អន្តរជាតិ
មី​យ៉ាន់​ម៉ា ថៃ និង​កម្ពុជា ដុត​កម្ទេច​គ្រឿងញៀន​មានតម្លៃ​១​ពាន់​លាន​ដុល្លារ​
26, Jun 2017 , 9:19 pm        
រូបភាព
ការដុតកម្ទេចគ្រឿងញៀននៅមីយ៉ាន់ម៉ា។ រូបថត Xinhua
ការដុតកម្ទេចគ្រឿងញៀននៅមីយ៉ាន់ម៉ា។ រូបថត Xinhua
​អាជ្ញាធរ​មី​យ៉ាន់​ម៉ា ថៃ និង​កម្ពុជា បាន​ដុត​កម្ទេច​គ្រឿងញៀន​ដែលមាន​តម្លៃ​ដល់​ទៅជិត​មួយ​ពាន់​លាន​ដុល្លារ​នៅ​ថ្ងៃទី​២៦ ខែមិថុនា ដែលជា​ថ្ងៃ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​ពិភពលោក​។ ការដុត​កម្ទេច​គ្រឿងញៀន​ពេលនេះ គឺជា​ការបង្ហាញ​ឆន្ទៈ​របស់​រដ្ឋ​សមាជិក​អាស៊ាន​ក្នុងការ​បោសសម្អាត​គ្រឿងញៀន ដែល​កំពុង​ហូរ​ចូលក្នុង​តំបន់​យ៉ាង​គគ្រឹក​គគ្រេង ជាពិសេស​មកពី​តំបន់ត្រីកោណមាស​រវាង​ឡាវ មី​យ៉ាន់​ម៉ា និង​ថៃ​តែម្ដង​។​



​រដ្ឋ​សមាជិក​អាស៊ាន​ចំនួន​បី គឺ​មី​យ៉ាន់​ម៉ា ថៃ និង​កម្ពុជា បាន​អបអរ​ថ្ងៃ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​ពិភពលោក ២៦ ខែមិថុនា ដោយបាន​ដុត​កម្ទេច​គ្រឿងញៀន​រាប់រយ​តោន​។ គ្រឿងញៀន​ទាំងនេះ ហូរ​ចេញពី​តំបន់​ព្រំដែន​មី​យ៉ាន់​ម៉ា ឡាវ និង​តំបន់​ភាគ​ខាងជើង​ថៃ ក៏ដូចជា​តំបន់​ភាគខាងត្បូង​ចិន ហើយ​ត្រូវបាន​រឹបអូស​ពេល​ដឹកជញ្ជូន និង​ចែកចាយ​ក្នុង​រដ្ឋ​សមាជិក​អាស៊ាន​ទាំងបី​។ គ្រឿងញៀន គឺជា​បញ្ហា​ដែល​បន្ត​អុកឡុក​ប្រទេស​ក្នុង​តំបន់ បើទោះជា​មានការ​បង្ក្រាប​ក្ដី​។​

​គ្រឿងញៀន​មានតម្លៃ​ប្រមាណ​៣៨៥​លាន​ដុល្លារ​ដូចជា​អាភៀន ហេ​រ៉ូ​អ៊ី​ន និង​កូកាអ៊ីន ត្រូវបាន​ដុត​កម្ទេច​ក្នុង​ពិធី​ចំនួន​បី​ផ្សេងគ្នា​នៅ​ទូទាំង​មី​យ៉ាន់​ម៉ា ដោយ​គ្រាន់តែ​ទីក្រុង​យ៉ាំង​ហ្គោ​ន គ្រឿងញៀន​តម្លៃ​ជិត​២៣០​លាន​ដុល្លារ ក៏​ត្រូវបាន​កម្ទេចចោល​។ ដូច​បានដឹង​ស្រាប់ មី​យ៉ាន់​ម៉ា គឺជា​ប្រទេស​ផលិត​គ្រឿងញៀន​ដ៏​ធំ​មួយ​លើ​ពិភពលោក ខណៈ​ក្រុម​ឧទ្ទាម​ដែល​ប្រយុទ្ធ​ជាមួយ​រដ្ឋាភិបាល បាន​បន្តធ្វើ​ជំនួញ​មួយ​នេះ​ដើម្បី​គាំទ្រ​ហិរញ្ញវត្ថុ​របស់ខ្លួន និង​បាន​រត់ពន្ធ​គ្រឿងញៀន​ទៅកាន់​គោលដៅ​ជាច្រើន​។​



