អន្តរជាតិ
វៀតណាម​នឹង​ប្លុក​គណនី​ហ្វេ​ស​ប៊ុ​ក​ដែល​លក់​ផលិតផល​អន​ឡាញ មិន​បង់លុយ​ពន្ធ​ឲ្យ​រដ្ឋ​
26, Jun 2017 , 4:39 pm        
រូបភាព
ដោយ: ថ្មីៗ
​អាជ្ញាធរ​វៀតណាម​នឹង​សហការ​ជាមួយ​ក្រុមហ៊ុន​ហ្វេ​ស​ប៊ុ​ក​ដើម្បី​ហាមឃាត់ (​ប្លុក​) គណនី​ហ្វេ​ស​ប៊ុ​ក​ដែលមាន​ម្ចាស់​ជា​អ្នកជួញដូរ​ផលិតផល​តាម​អន​ឡាញ ហើយ​មិន​ព្រម​បង់ពន្ធ​ជូន​រដ្ឋ​។ អាជ្ញាធរ​ពន្ធ​វៀតណាម​បាន​អះអាងថា បើសិនជា​អនុវត្ត​វិធានការ​នេះ​ត្រឹមត្រូវ វៀតណាម​អាច​រកលុយ​ពី​ពន្ធ​លើ​ការលក់​ផលិតផល​តាម​ហ្វេ​ស​ប៊ុ​ក​ច្រើនជាង ៤៤០០​ដុល្លារ​ឯណោះ​។



​វៀតណាម​នឹង​ចាប់ផ្តើម​អនុវត្ត​វិធានការ​តឹងរ៉ឹង​លើ​អ្នកធ្វើអាជីវកម្ម​អន​ឡាញ បើសិនជា​ពួកគេ​នៅតែ​បដិសេធ​បង់លុយ​ពន្ធ​ជូន​រដ្ឋ​។ វៀតណាម​នឹង​សហការ​ជាមួយ​ក្រុមហ៊ុន​ហ្វេ​ស​ប៊ុ​ក​ផងដែរ​ដើម្បី​ហាមឃាត់​ដំណើរការ​រាល់​គណនី​ហ្វេ​ស​ប៊ុ​ក​ដែល​លក់​ផលិតផល​ទាំងនោះ​។ នេះ​បើតាម​ការចុះផ្សាយ​របស់​សារព័ត៌មាន​វៀតណាម Tuoi Tre​។​

​អគ្គនាយកដ្ឋាន​ពន្ធដា​វៀតណាម បានចេញ​បញ្ជា​ឲ្យ​ភ្នាក់ងារ​ពាក់ព័ន្ធ​ក្រោម​ឱវាទ​របស់ខ្លួន​ទូទាំងប្រទេស​ឲ្យ​អនុវត្តតាម​បទបញ្ជា​តឹងរ៉ឹង​នេះ​ដើម្បី​ដាក់​សម្ពាធ​ឲ្យ​អ្នកលក់​ផលិតផល​អន​ឡាញ​បង់លុយ​ជូន​រដ្ឋ​។ ស្ថាប័ន​នេះ​អះអាងថា បើសិនជា​អនុវត្តបាន​ពេញលេញ គេ​អាច​ទាញ​ចំណូល​ពី​ពន្ធ​លើ​អ្នកលក់​ផលិតផល​តាម​អន​ឡាញ​បាន​យ៉ាងតិច ១០០​លាន​ដុង​ឬ​ស្មើ ៤៤០០​ដុល្លារ​អាមេរិក​ផងដែរ​។

​សារព័ត៌មាន Tuoi Tre បាន​ស្រង់​សម្តី​មន្ត្រី​ពន្ធដា​ម្នាក់​ដែល​មិនបាន​បង្ហាញ​អត្តសញ្ញាណ​ថា​៖ «​យើង​មិន​ចង់​អនុវត្ត​វិធានការ​បែបនេះ​ទេ ប៉ុន្តែ​យើង​មិនអាច​បណ្តែតបណ្តោយ​ឲ្យ​គេ​លក់​ផលិតផល​បាន​យ៉ាង​ស្រួល​ដោយ​មិន​បង់លុយ​ចូល​រដ្ឋ​ដែរ​»​។​

​កន្លងមក​ស្ថាប័ន​ពន្ធដា​វៀតណាម​ប្រចាំ​ក្រុង​ហាណូយ បាន​ផ្ញើលិខិត​ទៅកាន់​ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក​ប្រហែល ១៣៥០០​ដែលមាន​ម្ចាស់​ជា​អ្នកលក់ដូរ​ផលិតផល​តាម​អន​ឡាញ​សកម្ម​ជាងគេ​។ បើតាម​សារព័ត៌មាន​ក្នុងស្រុក​វៀតណាម​មួយចំនួន គណនី​ហ្វេ​ស​ប៊ុ​ក​សរុប ១៧០០០ ឯណោះ​មាន​ជាប់​ពាក់ព័ន្ធ​សកម្មភាព​ធ្វើ​ពាណិជ្ជកម្ម​តាម​ហ្វេ​ស​ប៊ុ​ក​នេះ​។​

​សូមបញ្ជាក់ថា នៅត្រឹម​ខែកុម្ភៈ​ឆ្នាំ ២០១៦ វៀតណាម​មាន​ប្រជាជន ៣៥​លាន​នាក់​ដែល​ប្រើប្រាស់​ប្រព័ន្ធ​ទំនាក់ទំនង​សង្គម​ហ្វេ​ស​ប៊ុ​ក ដែល​វា​ស្មើ​មួយ​ភាគបី​នៃ​ប្រជាជន​សរុប​។ ក្រុង​ហ៊ុន​ហ្វេ​ស​ប៊ុ​ក​ក៏​ទទួលស្គាល់​ផងដែរ​ថា ប្រព័ន្ធ​ទំនាក់ទំនង​សង្គម​ហ្វេ​ស​ប៊ុ​ក​នេះ​ពេញនិយម​ជាងគេ​បំផុត​នៅ​វៀតណាម ហើយ​ប្រជាជន​វៀតណាម​ភាគតិច​ណាស់​ដែល​ប្រើប្រាស់​បណ្តាញ​សង្គម​ផ្សេងទៀត​ក្រៅពី​ហ្វេ​ស​ប៊ុ​ក​។​


Tag:
 វៀតណាម​
  ហ្វេ​ស​ប៊ុ​ក​
© រក្សាសិទ្ធិដោយ thmeythmey.com