អន្តរជាតិ
រដ្ឋាភិបាល​ម៉ាឡេស៊ី ដាស់តឿន​ប្រជាជន​ខ្លួន​«​កុំទៅ​លេង​នៅ​កូរ៉េខាងជើង​»
24, Feb 2017 , 3:57 pm        
រូបភាព
លោកប្រធានាធិបតីកូរ៉េខាងជើង គិម ជុងអ៊ុន
លោកប្រធានាធិបតីកូរ៉េខាងជើង គិម ជុងអ៊ុន
ដោយ: ថ្មីៗ
​រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​ទេសចរណ៍​ម៉ាឡេស៊ី លោក Mohamed Nazri Abdul Aziz បាន​ដាស់តឿន​ប្រជាជន​ម៉ាឡេស៊ី​កុំ​ឲ្យ​ទៅធ្វើ​ដំណើរ​កម្សាន្ត​នៅក្នុង​ប្រទេស​កូរ៉េខាងជើង ក្រោម​ហេតុផល​សន្តិសុខ​។ ការ​ដាស់តឿន​នេះ ធ្វើឡើង​ស្របពេល​ដែល​កម្តៅ​ការទូត​កូរ៉េខាងជើង​-​ម៉ាឡេស៊ី កំពុងតែ​កើនឡើង​ខ្លាំង​ជុំវិញ​ឃាតកម្ម​របស់​បងប្រុស​លោ​ក គីម ជុង​អ៊ុន​នាពេល​ថ្មីៗ​នេះ​។



​លោក​រដ្ឋមន្ត្រី Mohamed Nazri Abdul Aziz នៅ​ថ្ងៃទី​២៣ កុម្ភៈ បាន​ពណ៌នា​ប្រទេស​កូរ៉េខាងជើង​ជា​រដ្ឋ​មួយ​ដែល​មានការ​ពុតត្បុត​ខ្លាំង និង​ពិបាក​ស្មាន​ដល់​។ លោក​រដ្ឋមន្ត្រី សង្កត់ធ្ងន់ថា​៖« ខ្ញុំ មិន​លើកទឹកចិត្ត​ឲ្យ​ប្រជាជន​ម៉ាឡេស៊ី ធ្វើដំណើរ​កម្សាន្ត​ទៅកាន់​កូរ៉េខាងជើង​នោះទេ​។ អ្នក មិនអាច​ទស្សន៍ទាយ​អ្វីដែល​ពួកគេ​នឹងធ្វើ​ដែរ​»​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន The Nation​។

​សូមបញ្ជាក់​បន្តិច​ដែលថា ម៉ាឡេស៊ី និង​កូរ៉េខាងជើង កំពុងតែ​មានការ​ប្រឈមមុខ​គ្នា​ខ្លាំង​ផ្នែក​ការទូត​ក្រោយពី​មាន​ឃាតកម្ម​លើ​លោក គីម ជុង​ណាំ ដែលជា​បងប្រុស​របស់​លោក​ប្រធានាធិបតី​កូរ៉េខាងជើង គីម ជុង​អ៊ុន​។ ការប្រឈមមុខ​នោះ ក៏ដោយ​សារ កូរ៉េខាងជើង បានទាមទារ​ឲ្យ​ម៉ាឡេស៊ី​ប្រគល់​សាកសព​ជនរងគ្រោះ​ដោយ​គ្មាន​លក្ខខណ្ឌ ខណៈ​ម៉ាឡេស៊ី ឲ្យ​កូរ៉េខាងជើង​គោរព​តាមច្បាប់​ប្រទេស​ខ្លួន​។

​លោក គីម ជុង​ណាំ ដែលមាន​ម្តាយ​ផ្សេងគ្នា​ពី​លោក​ប្រធានាធិបតី គីម ជុង​អ៊ុន ត្រូវបាន​សម្លាប់​នៅ​ព្រលានយន្តហោះ​កូ​ឡា​ឡាំ​ពួ​នៃ​ប្រទេស​ម៉ាឡេស៊ី​នៅ​ថ្ងៃទី​១៤ ខែកុម្ភៈ​។ លោក បាន​ស្លាប់​នៅតាម​ផ្លូវ ខណៈ​មន្ត្រី​ព្រលានយន្តហោះ បញ្ជូន​លោក​ទៅកាន់​សង្គ្រោះបន្ទាន់ បន្ទាប់ពី មាន​ហេតុការណ៍​នៃ​ការ​ខ្ទប់​មុខ​លោក​ជាមួយនឹង​សារធាតុពុល​នៅ​ព្រលានយន្តហោះ​ម៉ាឡេស៊ី​។​

​ជុំវិញ​បញ្ហា​នេះ ប៉ូលិស​ម៉ាឡេស៊ី ក៏បាន​ឃាត់ខ្លួន​ជនសង្ស័យ​ជា​បន្តបន្ទាប់ ដែល​ក្នុងនោះ​ពួកគេ​មាន​សញ្ជាតិ​វៀតណាម ម៉ាឡេស៊ី ឥណ្ឌូណេស៊ី និង​កូរ៉េខាងជើង​។ ប៉ូលិស ក៏​កំពុងតែ​តាម​ចាប់ខ្លួន​ជនសង្ស័យ​ពលរដ្ឋ​កូរ៉េខាងជើង​មួយចំនួន​ផ្សេងទៀត ដែល​កំពុងតែ​គេចខ្លួន​ផងដែរ​៕


Tag:
 ​ម៉ាឡេស៊ី​
  កូរ៉េខាងជើង​
  អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com