​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP ក្នុង​ថ្ងៃ​ជាមួយគ្នានេះដែរ អាជ្ញាធរ​ថៃ​ក៏បាន​ដុត​កម្ទេច​គ្រឿងញៀន​រាប់ពាន់​គីឡូក្រាម​ដែរ​។ ក្នុង​ពិធី​មួយ​នៅ​ខាងក្រៅ​ទីក្រុង​បាងកក អាជ្ញាធរ​ថៃ​បាន​ដុត​កម្ទេច​គ្រឿងញៀន​មានតម្លៃ​ប្រមាណ​៥៨៩​លាន​ដុល្លារ ក្នុងនោះ​មាន​គ្រាប់​ថ្នាំ​យ៉ា​បា​ចំនួន​៧៨០០​គីឡូក្រាម និង​មេ​តំ​ហ្វេ​តា​មីន​ទឹកកក​ចំនួន​១១៨៥​គីឡូក្រាម​។ នៅ​កម្ពុជា​វិញ ថ្នាំញៀន​ទម្ងន់​១២៦​គីឡូក្រាម ស្មើ​៤​លាន​ដុល្លារ ក៏ត្រូវ​បាន​កម្ទេច​ដែរ​។​

​ការចាប់​រឹបអូស និង​ដុត​កម្ទេច​គ្រឿងញៀន​ក្នុង​បរិមាណ​សន្ធឹកសន្ធាប់​បែបនេះ គឺជា​ភស្តុតាង​បង្ហាញ​ពី​យុទ្ធនាការ​របស់​រដ្ឋ​សមាជិក​អាស៊ាន​ខាងលើ​ក្នុងការ​បោសសម្អាត​ពាណិជ្ជកម្ម​គ្រឿងញៀន​ក្នុង​តំបន់​។ ប៉ុន្តែ​មន្ត្រី​អនុវត្ត​ច្បាប់​ក្នុងប្រទេស​ទាំងនោះ​ប្រឈមមុខ​ការលំបាក​ខ្លាំង​ក្នុងការ​បោសសម្អាត ខណៈដែល​ក្រុម​ឈ្មួញ​ប្រឹង​បង្កើន​ផលិតផល​គ្រឿងញៀន​ដើម្បី​បំពេញតម្រូវការ​នៅ​អាស៊ីអាគ្នេយ៍ និង​នៅ​ឥណ្ឌា ក៏ដូចជា​បង​ក្លា​ដែ​ស​ជាដើម​។​



​ខុសពី​តំបន់​អាមេរិក​ឡាទីន​ដែលជា​ទីតាំង​ផលិត​គ្រឿងញៀន​ដ៏​ធំ​លើ​ពិភពលោក ឈ្មួញ​គ្រឿងញៀន​នៅ​តំបន់ត្រីកោណមាស កម្រ​ត្រូវបាន​ចាប់ខ្លួន និង​យកទៅ​កាត់ទោស​ណាស់ ព្រោះ​ពួកគេ​មាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​ពួក​ឧទ្ទាម​។ ពេលខ្លះទៀត ក្រុម​ឧទ្ទាម​ផ្ទាល់​ជា​អ្នក​ផលិត​គ្រឿងញៀន​តែម្ដង​ដូចជា​នៅ​មី​យ៉ាន់​ម៉ា​តែម្ដង​។ ជាក់ស្ដែង ក្រុម​ឧទ្ទាម​វ៉ា​នៅ​មី​យ៉ាន់​ម៉ា ជា​អ្នក​ផលិត និង​ជួញដូរ​គ្រឿងញៀន​ដ៏​ធំ ហើយក៏​ជា​ក្រុម​ឧទ្ទាម​ប្រដាប់អាវុធ​ដ៏​ធំ​នៅតាម​បណ្ដោយ​ព្រំដែន​ជាមួយ​ចិន​៕

Tag:
 មី​យ៉ាន់​ម៉ា​
  ថៃ​
  កម្ពុជា​
© រក្សាសិទ្ធិដោយ thmeythmey.com