ជាតិ
រដ្ឋាភិបាល​ជំរុញ​ឲ្យ​បង្កើន​ការដាំ​បន្លែ​ដើម្បី​ទប់​ការហូរចូល​បន្លែ​ពី​បរទេស
24, Apr 2017 , 7:59 pm        
រូបភាព
ដោយ:
​ភ្នំពេញ ៖ ប្រទេស​កម្ពុជា​ដែល​ត្រូវគេ​ដឹងថា ជា​ប្រទេស​ពឹង​ផ្អែកលើ​កសិកម្ម​ខ្លាំង​មួយ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​នៅតែ​ប្រឈម​នឹង​កង្វះខាត​បន្លែ​សម្រាប់​ផ្គត់ផ្គង់​តម្រូវការ​ក្នុងស្រុក ដែលជា​ហេតុ​នាំ​ឲ្យ​ប្រទេស​នេះ​ត្រូវ​នាំចូល​បន្លែ​ពី​ប្រទេសជិតខាង​ជា​រៀងរាល់ថ្ងៃ ជាមួយនឹង​ក្តីបារម្ភ​អំពី​សារធាតុពុល​។ មន្ត្រី​រដ្ឋាភិបាល​ទទូច​ឲ្យ​ពង្រីក​ការដាំដុះ និង​លើកកម្ពស់​សុវត្ថិភាព​បន្លែ ប៉ុន្តែ​មន្ត្រី​នៃ​អង្គការក្រៅរដ្ឋាភិបាល​ថា ទីផ្សារ​បន្លែ​ក្នុងស្រុក​ដែលមាន​តម្លៃ​ទាប ជា​ឧបសគ្គ​មួយ​នៃ​ការពង្រីក​ផលដំណាំ​នេះ​។​



​ក្នុងពេលដែល​បន្លែ​ដាំ​ក្នុងស្រុក​នៅ​មិនទាន់​អាចបំពេញ​តម្រូវការ​ក្នុងស្រុក​បាន ហើយ​ត្រូវ​នាំចូល​ពី​ប្រទេស​ក្បែរ​ខាង​ជាមួយ​ក្តីបារម្ភ​ពី​សារធាតុពុល​ផង​នោះ មន្ត្រីជាន់ខ្ពស់​ក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និង​នេសាទ បានស្នើ​ឲ្យ​អ្នក​ដាំ​បន្លែ​បង្កើន​ការដាំដុះ​របស់ខ្លួន​តាម​គោលការណ៍​បច្ចេកទេស​នៃ​ការអនុវត្ត​កសិកម្ម​ល្អ ឬ​ហៅ​កាត់​ថា (GAP) និង​តាមបែប​សរីរាង្គ​ដែល​មិន​ប្រើ​សារធាតុ​គីមី​។​

​បរិមាណ​បន្លែ​ផ្គត់ផ្គង់​នៅ​ប្រទេស​កម្ពុជា​ជា​រៀងរាល់​ឆ្នាំមាន​ចំនួន​ប្រមាណ​ជា ០,៩ លាន​តោន ក្នុងនោះ​មានការ​ផ្គត់ផ្គង់​បន្លែ​ក្នុងស្រុក​៤៤​ភាគរយ និង​បន្លែ​នាំចូល​៥៦​ភាគរយ​។ នេះ​បើ​យោងតាម​ការបញ្ជាក់​ពី​អង្គការ​ស្បៀងអាហារ និង​កសិកម្ម​ពិភពលោក ឬ​ហៅ​កាត់​ថា (FAO)​។ តាម​ការសិក្សា​ស្រាវជ្រាវ​ផ្សេងទៀត​ឲ្យ​ដឹងថា បន្លែ​ប្រមាណ​២០០ ទៅ ៤០០​តោន​ត្រូវបាន​នាំចូល​ពី​ប្រទេស​ក្បែរ​ខាង​មក​ក្នុង​រាជធានី​ភ្នំពេញ​ក្នុង​មួយថ្ងៃៗ​។​

​ថ្លែង​ទៅកាន់​អ្នកសារព័ត៌មាន​ក្នុង​ម៉ោង​សម្រាក​នៃ​សិក្ខាសាលា​ស្តីអំពី​ការលើកកម្ពស់​សុវត្ថិភាព​បន្លែ​សម្រាប់​ទីផ្សារ​នៅ​ប្រទេស​កម្ពុជា​ដែល​ធ្វើឡើង​នៅ​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃ​សុក្រ លោក ហ៊ាន វណ្ណ​ហន អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​កសិកម្ម​របស់​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ មានប្រសាសន៍ថា កង្វះ​បន្លែ​ផ្គត់ផ្គង់​ក្នុងស្រុក តម្រូវ​ឲ្យ​រដ្ឋាភិបាល និង​ប្រជាកសិករ​ខ្មែរ ត្រូវខិតខំ​បន្ថែមទៀត ក្នុងការ​បង្កើន​ផល​ដាំ​ដុះ ដើម្បី​ទប់​លំហូរ​ចូល​នៃ​បន្លែ​ពី​ប្រទេស​ក្បែរ​ខាង​។​



