ជាតិ
អ្នកបើកបរ​ស្រវឹង​ដែលមាន​អត្រា​ជាតិ​អាល់កុល​ចាប់ពី ០,៤០​មី​លី​ក្រោម ត្រូវ​រង​ពិន័យ​
23, Mar 2017 , 4:21 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ អ្នកបើកបរ​ស្រវឹង​មាន​អត្រា​ជាតិ​អាល់កុល​ចាប់ពី ០,៤០ (​សូន្យ​ក្បៀស​សែសិប​) មី​លី​ក្រាម​ក្នុង​មួយ​លីត្រ​ខ្យល់ ឬ​ចាប់ពី ០,៨០ (​សូន្យ​ក្បៀស​ប៉ែតសិប​) ក្នុង​មួយ​លីត្រ​ឈាម​ឡើងទៅ ត្រូវ​រង​ពិន័យ​ប្រាក់​ចំនួន​ពី ២​សែន​ដល់ ៨​សែន​រៀល​។ នេះ​បើតាម​មាត្រា​១១ នៃ​អនុក្រឹត្យ​ស្តីពី ការពិន័យ​អន្តរការណ៍​ចំពោះ​អំពើ​ល្មើស​នឹង​ច្បាប់​ស្តីពី ចរាចរណ៍​ផ្លូវគោក​។



​តាម​អនុក្រឹត្យ​ស្តីពី​ការពិន័យ​អន្តរការណ៍​ថ្មី រដ្ឋាភិបាល​បាន​បង្គាប់​សមត្ថកិច្ច​អនុវត្ត​ច្បាប់​ឲ្យ​ពិន័យ​ចំពោះ​អ្នកបើកបរ​ទោចក្រយានយន្ត ឬ​ទោចក្រយានយន្ត​សណ្តោង​រ៉ឺម៉ក ឬ​ត្រីចក្រយានយន្ត​ទឹកប្រាក់​ចំនួន ២០០ ០០០ (​ពីរ​សែន​)​រៀល​, អ្នកបើកបរ​យានយន្ត​ធុន​ស្រាល​ចំនួន ៤០០ ០០០ (​បួន​សែន​) រៀល និង​អ្នកបើកបរ​យានយន្ត​ធុន​ធ្ងន់​ចំនួន ៨០០ ០០០ (​ប្រាំបី​សែន​) រៀល​។​

​មាត្រា​១១ នៃ​អនុក្រឹត្យ​នេះ​បានចែង​បញ្ជាក់ទៀតថា អ្នកបើកបរ​យានយន្ត​ដែល​បើកបរ​ស្ថិតក្នុង​ភាពស្រវឹង មាន​អត្រា​ជាតិ​អាល់កុល​ដូច​ចំនួន​ខាងលើ ត្រូវ​បញ្ឈប់​មិន​ឲ្យ​បើកបរ​យានយន្ត​រហូត​ដល់​អត្រា​ជាតិ​អាល់ កុល​ចុះក្រោម ០,២៥ (​សូន្យ​ក្បៀស​ម្ភៃ​ប្រាំ​) មី​លី​ក្រាម​ក្នុង​មួយ​លីត្រ​ខ្យល់ ឬ​ក្រោម ០,៥ (​សូន្យ​ក្បៀស ប្រាំ​) ក្រាម ក្នុង​មួយ​លីត្រ​ឈាម​។​
«​ក្នុងករណី​ដែល​ជនល្មើស​ធ្លាប់​ទទួលរង​នូវ​ការពិន័យ​អន្តរការណ៍​លើក​មុន ត្រូវ​កសាង​សំណុំរឿង បញ្ជូន​ទៅកាន់​អយ្យការ​អម​សាលាដំបូង​»​។ អនុក្រឹត្យ ស្តីពី​ការពិន័យ​អន្តរការណ៍​ថ្មី ចែងបញ្ជាក់​។​

​តាម​អនុក្រឹត្យ​ចុះ​នៅ​ថ្ងៃទី​២១ មីនា​នេះ ឪពុកម្តាយ ឬ​អាណាព្យាបាល ត្រូវ​បង់ប្រាក់​ពិន័យ​អន្តរការណ៍ ប្រសិនបើ​អនីតិជន​មាន​អាយុ ក្រោម ១៥​ឆ្នាំ បាន​ប្រព្រឹត្តល្មើស​នឹង​អនុក្រឹត្យ​។ តាម​អនុក្រឹត្យ​ដដែល បុគ្គល​ដែល​មិន​សុខ​ចិត្តនឹង​សេចក្តីសម្រេច​របស់​មន្ត្រី​មាន​សមត្ថកិច្ច​ពេល​អនុវត្ត​ច្បាប់ មាន​សិទ្ធិ​ប្តឹងតវ៉ា​ទៅ​ប្រធាន​អង្គភាព​ដែល​គ្រប់គ្រង​មន្ត្រី​អនុវត្ត​នោះ​ផ្ទាល់​នៅ​ទូទាំងប្រទេស ក្នុង​រយៈពេល ៣០​ថ្ងៃ​យ៉ាងយូរ គិតពី​ថ្ងៃ​ទទួល​បង្កាន់ដៃ​ពិន័យ​អន្តរការណ៍​៕


Tag:
 ច្បាប់​
  ចរាចរណ៍​
  មហាផ្ទៃ​
  សាធារណការ
© រក្សាសិទ្ធិដោយ thmeythmey.com