ជាតិ
USAID បន្ថែម​ជំនួយ​១.៨​លាន​ដុល្លារ ដល់ គ​.​ជ​.​ប រៀបចំ​ការបោះឆ្នោត​ឲ្យ​មាន​ប្រសិទ្ធភាព​
07, Apr 2017 , 8:59 am        
រូបភាព
រូបថត AP
រូបថត AP
ដោយ: ថ្មីៗ
​ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​សម្រាប់​អភិវឌ្ឍន៍​អន្តរជាតិ (USAID) បានប្រកាស​ផ្តល់​មូលនិធិ​ថ្មី ចំនួន ១.៨​លាន​ដុល្លារ ដើម្បី​គាំទ្រ​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់ គ​.​ជ​.​ប​។ បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា មូលនិធិ​ថ្មី​នេះ នឹង​ជួយ​ធ្វើ​ឲ្យ​ប្រាកដថា គ​.​ជ​.​ប ធ្វើតាម​ការប្តេជ្ញា​របស់​ខ្លួន ក្នុងការ​រៀបចំ​ការបោះ​ឆ្នោត​មួយ​ឲ្យ​មាន​ប្រសិទ្ធភាព និង​ធ្វើកំណែទម្រង់​ប្រព័ន្ធ​បោះឆ្នោត​ប្រកបដោយ​អត្ថន័យ តាមរយៈ​ការបោះឆ្នោត​ឃុំ សង្កាត់ ឆ្នាំ​២០១៧ និង​ការបោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ ឆ្នាំ​២០១៨ ។



​ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​សំរាប់​អភិវឌ្ឍន៍​អន្តរជាតិ (USAID) បានប្រកាស​មូលនិធិ​អំណោយ​ថ្មី​មួយ ដែលមាន​ទឹកប្រាក់​ចំនួន ១,៨ លាន​ដុល្លារ​អាមេរិក  ដើម្បី​គាំទ្រ​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​(​គ​.​ជ​.​ប​) សម្រាប់​ការរៀបចំ​ការបោះឆ្នោត​ឆ្នាំ​២០១៧ និង​ឆ្នាំ​២០១៨ ខាងមុខ​។​

​សេចក្តីប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា ចេញផ្សាយ​នៅ​ថ្ងៃទី​៦ ខែមេសា បញ្ជាក់ថា មូលនិធិ​ថ្មី​នេះ​មាន​រយៈពេល​២​ឆ្នាំ​។  មូលនិធិ​ថ្មី នឹងត្រូវ​ផ្តល់​ឲ្យ​ទៅ​មូលនិធិ​អន្តរជាតិ​សម្រាប់​ប្រព័ន្ធ​បោះឆ្នោត​(IFES) ដើម្បី​ជួយ គ​.​ជ​.​ប ក្នុង​ការធ្វើ​យុទ្ធនា​ការអប់រំ​អ្នកបោះឆ្នោត ពង្រឹង​ដំណើរការ​ដោះស្រាយ​វិវាទ​នៅក្នុង​ការបោះឆ្នោត និង​លើកកម្ពស់​សមត្ថភាពរ​ប​ស់គ​.​ជ​.​ប ក្នុង​ការរក និង​បន្ថយ​ចំណុចខ្សោយ នៅក្នុង​ប្រព័ន្ធ​បោះឆ្នោត​នៅ​កម្ពុជា​។ 

​មូលនិធិ​ថ្មី​នេះ នឹង​ជួយ​ធ្វើ​ឲ្យ​ប្រាកដថា គ​.​ជ​.​ប ធ្វើតាម​ការប្តេជ្ញា​របស់​ខ្លួន ក្នុងការ​រៀបចំ​ការបោះ​ឆ្នោត​មួយ​ឲ្យ​មាន​ប្រសិទ្ធភាព និង​ធ្វើកំណែទម្រង់​ប្រព័ន្ធ​បោះឆ្នោត ប្រកបដោយ​អត្ថន័យ តាមរយៈ​ការបោះឆ្នោត​ឃុំ សង្កាត់ នៅ​ឆ្នាំ​២០១៧ និង​ការបោះឆ្នោតជាតិ នៅ​ឆ្នាំ ២០១៨ ។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​។

​លោក William Heidt ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា បាន​ថ្លែង ថា ការចូលរួម​ក្នុងការ​បោះឆ្នោត គឺជា​គ្រឹះ​នៃ​លទ្ធិប្រជាធិបតេយ្យ​ដ៏​ល្អ​មួយ​។ លោក Heidt បញ្ជាក់បន្ថែម​ដូច្នេះ​ថា​៖«​យើង​រីករាយ​នឹងធ្វើ​ការ​ជាមួយ គ​.​ជ​.​ប  អង្គការ​សង្គម​ស៊ីវិល គណបក្សនយោបាយ​នានា ដើម្បី​បន្ត​ពង្រឹង​លទ្ធិប្រជាធិបតេយ្យនៅ​កម្ពុជា​»​។​

​មូលនិធិ​ថ្មី​នេះ គឺ​បន្ត​ពី​ជំនួយ​កន្លងមក​របស់​ទីភ្នាក់ងារ USAID ផ្តល់​ដល់គ​.​ជ​.​ប ដែល​រួមមាន​ការវាយតម្លៃ​សមត្ថភាព​ផ្ទៃក្នុង ការបណ្តុះបណ្តាល​ស្តីពី​ការគ្រប់គ្រង​ការបោះឆ្នោត និង​ជំនួយ​ដើម្បី​ធ្វើ​សេចក្តីប្រកាស​របស់​ផ្នែក​សេវាសាធារណៈ ស្តីពី​ការចុះឈ្មោះ​អ្នកបោះឆ្នោត​។

​សូមបញ្ជាក់ថា USAID ត្រូវបាន​បង្កើតឡើង នៅក្នុង​ឆ្នាំ​១៩៦១ ដោយ​លោក​ប្រធានាធិបតី John F. Kennedy និង​ជាទី​ភ្នាក់ងារ​ឈានមុខ​គេ​របស់​រដ្ឋាភិបាល​អាមេរិក​ក្នុងការ​ផ្តល់ជំនួយ​បរទេស​។ ចាប់តាំងពី​ឆ្នាំ ១៩៩២​មក USAID បានផ្តល់​ថវិកា ប្រមាណ​ជា​១​ពាន់​លាន​ដុល្លារ ដល់​ការអភិវឌ្ឍ​ប្រទេស​កម្ពុជា​៕


Tag:
 USAID
 ​ គ​.​ជ​.​ប​
 ​ បោះឆ្នោត​
 ​ ជំនួយ​
© រក្សាសិទ្ធិដោយ thmeythmey.com