«​យើង​ត្រូវតែ​ជំរុញ ក្នុង​ការផលិត​បន្លែ ទោះ​បន្លែ​ធម្មតា និង​បន្លែ​ដែល​ធានា​គុណភាព​។ បន្លែ​ធានា​គុណភាព ដូចជា​បន្លែ​ដែល​ផលិត​តាម​ប្រព័ន្ធ GAP ឬក៏​បន្លែ​ដែល​ផលិត​តាម​ប្រព័ន្ធ​កសិកម្មសរីរាង្គ​កាលណា​យើង​មាន​អា​ផលិតផល​របស់​យើង ហើយ​ផ្តល់​ភាព​ទុកចិត្ត ដល់​អ្នក​ហូប អ្នកទិញ គឺ​នៅពេលនោះ​គឺ​វា​ជា​ស្វ័យប្រវត្តិ អា​បន្លែ​ដែល​ដឹក​ឆ្ងាយ​មក វា​លែង​មក​ឯង​»​។​

​តាម​ការសិក្សា​ស្រាវជ្រាវ​ថ្មី​មួយ របស់​អង្គការក្រៅរដ្ឋាភិបាល​អ​ន្ត​រ​ជាតិ ហៅ​កាត់​ថា ICCO បាន​ឲ្យ​ដឹងថា អ្នកប្រើប្រាស់​ប្រមាណ​៩៥​ភាគរយ បារម្ភ​ពី​សុវត្ថិភាព​ទាំង​បន្លែ​ក្នុងស្រុក និង​នាំចូល​ពី​ប្រទេសជិតខាង​ដែល​អាចមាន​ជាតិពុល​។​



​លោក មិន ស នាយក​ប្រតិបត្តិ​នៃ​អង្គការ​ជីវិត​ថ្លៃថ្នូរ ដែល​ផ្តល់​ការគាំទ្រ​លើ​ការពង្រីក​ផលិតកម្ម​បន្លែ​ក្នុងស្រុក មានប្រសាសន៍ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ថា ប្រជាកសិករ​ខ្មែរ​នៅមាន​ការយល់ដឹង​ទាប​អំពី​គ្រោះថ្នាក់​ដែល​បណ្តាលមកពី​ការប្រើប្រាស់​សារធាតុ​គីមី នៅពេល​ពួកគេ​ព្យាយាម​ដាំ​បន្លែ​។ ក្រៅពី​មាន​កម្រិតយល់ដឹង​ទាប​អំពី​សារធាតុ​គីមី អ្នក​ដាំ​ដុះ​បន្លែ​ក្នុងស្រុក​ក៏​ប្រឈម​នឹង​ការបញ្ជូន​ផលិតផល​បន្លែ​មកកាន់​ទីផ្សារ ដោយសារ​កង្វះ​នៃ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់​។​

«​បញ្ហា​ប្រឈម​មួយទៀត ជួនកាល​កសិករ​គាត់​ផលិត​បាន​ហើយ​។ ប៉ុន្តែ​បញ្ហា​ទីផ្សារ ដែល​កសិករ​ពិបាក​បំផុត ក្នុងការ​ដឹកនាំ​ផលិតផល​របស់គាត់​ម​ក​ទីផ្សារ​យើង ដោយសារ​ការធ្វើដំណើរ ហេដ្ឋារចនាសម្ព័ន្ធ គាត់​នៅ​ដាច់ស្រយាល គាត់​នៅ​ឆ្ងាយ​ពី​ទីផ្សារ អញ្ចឹង​គាត់​ត្រូវ​ចំណាយលុយ​ខ្ពស់​។ ហ្នឹង​ជា​បញ្ហា​ប្រឈម​»​។​

​រដ្ឋាភិបាល​កម្ពុជា បានផ្ដល់​ថវិកា​ចំនួន ៤៦​លាន​ដុល្លារ​អាមេរិក​ដល់​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់ និង​នេសាទ ដើម្បី​ជំរុញ​កំណើន​វិស័យ​កសិកម្ម​ឲ្យ​បាន​ក្នុង​រង្វង់​៥% ក្នុង​មួយឆ្នាំ​។ នេះ​បើ​យោងទៅតាម​ឯកសារ​នៃ​កញ្ចប់​ថវិកាជាតិ​ដែល​ត្រូវបាន​ចេញផ្សាយ​ជា​សាធារណៈ​ដោយ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​កាលពី​ខែកុម្ភៈ​ឆ្នាំ​២០១៦​។​

