ជាតិ
​​​ន​យោ​បាយ​ជាតិ​
អចិ​ន្រៃ្ត​យ៍ស​ភា បើក​កិច្ចប្រជុំ រើស​បេក្ខជន​ក្រុមប្រឹក្សាធម្មនុញ្ញ​ថ្មី ជំនួស​លោក ពិត តាំង​សាន ដែល ទទួលមរណភាព​
24, Apr 2017 , 5:10 pm        
រូបភាព
រូបភាពីគេហទំព័ររបស់ក្រុមប្រឹក្សាធម្មនុញ្ញ
រូបភាពីគេហទំព័ររបស់ក្រុមប្រឹក្សាធម្មនុញ្ញ
​ភ្នំពេញ​៖ គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា នឹង​បើក​កិច្ចប្រជុំ នៅ​ព្រឹក​ថ្ងៃទី​២៥ ខែមេសា ឆ្នាំ​២០១៧ ដើម្បី​ជ្រើសរើស​បេក្ខជន​ក្រុមប្រឹក្សាធម្មនុញ្ញ​ថ្មី ជំនួស​លោក ពិត តាំង​សាន ដែល​ទើបតែ​ទទួលមរណភាព កាលពី​ប៉ុន្មាន​ថ្ងៃមុន​។ នេះ​ជាការ​អះអាង​របស់លោក ឡេង ប៉េងឡុង អគ្គលេខាធិការ និង​ជា​អ្នកនាំពាក្យ​រដ្ឋសភា​។



​លោក ឡេង ប៉េងឡុង បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា រហូតមកដល់​ពេលនេះ រដ្ឋសភា មិនទាន់​រើស​បាន​បុគ្គល​ណាមួយ ឲ្យ​ធ្វើជា​បេក្ខជន​ក្រុមប្រឹក្សាធម្មនុញ្ញ ជំនួស​លោក ពិត តាំង​សាន នៅឡើយ​ទេ​។ លោក បញ្ជាក់ថា ការបើក​កិច្ចប្រជុំ​នៅ​ថ្ងៃស្អែក គឺ​គ្រាន់តែ​សម្រេច​ពី​ការជ្រើសរើស​បេក្ខជន​ក្រុមប្រឹក្សាធម្មនុញ្ញ​ថ្មី​ប៉ុណ្ណោះ​។

​លោក ឡេង ប៉េងឡុង ប្រាប់ថា នៅពេល​គណៈកម្មាធិការ​អចិន្ត្រៃយ៍​សភា សម្រេច​ថា​ជ្រើសរើស​រួចហើយ នោះ​រដ្ឋសភា នឹង​ប្រកាស​ឲ្យ​សាធារណៈជន ដាក់ពាក្យ ដើម្បី​ឈរឈ្មោះ​ជា​បេក្ខជន​ក្រុមប្រឹក្សាធម្មនុញ្ញ ជំនួស​លោក ពិត តាំង​សាន​។ អ្នកនាំពាក្យ​រដ្ឋសភា​រូបនេះ និយាយ​ដូច្នេះ​ថា​៖«​យើង នឹង​ប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​សភា​ម្តងទៀត ដើម្បី​សម្រេច​រើសយក​បេក្ខជន​មួយរូប ក្នុងចំណោម​បក្ខជន​ទាំងអស់ ដែល​បានដាក់​ពាក្យ​។ បើ​បេក្ខជន​ណា​ម្នាក់ ដែល​ត្រូវបាន​គណៈកម្មាធិការ​អចិន្ត្រៃយ៍​សភា ជ្រើសរើស​ហើយ ឈ្មោះ​បេក្ខជន​នោះ នឹងត្រូវ​បញ្ជូនទៅ​កិច្ចប្រជុំពេញអង្គ​រដ្ឋសភា ដើម្បី​អនុម័ត​ជា​ផ្លូវការ​»​។​

​សូមបញ្ជាក់ថា លោក ពិត តាំង​សាន សមាជិក​ក្រុមប្រឹក្សាធម្មនុញ្ញ បានទទួល​មរណភាព ក្នុង​ជន្មាយុ ៧៥​ឆ្នាំ ដោយ​រោគាពាធ កាលពី​ថ្ងៃទី​១៩ ខែមេសា ឆ្នាំ​២០១៧​។ លោក ពិត តាំង​សាន ត្រូវបាន​រដ្ឋសភា ជ្រើសតាំង​ឲ្យ​ធ្វើជា​សមាជិក​ក្រុមប្រឹក្សាធម្មនុញ្ញ តាំងពី​ឆ្នាំ​២០១៣​មក​៕


Tag:
 ពិត តាំង​សាន​
  ប្រជុំ​សភា​
© រក្សាសិទ្ធិដោយ thmeythmey.com