សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
ទេសចរ​សម្រុក​ទៅ​ទស្សនា​រាជដំណាក់ Bang Khun Phrom ក្រោយ​រដ្ឋាភិបាល​បើក​ឲ្យ​ចូល​ជា​សាធារណៈ​
29, Jul 2017 , 9:19 am        
រូបភាព
ដោយ: ថ្មីៗ
រៀងរាល់​ព្រឹក​ថ្ងៃ​សៅរ៍ អ្នកដំណើរ និង​ភ្ងៀ​វ​ទេសចរ​រាប់រយ​នាក់ បាន​តម្រង​ជួរ​គ្នា​ចូលទៅ​ទស្សនា​ព្រះរាជវាំង Bang Khun Phrom របស់​ព្រះអង្គម្ចាស់ Paribatra Sukhumbhand ។ រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ ដែលមាន អាយុកាល​ជិត​ពីរ​សតវត្សរ៍​មួយ​នេះ​បាន​ក្លាយជា​កន្លែង​ទេសចរណ៍​ដ៏​ល្បី ក្រោយពី​ពេលដែល​រដ្ឋាភិបាល​ថៃ​បើក​អោយ​ពលរដ្ឋ​ទូទៅ​ចូល​ទស្សនា​។​



ព្រះរាជវាំង Bang Khun Phrom មាន​ទីតាំង​ស្ថិតនៅ​ខាងកើត​ច្រាំងទន្លេ​ចៅ​ប្រា​យ៉ា និង​ជាទី​កន្លែង​ដែល​សម្បូរ​ទៅដោយ​រឿងរ៉ាវ​ប្រវត្តិសាស្ត្រ ស្ថាបត្យកម្ម និង​សិល្ប​។ រាជវាំង​នេះ​ត្រូវបាន​រចនា​ឡើង​ដោយ​ស្ថាបត្យករ​ជនជាតិ​អាល្លឺម៉ង់ លោក Carl Sandreckzki និង​ស្ថាបត្យករ​ជនជាតិ​អី​តា​លី លោក Mario Tamagno និង​លោក Paolo Remedi ។​

ភូមិ​គ្រិះ Tamnak Yai ដែលជា​ផ្នែក​មួយ​នៃ​រាជវាំង​ទាំងមូល មាន​ភាពល្បីល្បាញ​ខាង​ផ្នែក​សិល្ប​គំនូរ​បែប Boroque និង Rococo ដែលជា​ប្រភេទ​គំនូរ​ក្នុង​សតវត្ស​ទី​១៨​និង​ទី​១៩​។ លើសពីនេះទៅទៀត ភូមិ​គ្រិះ Tamnak Yai បាន​សាងសង់ឡើង​ដោយ​ក្បាច់រចនា Stucco លំអ​ដោយ​ជណ្តើរ​ម៉ាប់​ដែល​ត្រូវបាន​គេ​ដឹងថា​ជា​ជណ្តើរ​ដែល​ស្រស់ស្អាត​ជាងគេ​ក្នុងប្រទេស​ថៃ​។​

បន្ទប់​ពណ៌​ផ្កាឈូក ជា​បន្ទប់​មួយ​ដែល​វិចិត្រ​ជាងគេ​នៅក្នុង​ភូមិគ្រឹះ Tamnak Yai ។ វា​ជា​កន្លែង​ដែល​រាជវង្ស​ថៃ​ទទួល​ស្វាគ​ម៍​ថ្នាក់ដឹកនាំ​ធំៗ​ទាំង​ក្នុង​និង​ក្រៅប្រទេស ដូចជា​ម្ចាស់​ក្ស​ត្រី Elizabeth ទី​២​របស់​អង់គ្លេស​ជាដើម​។ នេះ​បើតាម​ការផ្សាយ​របស់​កា​សែត​បាងកក​ប៉ុស្តិ៍​។​

នៅក្នុង​ភូមិគ្រឹះ​នោះ​ក៏មាន​បន្ទប់​មួយចំនួនទៀត​ដែលមាន​តាំង​សម្ភារ​បុរាណ​ដូចជា​ព័រ​សា​ឡែ​ន គំនូរ​សេះ​បែប​ប្រទេស​ចិន និង​រូបថត​របស់​រាជវង្ស​ថៃ​កាលពី​រជ្ជកាល​ស្តេច​រាមា​ទី​៨ និង​ស្ដេច​រាមា​ទី​៩​ ។

​រមណីយដ្ឋាន​នេះ​បើកទ្វារ​ស្វាគមន៍​ភ្ញៀវទេសចរ​ទូទៅ​រៀងរាល់ថ្ងៃ​សៅរ​នៅ​ម៉ោង​១០​កន្លះ​ព្រឹក​និង​ម៉ោង​២​កន្លះ​ថ្ងៃ លើកលែង​ថ្ងៃអាទិត្យ​និង​ថ្ងៃ​បុណ្យជាតិ​សំខាន់ៗ​ប៉ុណ្ណោះ​៕

​ដោយ គី ចំណា​

© រក្សាសិទ្ធិដោយ thmeythmey.com