កីឡាជាតិ
ជាតិ
AFF Suzuki Cup នឹងបន្ថែមក្រុមពី៨ ដល់១០ក្រុមនៅឆ្នាំ២០១៨
× សហព័ន្ធកីឡាបាល់ទាត់អាស៊ានហៅកាត់ថា (AFF) បានប្រកាសបន្ថែមចំនួនក្រុម ២ក្រុមទៀតរហូតដល់១០ក្រុម លើកូតាចាស់ដែលមានត្រឹម៨ក្រុម ក្នុងពានរង្វាន់ AFF Suzuki Cup ឆ្នាំ២០១៨ និងផ្លាស់ប្តូរលក្ខន្តិកៈនៃការប្រកួតមួយចំនួន ដើម្បីបំពេញចិត្តអ្នកគាំទ្រនៃប្រទេសនីមួយៗ។
ការប្រកួតពានរង្វាន់ AFF Suzuki Cup ដែលជាការប្រកួតដណ្តើមពានដ៏ពេញនិយមជាងគេនៅតំបន់អាស៊ីអាគ្នេយ៍មួយនេះ នឹងបង្កើនចំនួនក្រុមពី៨ ទៅ១០ក្រុម នៅឆ្នាំ២០១៨ ជាមួយនឹងការផ្លាស់ប្តូរទម្រង់ការប្រកួតមួយចំនួន ខុសពីការប្រកួតមុនៗ។ នេះជាការប្រកាសរបស់សហព័ន្ធកីឡាបាល់ទាត់អាស៊ានដែលដកស្រង់ដោយសារព័ត៌មាន ESPN។
ទម្រង់ថ្មីសម្រាប់១០ក្រុមនេះ នឹងចែកចេញជាពីរពូល ដោយពូលនីមួយៗមាន៥ក្រុម ហើយក្រុមនីមួយមាន៤ប្រកួត ដោយពីរប្រកួតធ្វើឡើងក្នុងដី និងពីរប្រកួតទៀតនឹងធ្វើនៅក្រៅដី។ រហូតដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងផ្តាច់ព្រ័ត្រត្រូវលេងដូរទឹកដីគ្នាទៅវិញទៅមកធម្មតា។ មិនទាន់មានការលម្អិតទាក់ទងនឹងរូបមន្តផ្លូវការនោះឡើយ។
ថៃគឺជាម្ចាស់ជើងឯកពាន Suzuki Cup កាលពីឆ្នាំមុន និងគ្រងជើងឯកពានរង្វាន់នេះ៥ដង នាំមុខសិង្ហបុរីដែលធ្លាប់ឈ្នះពាននេះ៤ដងផងដែរ៕
Tag:
បាល់ទាត់
AFF Suzuki Cup
© រក្សាសិទ្ធិដោយ thmeythmey.com