ជាតិ
មន្ត្រី​មហាផ្ទៃ​ជាន់ខ្ពស់ ១៣ រូប​ទទួលបាន​គោរមងារ «​សន្តិ​បណ្ឌិត​»
08, Apr 2017 , 8:39 pm        
រូបភាព
ប្រមុខរដ្ឋស្តីទី សម្តេច សាយ ឈុំ
ប្រមុខរដ្ឋស្តីទី សម្តេច សាយ ឈុំ
ដោយ:
​ភ្នំពេញ​៖ ប្រមុខរដ្ឋស្តីទី សម្តេច សាយ ឈុំ បានចេញ​ព្រះរាជក្រឹត្យ​តែងតាំង​មន្ត្រីជាន់ខ្ពស់​ក្រសួងមហាផ្ទៃ​ចំនួន ១៣​រូប ដែល​បានទទួល​សញ្ញាបត្រ​បណ្ឌិត​កិត្តិយស​ជំនាញ​ដឹកនាំ​បញ្ជា​កងកម្លាំង​នគរបាល ជា​«​សន្តិ​បណ្ឌិត​» នៃ​បណ្ឌិត្យសភា​នគរបាល​ក​ម្ពុ​ជា តប​តាម​សំណើ​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន​។​



​សម្តេច សាយ ឈុំ បានបញ្ជាក់​ក្នុង​ព្រះរាជក្រឹត្យ​ថា ការបង្កើត​គោរមងារ «​សន្តិ​បណ្ឌិត​» នៃ​បណ្ឌិត្យសភា នគរបាល​កម្ពុ​ជាមាន​គោលបំណង​សម្រាប់​ផ្តល់ជូន​ថ្នាក់ដឹកនាំ​នៃ​ក្រសួងមហាផ្ទៃ​ដែល​បានទទួល​សញ្ញាបត្រ​កិត្តិយស​ជំនាញ​នានា ក្នុង​វិស័យ​សន្តិសុខ និង​សណ្តាប់ធ្នាប់​សាធារណៈ​។​

​ព្រះរាជក្រឹត្យ​ដែល​ចុះហត្ថលេខា​ដោយ​សម្តេច​ប្រមុខរដ្ឋស្តីទី​ចុះ​ថ្ងៃទី ៣ មេសា​នេះ បាន​ត្រាស់បង្គាប់​ឲ្យ​បង្កើត​គោរមងារ​ជូន​មន្ត្រី​ចំនួន ១៣ រូប​ដែល​បានធ្វើ​ការដឹកនាំ​បញ្ជា​កម្លាំង​នគរបាល​កន្លងមក​។ មន្ត្រីជាន់ខ្ពស់​មហាផ្ទៃ​ដែល​ទទួលបាន​គោរមងារ​នេះ រួមមាន លោក ឯម សំអាន​, លោក តេង សាវង្ស​, លោក អ៊ុក គឹម​លេខ និង​លោក ឌុល គឿន ដែល​សុទ្ធតែជា​រដ្ឋលេខាធិការ​, លោក លួ រ៉ា​មីន លោក ហេង ហាក់ លោក ចាន់ អ៊ា​ន សុទ្ធតែជា​អនុរដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​, លោក នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ​, លោក ម៉ៅ ប៊ុណ្ណា​រិ​ន ជា​អគ្គនាយក​ភ័ស្តុភារ និង​ហិរញ្ញវត្ថុ​លោក សុខ ផល ជា​អគ្គនាយក​អន្តោប្រវេសន៍​លោក ម៉ៅ ច័ន្ទ​តារា ជា​អគ្គនាយក អត្តសញ្ញាណ​កម្ម​លោក ខៀវ សុភ័គ នាយក​ខុទ្ទកាល័យ​លោក​រដ្ឋមន្ត្រី និង​លោក ចាន់ គឹម​សេង អគ្គនាយក​ពន្ធនាគារ​។​

​ព្រះរាជក្រឹត្យ​ផ្តល់​គោរមងារ​ដែល​បានស្នើ​ឡើង​ដោយ​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានសរសេរថា​ថ្នាក់ដឹកនាំ​ទាំង ១៣ រូប​បានទទួល​សញ្ញាបត្រ​ថ្នាក់បណ្ឌិត​កិត្តិយស​ជំនាញ​ក្នុង​វិស័យ «​សន្តិសុខ និង​សណ្តាប់ធ្នាប់​សាធារណៈ​»​។​

​បើតាម​វចនានុក្រម​សម្តេច​សង្ឃ ជួន ណាត សន្តិ​មានន័យថា សេចក្តី​ស្ងប់ សេចក្តី​សាន្តត្រាណ​...​។ រីឯ​ពាក្យ​បណ្ឌិត មានន័យថា អ្នកប្រាជ្ញ​៕


Tag:
 សាយ ឈុំ​
  នគរបាល​
  មហាផ្ទៃ​
  សន្តិ​បណ្ឌិត
© រក្សាសិទ្ធិដោយ thmeythmey.com