អត្ថបទពាណិជ្ជកម្ម
​សិស្សានុសិស្ស ៨១៩​នាក់ នៃ​សាលារៀន អន្តរទ្វីប អាមេរិកាំង​ ​ចូលរួម​សិក្ខាសាលា​ស្តីពី ជំងឺមហារីក​មាត់ស្បូន​
24, Feb 2017 , 3:29 pm        
រូបភាព
ដោយ:
​សិស្សានុសិស្ស​មធ្យមសិក្សា​ទុតិយភូមិ​នៃ​សាលារៀន អន្តរទ្វីប អាមេរិកាំង ទាំង​៣​សាខា សរុប​ប្រមាណ​ចំនួន​៨១៩​នាក់ និង​លោកគ្រូ អ្នកគ្រូ ព្រមទាំង​បុគ្គលិក​ជាច្រើន​នាក់​ផ្សេងទៀត បាន​ចូលរួម​សិក្ខាសាលា​ស្តីពី ជំងឺមហារីក​មាត់ស្បូន ដែល​រៀបចំឡើង​ដោយ​គណៈ​គ្រប់គ្រង​សាលារៀន អន្តរទ្វីប អាមេរិកាំង តាម​សាខា​នីមួយៗ កាលពី​ចុង​សប្ដាហ៍​កន្លងទៅ​ថ្មីៗ​នេះ​។​

​សូម​ជម្រាបជូន​ថា ជំងឺមហារីក​មាត់ស្បូន (Cervical Cancer) ជា​ជំងឺ​មួយ​ប្រភេទ​ដែល​កើតឡើង​នៅពេល​កោសិកា​មាត់ស្បូន​បន្ដ​រីកដុះដាល​ធំ​ឡើងៗ ទើប​ជាហេតុ​ធ្វើឱ្យ​រាងកាយ​ស្ដ្រី​មិនអាច​គ្រប់គ្រង​វា​បាន ហើយ​ជំងឺ​នេះ​មិនមែន​កើតមាន​តែ​លើ​ស្ត្រី​វ័យ​ចំណាស់​ប៉ុណ្ណោះ​ទេ ប៉ុន្ដែ​ស្ត្រី​ស្ថិតនៅក្នុង​វ័យ​បន្ត​ពូជ​ក៏​កើតមាន​ដែរ​។ មកដល់​បច្ចុប្បន្ន កម្ពុជា​ជា​ប្រទេសមួយ​ដែល​កំពុងមាន​ស្ដ្រី​ទទួលរង​ការគំរាមកំហែង​យ៉ាងខ្លាំង ពី​ជំងឺមហារីក​មាត់ស្បូន​នេះ ពោលគឺ​កម្ពុ​ជាមាន​ស្ដ្រី​កើត​ជំងឺមហារីក​មាត់ស្បូន​ច្រើនជាងគេ​បំផុត ក្នុងចំណោម​បណ្ដា​ប្រទេស​នៅ​តំបន់​អាស៊ីអាគ្នេយ៍​។ នេះ​បើតាម​ការអះអាង​របស់​ឱសថ​បណ្ឌិត ដោក ដា​លី​ស ឯកទេស​វិភាគ​កោសិកា​មហារីក ដែលជា​វាគ្មិន​បាន​ចូលរួម​ចែករំលែក​ចំណេះដឹង និង​បទពិសោធ​នៅក្នុង​សិក្ខាសាលា​នោះ​។​



​ថ្លែង​មកកាន់​អ្នកសារព័ត៌មាន​យើង ឱសថ​បណ្ឌិត​រូបនោះ​បញ្ជាក់​បន្ថែមថា​៖ “​បច្ចុប្បន្ននេះ ជំងឺមហារីក​មាត់ស្បូន​នៅ​កម្ពុជា​កំពុង​ឈរ​លំដាប់ថ្នាក់​លេខ​១ ក្នុងចំណោម​ជំងឺមហារីក​ដទៃទៀត​ដែល​កើតឡើង​ចំពោះ​ស្ដ្រី ហើយ​បើ​យោងតាម​ស្ថិតិ​ចេញផ្សាយ​ក្នុង​ឆ្នាំ​២០១៥ កន្លងមកនេះ ក្នុង​មួយឆ្នាំៗ​មាន​ស្ដ្រី​ប្រមាណ​១,៥១២​នាក់ បានកើត​ជំងឺ​នេះ និង​ក្នុងនោះ​មាន​ស្ដ្រី​ប្រមាណ​៧៩៥​នាក់ ក៏បាន​ស្លាប់​ដោយសារ​ជំងឺ​នេះដែរ​”​។

