អន្តរជាតិ
អន់ចិត្ត​ដែល​ចិន​ឈប់​នាំចូល​ធ្យូងថ្ម កូរ៉េខាងជើង​ចោទថា «​ចិន​កំពុង​រាំ​តាម​ចង្វាក់ភ្លេង​អាមេរិក​»
24, Feb 2017 , 10:59 pm        
រូបភាព
​កូរ៉េខាងជើង ទំនងជា​អន់ចិត្ត​ផង ខឹងសម្បារ​ផង ក្រោយ​សម្ព័ន្ធមិត្ត​តែមួយគត់​របស់ខ្លួន គឺ​មហា​យក្ស​ចិន សម្រេចចិត្ត​ផ្អាក​ការ​នាំចូល​ធ្យូង​ពី​កូរ៉េខាងជើង​។ រដ្ឋាភិបាល​នេះ បាន​រិះគន់​ចំណាត់​ការផ្អាក​នាំចូល​ធ្យូងថ្ម​ដែលជា​ផលិតផល​នាំចេញ​ដ៏​ធំ​របស់ខ្លួន ដល់​ថ្នាក់​ហ៊ាន​និយាយថា​ក្រុង​ប៉េកាំង​ធ្វើ​តាមតែ​ការទាមទារ​ក្រុង​វ៉ាស៊ីនតោន មិន​គិត​មិត្តភាព​យូរ​ឆ្នាំ​ជាមួយ​ខ្លួន​។ នេះ​ជាការ​រិះគន់​របស់​កូរ៉េខាងជើង​ចំពោះ​ចិន ដែល​មិន​ធ្លាប់មាន​ពីមុន​សោះ​។​



​កាលពី​សប្ដាហ៍​មុន រដ្ឋាភិបាល​ចិន បានសម្រេច​ចិត្ត​ឈប់​នាំចូល​ធ្យូងថ្ម​ពី​កូរ៉េខាងជើង ដោយ​អនុវត្តតាម​សេចក្ដីសម្រេច​របស់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​។ សេចក្ដីសម្រេច​នេះ ធ្វើឡើង​ជាការ​ឆ្លើយតប​នឹង​ការបាញ់​មី​ស៊ី​ល​របស់​កូរ៉េខាងជើង​។ ការបាញ់​មី​ស៊ី​ល​នេះ បំពាន​ច្បាប់​អន្តរជាតិ និង​ដំណោះស្រាយ​របស់​ក្រុមប្រឹក្សាសន្តិសុខ ដែល​ហាម​កូរ៉េខាងជើង​ពី​ការសាកល្បង​មី​ស៊ី​ល​ប្រើ​បច្ចេកវិទ្យា​បាលី​ស្ទិ​ក និង​អាវុធ​នុយក្លេអ៊ែរ​នោះ​។​

​ដោយសារ​រឿងនេះ ក្រុង​ព្យុងយ៉ាង អន់ចិត្ត​យ៉ាងខ្លាំង និង​វាយប្រហារ​ក្រុង​ប៉េកាំង​ដោយ​ពាក្យសម្តី​ទៀតផង​។ ដោយ​មិន​និយាយ​ចំឈ្មោះ​ចិន សារព័ត៌មាន​រដ្ឋ​កូរ៉េខាងជើង KCNA នៅ​ថ្ងៃទី​២៣ ខែកុម្ភៈ រាយការណ៍​ថា ប្រទេសមួយ​ដែល​តាំងខ្លួន​ឯង​ជា​អ្នកជិតខាង​ល្អ បាន​បោះបង់​កូរ៉េខាងជើង ដើម្បី​យកចិត្ត​អាមេរិក ដោយបាន​កាត់​ផ្ដាច់ការ​នាំចូល​ធ្យូងថ្ម​ទៅតាម​ការសម្រេច​របស់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​។​

