ជាតិ
មេធាវី ដាក់​លិខិត​សុំ​ឲ្យ​ដោះលែង​លោក គឹម សុខ ដែល​ជាប់ឃុំ​ព្រោះបណ្តឹង​សម្តេច ហ៊ុន សែន​
24, Feb 2017 , 4:34 pm        
រូបភាព
​ភ្នំពេញ​៖ ក្រោយ​ទទួល​សិទ្ធិ​ធ្វើជា​មេធាវី​ការពារ​ក្តី​ឲ្យ គឹម សុខ អ្នកវិភាគ​នយោបាយ ដែល​កំពុង​ជាប់ពន្ធនាគារ លោក ជូ​ង ជូ​ងី ក៏​ប្រញាប់ប្រញាល់​ដាក់​លិខិត​ទៅកាន់​តុលាការ ដើម្បី​សុំ​ឲ្យ​ដោះលែង​កូនក្តី​របស់ខ្លួន​។ លោក គឹម សុខ បាន​ជាប់ឃុំ​នៅ​ពន្ធនាគារ​កាលពី​ថ្ងៃទី​១៧ កុម្ភៈ ទាក់ទង​នឹង​បណ្ដឹង​របស់​សម្តេច ហ៊ុន សែន ។​



​លោក​មេធាវី ជូ​ង ជូ​ងី ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា លោក បានដាក់​លិខិត​ទៅកាន់​ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ​រួចហើយ នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ ដើម្បី​សុំ​ឲ្យ​ដោះលែង​លោក គឹម សុខ អ្នកវិភាគ​នយោបាយ ដែល​កំពុង​ជាប់ពន្ធនាគារ ដោយសារតែ​បណ្តឹង​របស់​សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​។​

​លោក ជូ​ង ជូ​ងី មិនអាច​សន្និដ្ឋានបាន​ទេ​ថា ការដាក់​លិខិត​សុំ​ឲ្យ​កូនក្តី​រស់នៅ​ក្រៅ​ឃុំ នឹង​ទទួលបាន​ចម្លើយ​វិជ្ជមាន ឬ​យ៉ាងណា​នោះ​។ លោក ជូ​ង ជូ​ងី គ្រាន់តែ​និយាយថា ក្នុងនាម​ជា​មេធាវី លោក ត្រូវតែ​ខិតខំ​ឲ្យ​អស់​លទ្ធភាព ដើម្បី​ការពារ​កូនក្តី​។ លោក​មេធាវី ដែល​ឧស្សាហ៍​កាន់​សំណុំរឿង​ផ្នែក​នយោបាយ​រូបនេះ បានបញ្ជាក់​ដូច្នេះ​ថា​៖«​ខ្ញុំ​ត្រូវ​តវ៉ា​គ្រប់​នីតិវិធី ដើម្បី​ជួយ​កូនក្តី​របស់ខ្ញុំ ទៅតាម​ផ្លូវច្បាប់​»​។​

​ជា​នីតិវិធី បន្ទាប់ពី​ទទួលបាន​លិខិត​សុំ​នៅក្រៅ​ឃុំ​ពី​សំណាក់​មេធាវី​រួចហើយ ចៅក្រម​ស៊ើបសួរ មាន​រយៈពេល​ប្រាំ​ថ្ងៃ ដើម្បី​សម្រេច​ថា ដោះលែង​ឬ​មិន​ដោះលែង​។ នេះ​ជាការ​ពន្យល់​របស់លោក ជូ​ង ជូ​ងី ដដែល​។

​លោក គី តិច មេធាវី​របស់​សម្តេច ហ៊ុន សែន ធ្លាប់​លើកឡើងថា ការសម្រេចចិត្ត​ដាក់ពាក្យ​ប្តឹង គឺ​ដោយសារតែ​លោក គឹ​ម សុខ បាន​ចោទថា​គណបក្ស​ប្រជាជន​កម្ពុជា សម្លាប់​លោក កែម ឡី​។ ក្រោយ​ទទួល​បណ្តឹង​របស់លោក​មេធាវី គី តិច​ហើយ តុលាការ ក៏​ចេញ​ដីកា​ឲ្យ​លោក គឹម សុខ ចូល​បំភ្លឺ​។ នៅ​ថ្ងៃទី​១៧ ខែកុម្ភៈ ឆ្នាំ​២០១៧ លោក គឹម សុខ ក៏​ចូល​បំភ្លឺ​តាម​ដីកា​របស់​តុលាការ​។ ក្រោយ​សាកសួរ​រួចហើយ ចៅក្រម​ស៊ើបសួរ ក៏​សម្រេចយក​លោក គឹម សុខ ទៅ​ឃុំ​ជា​បណ្តោះអាសន្ន​នៅ​ពន្ធនាគារ​ព្រៃ​ស ក្រោម​បទ​ចោទ «​បរិហារកេរ្តិ៍​ជា​សាធារណៈ​» និង បទ «​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍​»​។ ​ក្នុង​បណ្តឹង​ខាងលើ សម្តេច ហ៊ុន សែន បាន​ទារ​សំណង​ជំងឺ​ចិត្ត ពី​លោក គឹម សុខ រហូតដល់​ទៅ ៥០​ម៉ឺន​ដុល្លារ​ឯណោះ​។

លោក គឹម សុខ នៅ​រង​បណ្តឹង​របស់​សម្តេច ហ៊ុន សែន មួយ​ផ្សេងទៀត​។ បណ្តឹង​លើក​ទី​ពីរ​នេះ សម្តេច ហ៊ុន សែន ទារ​សំណង​ជំងឺ​ចិត្ត​ពី​លោក គឹម សុខ តែ​២៥០០​ដុល្លារ ប៉ុណ្ណោះ​។ អង្គហេតុ ដែល​នាំ​ឲ្យ​លោក គឹម សុខ រង​បណ្តឹង​ជា​លើក​ទី​ពីរ គឺ​ដោយសារតែ​លោក និយាយថា ប្រព័ន្ធ​មួយ ដែល​ស្ថិតនៅក្រោម​រដ្ឋាភិបាល​ប​ច្ចុ​ប្បន្ន មានការ​សម្លាប់​មនុស្ស ហើយ​រកមុខ​ឃាតក​មិនឃើញ​៕






Tag:
 ​គឹម សុខ​
  ជូ​ង ជូ​ងី​
  ហ៊ុន សែន​
© រក្សាសិទ្ធិដោយ thmeythmey.com