កីឡាជាតិ
ជាតិ
ព្រឹទ្ធាចារ្យល្បុក្កតោ សាន គីមស៊ាន៖ ក្រមាជាអាវុធគ្មានមុខដ៏សាហាវរបស់បុព្វបុរសខ្មែរ
×
ក្រមាក្រៅពីប្រើសម្រាប់វេចខ្ចប់របស់របរ ស្លៀក ជូតខ្លួន និងចងជាអង្រឹងសម្រាប់បំពេកូន ក្រមាត្រូវបានគេប្រើក្នុងផ្លូវអវិជ្ជមានសម្រាប់សម្លាប់ខ្លួន ក៏ដូចជាអ្នកដទៃផងដែរ។ ព្រឹទ្ធាចារ្យក្រមាមាសគុនល្បុក្កតោ សាន គីមស៊ាន អតីតអ្នកប្រដាល់ក្បាច់គុនបុរាណខ្មែរនាទស្សវត្សន៍៥០ បានចាត់ទុកក្រមាជាអាវុធការពារខ្លួនដ៏មានឥទ្ធិពល និងសាហាវបំផុតសម្រាប់គុនល្បុក្កតោ។
ទោះបីក្រមាជារបស់ទន់ធ្វើពីសរសៃសូត្រនិងអំបោះទៅតាមសណ្ឋានខុសៗគ្នាក៏ដោយ តែក្រមាត្រូវបានប្រជាជននៅតាមជនបទក៏ដូចជាបុព្វបុរសខ្មែរប្រើប្រាស់ក្រោមរូបភាពជាច្រើនដូចជាវេចខ្ចប់របស់របរ ស្លៀកបិទបាំងរាងកាយ និងធ្វើជាអង្រឹងសម្រាប់បំពេកូនជាដើម។ តែសម្រាប់អ្នកហាត់ក្បាច់គុនក្រមាជារនាំងការពារខ្លួន និងជាអាវុធដ៏សាហាវដែលអាចសម្លាប់មនុស្សបាន។
ព្រឹទ្ធាចារ្យក្រមាមាសគុនល្បុក្កតោ សាន គីមស៊ាន និងជាអ្នកស្រាវជ្រាវក្បាច់គុនបុរាណខ្មែរបានចាត់ទុកក្រមាជាអាវុធគ្មានមុខដ៏មុតស្រួចសម្រាប់អ្នកហាត់គុនល្បុក្កតោដើម្បីការពារខ្លួនពីសត្រូវ និងវាយបក។ ការលើកឡើងបែបនេះ ដោយសារក្រមាត្រូវបានបុព្វបុរសខ្មែរយកទៅបង្កើតជាក្បាច់គុនដែលមានឈ្មោះថាក្បាច់គុនក្រមា។ ក្បាច់គុននេះទៀតសោត មានច្រើនបែប ច្រើនផែនទៅតាមកម្រិតនីមួយៗនៃក្បាច់របស់វា។
លោក សាន គីមស៊ាន បានបញ្ជាក់ថា៖«ចំពោះល្បុក្កតោក្រមាជាអាវុធពិសេសកំពូល ដែលដូនតាយើងហៅថាអាវុធគ្មានមុខ ឬអាវុធគ្មានស្រមោល ដែលបុព្វរសខ្មែរចាត់ទុកជាអាវុធប្រចាំត្រកូនរបស់ខ្មែរដែលគាត់ឲ្យឈ្មោះថា ក្បាច់ក្រមា»។
ដើម្បីបង្ហាញភាពខ្លាំង និងអភិរក្សក្បាច់គុនក្រមាដែលជាកេរតំណែលរបស់បុព្វបុរសខ្មែរ ក្នុងនាមអ្នកសិក្សាស្រាវជ្រាវក្បាច់គុនបុរាណខ្មែរលោក សាន គីមស៊ាន គ្រោងចងក្រងក្បាច់គុនក្រមាសម្រាប់ទុកជាឯកសារឲ្យក្មេងជំនាន់ក្រោយក្នុងពេលឆាប់ៗខាងមុខនេះ។ សម្រាប់ក្បាច់គុនក្រមានេះ គឺចែកចេញជាថ្នាក់ក្រមា ស បៃតង ខៀវ ក្រហម ត្នោត ខ្មៅ និងមាស ដោយក្នុងមួយថ្នាក់មានច្រើនក្បាច់ផ្សេងៗគ្នា។
ក្រមា ត្រូវបានសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជាប្រើប្រាស់ ដើម្បីកំណត់ពីកម្រិតសមត្ថភាពរបស់កីឡាករកីឡាការិនី ជំនួសខ្សែក្រវាត់ដែលសហព័ន្ធដទៃតែងតែប្រើប្រាស់ស្ទើរពេញពិភពលោក។ លោក សាន គីមស៊ាន រពឹងថាទៅថ្ងៃអនាគត់នឹងមានអ្នកហាត់ក្បាច់គុនរាប់លាននាក់នៅទូទាំងប្រទេស៕
Tag:
ល្បុក្កតោ
សាន គីមស៊ាន
ក្រមា
© រក្សាសិទ្ធិដោយ thmeythmey.com