​បើតាម​សារព័ត៌មាន BBC សារព័ត៌មាន​រដ្ឋ​កូរ៉េខាងជើង​បន្តថា​៖ «​ប្រទេស​នេះ ដែល​ចាត់ទុក​ខ្លួនឯង​ជា​ប្រទេស​មហាអំណាច កំពុង​រាំ​តាម​ចង្វាក់ភ្លេង​អាមេរិក​។ ប្រទេស​នេះ​ក៏​និយាយ​ការពារ​វិធានការ​រប​ស់​ខ្លួន​ថា​មិនមាន​ផលប៉ះពាល់​អ្វី​ដល់​ប្រជាជន​កូរ៉េខាងជើង​ឡើយ តែ​ធ្វើឡើង​ដើម្បី​ពិនិត្យ​កម្មវិធី​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង​ប៉ុណ្ណោះ​»​។ កូរ៉េខាងជើង​ក៏បាន​ហៅ​ចំណាត់ការ​របស់​ចិន​ថា ជា​ជំហាន​អមនុស្សធម៌​ទៀត​។ 

​ធ្យូងថ្ម ជា​ផលិតផល​នាំចេញ​ដ៏​ធំ​របស់​កូរ៉េខាងជើង ហើយ​ចិន​ជាទី​ផ្សារ​នាំចូល​ធំជាងគេ ដោយ​ការដោះដូរ​ធ្យូងថ្ម​នេះ​មានតម្លៃ​រាប់លាន​ដុល្លារ​ឯណោះ​។ ទឹកប្រាក់​សន្ធឹកសន្ធាប់​ត្រូវបាន​រដ្ឋាភិបាល​កូរ៉េខាងជើង​ប្រើ​សម្រាប់​អភិវឌ្ឍ​កម្មវិធី​នុយក្លេអ៊ែរ និង​មី​ស៊ី​ល​បាលី​ស្ទិ​ក ប៉ុន្តែ​មិន​យកប្រាក់​ទាំងនោះ​ទៅ​ជួយ​ប្រជាជន​ក្រីក្រ​ឡើយ​។ មួយវិញទៀត ក្រុង​ព្យុងយ៉ាង ក៏​មិន​ខ្វល់​លើ​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ ដែល​ខូចខាត​ដោយសារ​គ្រោះធម្មជាតិ​ឡើយ​។​

​អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​នោះ ការប្រើ​ពាក្យ​ថា «​ចិន​កំពុង​រាំ​តាម​ចង្វាក់ភ្លេង​អាមេរិក​» ទំនងជា​កូរ៉េខាងជើង​ចង់​សំដៅ​ដល់​ការអធិប្បាយ​របស់​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ។ កាលពីមុន​ចូលកាន់​តំណែង លោក ត្រាំ និយាយថា ចិន​គួរ​គ្រប់គ្រង​កូរ៉េខាងជើង​ឲ្យ​បានល្អ ហើយ​ចិន​គួរ​ដោះស្រាយ​បញ្ហា​នុយក្លេអ៊ែរ​កូរ៉េខាងជើង បើ​មិន​ចង់​ឲ្យ​អាមេរិក​បង្ក​ការលំបាក​ក្នុង​ការធ្វើ​ជំនួញ​ជាមួយ​ខ្លួន​។

​ជាការ​ពិត ការបញ្ឈប់​ការនាំ​ចូល​ធ្យូងថ្ម គឺជា​វិធានការ​តឹងរ៉ឹង​មិន​ធ្លាប់មាន​ដែល​ដាក់ចេញ​ដោយ​ក្រុង​ប៉េកាំង ដែល​តាំងពីដើម​មក ហ៊ាន​ត្រឹម​និយាយ​រិះគន់​ប៉ុណ្ណោះ​។ ចុងក្រោយ​នេះ មហា​យក្ស​ចិន បាន​ចូលរួម​ជាមួយ​សហគម​ន៍​អន្តរជាតិ​ក្នុង​ការដាក់​សម្ពាធ​លើ​កូរ៉េខាងជើង ដែល​ល្មើស​បម្រាម​អន្តរជាតិ​ម្ដង​ហើយ​ម្ដងទៀត​នោះ​។ ចិន ជា​ដង្ហើម​ការទូត​បរ​ទេស​តែមួយគត់​ដែល​គាំទ្រ​និង​ការពារ​កូរ៉េខាងជើង​រហូតមក​៕   


Tag:
 កូរ៉េខាងជើង​
  ចិន​
  អាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com