​ទីប្រឹក្សា​ជាន់ខ្ពស់​ផ្នែក​សេដ្ឋកិច្ច​នៃ​ឧត្ដមក្រុមប្រឹក្សា​សេដ្ឋកិច្ចជាតិ បាន​ឲ្យ​ដឹងថា រដ្ឋាភិបាល គ្រោង​ចំណាយ​២០​លាន​ដុល្លារ​អាមេរិក ទៅលើ​ផលិតកម្ម​ពូជស្រូវ និង​បន្លែ​ពី​ឆ្នាំ​២០១៦ ដល់​ឆ្នាំ ២០១៨​ខាងមុខ​។​

​យ៉ាងណាក៏ដោយ លោក ហ៊ាន វណ្ណ​ហន អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​កសិកម្ម​របស់​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ បាន​ឲ្យ​ដឹងថា មន្ត្រី​របស់​រដ្ឋ មានការ​ពិបាក​ក្នុង​ការទទួល​ថវិការ​ដ្ឋ ដើម្បី​ទ្រទ្រង់​ផែនការ​ការងារ​របស់​ខ្លួន​។​

«​ខ្ញុំ​ឃើញថា ភាគច្រើន​គេ​តែងតែ​បន្ទោស​ទៅលើ​ការងារ​របស់​ស្ថាប័នរដ្ឋ ប៉ុន្តែ​ស្ថាប័នរដ្ឋ​ហ្នឹង គ្នា​មន្ត្រី​ធ្វើការ​យ៉ាប់​ណាស់ លំបាក​ណាស់ លំបាក​យ៉ាងម៉េច​? អា supporting [​ការគាំទ្រ​] ទាំងអស់​ហ្នឹង​គឺ​វា​អត់​បាន​ទាន់​ដូច​អង្គការ​ទេ វា​មាន​នីតិវិធី​អី​ត្រឹមត្រូវ​។ វា​រៀង​ថា​យូរ​តិច​ដែរ​ល្មម​យើង​បាន​លុយ​ហ្នឹង​»​។​

​នៅ​គ្រា​ដែល​ប្រជាពលរដ្ឋ​កម្ពុជា​ចាប់ផ្តើម​ខ្វាយខ្វល់​ពីសារ​ធាតុ​ពុល​នៅក្នុង​បន្លែ លោក ហ៊ាន វណ្ណ​ហន បាន​បន្ថែមថា កម្ពុជា​នៅ​ខ្វះខាត​មន្ទីរពិសោធន៍រ​ក​សំណល់​តូចៗ ដែល​កប់​ក្នុង​បន្លែ ហើយ​មាន​ផលប៉ះពាល់​ដល់​សុខភាព​។​

​លោក​ថា មន្ត្រី​កសិកម្ម ក៏មាន​បញ្ហា​ប្រឈម​ក្នុងការ​ប្រើប្រាស់​ឧបករណ៍​ពិសោធន៍ ដោយសារតែ​កម្រិត​នៃ​ការយល់ដឹង​បច្ចេកទេស​ក្នុងការ​ប្រើប្រាស់​ឧបករណ៍​នោះ នៅ​ទាប​នៅឡើយ​។​

​អ្នក​ទទួលទាន​បន្លែ​នាពេល​បច្ចុប្បន្ន តែងតែ​មានការ​រអ៊ូរ​ទាំ អំពី​ផលប៉ះពាល់​ដល់​សុខភាព​ដែល​បង្ក​មកពី​ការទទួល​ទាន​បន្លែ​ដែល​ប្រើ​សារធាតុ​គីមី ឬ​ថ្នាំពុល​។​

​អ្នក​ទទួលទាន​បន្លែ​ធម្មតា​មួយចំនួន បាន​ឲ្យ​ដឹង​ពី​បញ្ហា​ឈឺក្រពះ​និង​ការចុះ​ថយកម្លាំង ដោយសារ​ការទទួល​ទាន​បន្លែ​ផលិត​ក្នុងស្រុក ឬ​បន្លែ​នាំចូល​ពី​ប្រទេស​ក្បែរ​ខាង ដែល​មានប្រើ​សារធាតុ​គីមី​។​

​អ្នកជំនាញ​កសិកម្ម ថ្លែងថា កម្ពុជា​ត្រូវធ្វើ​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​នៃ​ប្រព័ន្ធធារាសាស្ត្រ​បន្ថែមទៀត សម្រាប់​ការដាំដុះ​បន្លែ​ធម្មតា និង​បន្លែ​សរីរាង្គ ដើម្បី​កាត់បន្ថយ​ការនាំ​ចូល​ពី​ប្រទេស​ក្បែរ​ខាង ជាពិសេស​នោះ គឺ​ប្រទេស​វៀតណាម​៕

​សូម​ចុច​ទៅ​ប្រភពដើម VOA ត្រង់នេះ​

© រក្សាសិទ្ធិដោយ thmeythmey.com