគេ​ឲ្យ​ជាប់​ពន្ធនាការ​ចំនួន​៤​ឆ្នាំ តែ​អនុវត្ត​ទោស​តែ​១​ឆ្នាំ​ប៉ុណ្ណោះ ហើយ​៣​ឆ្នាំ​ទៀត ត្រូវបាន​ព្យួរ​។ ជាងនេះទៀត សាលក្រម ក៏បាន​កំណត់​ឲ្យ​ពិរុទ្ធជន​ទាំងនោះ បង់ប្រាក់​ចូល​រដ្ឋ (​ផ្នែក​ព្រហ្មទណ្ឌ​) ចំនួន​៦​លាន​រៀល ក្នុង​ម្នាក់ៗ ហើយ​ផ្តល់​សំណង​រួមគ្នា (​ផ្នែក​រដ្ឋប្បវេណី​)  ចំនួន​៨០​លាន​រៀល ជូន​លោក គង់ សភា និង​លោក ញ៉យ ចំរើន ដែលជា​ជនរងគ្រោះ​៕


Tag:
 ទៀ បាញ់​
  គង់ សភា​
  ញ៉យ ចំរើន​
  ការពារជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com