​ជុំវិញ​កម្មវិធី​សិក្ខាសាលា​នោះ បើតាម​ប្រធាន​ចាងហ្វាង និង​ជា​ចាងហ្វាង​មធ្យមសិក្សា​ទុតិយភូមិ សាខា​ចាក់អង្រែ លោក ជា សម្បត្តិ ថ្លែងថា ដោយ​មើលឃើញ​ពី​ផលវិបាក​ដែល​បណ្ដាលមកពី​ជំងឺ​នេះហើយ ទើប​ជាហេតុ​នាំឱ្យ​គណៈ​គ្រប់គ្រង​សាលារៀន អន្ដរទ្វីប អាមេរិកាំង ផ្ដួចផ្ដើម​ឱ្យមាន​សិក្ខាសាលា​នេះ​ឡើង​។ ពោល​គឺមាន​សុច្ឆន្ទៈ​មួយ​ដើម្បី​អប់រំ​សិស្សានុសិស្ស​ឱ្យ​យល់ដឹង​ពី​បញ្ហា​នៃ​ជំងឺមហារីក​មាត់ស្បូន​ដ៏​កាច​សាហាវ​មួយ​នេះ ដែល​បច្ចុប្បន្ន​ស្ដ្រី​កម្ពុជា​កំពុង​ប្រឈម​យ៉ាងខ្លាំង​។ លើសពីនេះ សិក្ខាសាលា​នេះ​ក៏មាន​ចេតនា​ពញ្ញាក់​ស្មារតី​ឱ្យ​សិស្ស​ចេះ​ការពារ​ខ្លួន​តាមរយៈ​ចាក់​ថ្នាំ​បង្ការ និង​ចេះ​អនាម័យ​ខ្លួនប្រាណ ពោល​សុខភាព​ផ្លូវភេទ​ជាដើម​ផងដែរ​។



​ថ្លែង​ក្នុងឱកាស​នោះដែរ យុវតី ហ៊ាង ដា​នី ជា​សិស្ស​ថ្នាក់​ទី​១១​ក នៃ​សាលារៀន អន្ដរទ្វីប អាមេរិកាំង បានបង្ហាញ​ចំណាប់អារម្មណ៍​ដោយ​រីករាយ​ថា នេះ​ជា​ចំណេះដឹង​ដ៏​វិសេសវិសាល​បំផុត​ចំពោះ​ខ្លួន ដែល​សាលា​មួយ​នេះ​បានរៀបចំ​បង្កើតឱ្យមាន​សិក្ខាសាលា​ស្ដីពី​បញ្ហា​សុខភាព​នៃ​ជំងឺមហារីក​មាត់ស្បូន​បែបនេះ ព្រោះ​កន្លងមក​យុវតី​រូបនេះ​ពុំបាន​ដឹងថា អ្វី​ទៅជា​ជំងឺមហារីក​មាត់ស្បូន និង​ជំងឺមហារីក​មាត់ស្បូន ជា​ជំងឺ​ដ៏​កាច​សាហាវ​ខ្លាំង​បែបនេះ​ឡើយ​។ ស្រប​ជាមួយគ្នា ដា​នី អះអាងថា ខ្លួន​នឹង​យក​ព័ត៌មាន​ដែល​ទទួលបាន​តាម​យៈ​សិក្ខាសាលា​នេះ ទៅ​ចែករំលែក​ដល់​ក្រុមគ្រួសារ ក៏ដូចជា​មិត្តភក្តិ​ដើម្បី​បង្ការ​។

​គួរ​រម្លឹក​ជូន​ដែរ​ថា បើតាម​អ្នកឯកទេស​ជំនាញ​ជំងឺមហារីក​មាត់ស្បូន​សកល​បាន​ថ្លែងថា ដ្បិត​ជំងឺមហារីក​មាត់ស្បូន​ជា​ជំងឺ​កាច​សាហាវ​យ៉ាងនេះ​ក៏ដោយ​ក្ដី ក៏​ស្រី្ត​នៅតែ​អាច​ចៀសវាង​ជំងឺ​នេះ​បានដែរ ពោល​ស្ទើរតែ​អាច​បង្ការ​បាន​១០០% ព្រោះ​ជំងឺមហារីក​មាត់ស្បូន​ពុំមែន​ជា​ជំងឺ​តំណពូជ​ឡើយ​។ ក្រុម​អ្នកជំនាញ​អះអាងថា គេ​អាច​បង្ការ​ជំងឺ​នេះ​បាន​តាមរយៈ​វិធី​បង្ការ​៣​ចំណុច​។ ទី​១ ស្ត្រី​គ្រប់រូប​ត្រូវតែ​ចាក់​ថ្នាំ​បង្ការ​ជំងឺមហារីក​មាត់ស្បូន​។ មានន័យថា ស្ដ្រី​ដែលមាន​អាយុ​ចាប់ពី​៩​ឆ្នាំ​ឡើងទៅ ត្រូវ​ចាក់​ថ្នាំ​បង្ការ​ជំងឺមហារីក​មាត់ស្បូន​ឱ្យបាន​៣​ដង​តាម​ដំណាក់កាល​។ ទី​២ ការពារ​ដោយ​ការពិនិត្យ​សុខភាព​មាត់ស្បូន​ឱ្យបាន​ទៀងទាត់ ពោល​ស្ត្រី​ត្រូវតែទៅ​ជួប​ពិគ្រោះ​យោបល់​ជាមួយនឹង​គ្រូពេទ្យ​ឯកទេស​លើ​ជំងឺ​នេះ ដើម្បី​ពិនិត្យមើល​សុខភាព​មាត់ស្បូន យ៉ាងតិច​ឱ្យបាន​៣​ឆ្នាំ​ម្ដង​ដែរ​។ ទី​៣ ចាំបាច់​ណាស់​ដែល​ស្ត្រី​ត្រូវតែ​ធ្វើតេស្ត​រក​មេរោគ HPV៕

( អត្ថបទ​សាលា )


© រក្សាសិទ្ធិដោយ thmeythmey.com