អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ពូ​ទីន បញ្ជា​ឲ្យ​មន្ត្រី​ទូត​អាមេរិក​៧៥៥​នាក់​ចាក​ចេញពី​រុស្ស៊ី ជាការ​ឆ្លើយតប​ទណ្ឌកម្ម​របស់​អាមេរិក​
31, Jul 2017 , 1:51 pm        
រូបភាព
ប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន ជជែកជាមួយរដ្ឋមន្ត្រីការពារជាតិ Sergei Shoigu នាឱកាសព្យុហយាត្រាកងទ័ពក្នុងទីក្រុង St Petersburg (រូបភាពពីគេហទំព័រប្រធានាធិបតីរុស្ស៊ី)
ប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន ជជែកជាមួយរដ្ឋមន្ត្រីការពារជាតិ Sergei Shoigu នាឱកាសព្យុហយាត្រាកងទ័ពក្នុងទីក្រុង St Petersburg (រូបភាពពីគេហទំព័រប្រធានាធិបតីរុស្ស៊ី)
​ប្រធានាធិបតី​រុស្ស៊ី វ្ល៉ា​ឌី​មៀ ពូ​ទីន បាន​ប្រាប់​ឲ្យ​អាមេរិក​កាត់បន្ថយ​មន្ត្រី​ទូត និង​បុគ្គលិក​ទូត​ចំនួន ៧៥៥​នាក់ នៅត្រឹម​ថ្ងៃទី​១ ខែកញ្ញា​ខាងមុខ​។ បើតាម​លោក ពូ​ទីន នេះ​គឺជា​វិធានការ​ឆ្លើយតប​នឹង​ទណ្ឌកម្ម​ថ្មី​ដែល​សភា​អាមេរិក​ទើប​អនុម័ត​កាលពី​សប្ដាហ៍​មុន និង​កំពុង​ស្ថិតនៅ​សេត​វិមាន​។ មិន​ត្រឹមតែ​បណ្ដេញ​មន្ត្រី​ទូត​អាមេរិក​រាប់រយ​នាក់​ឡើយ រុស្ស៊ី​ក៏​គំរាម​ចាត់​វិធាន​ផ្សេងទៀត​ប្រឆាំង​អាមេរិក បើ​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ចុះហត្ថលេខា​ឲ្យ​អនុវត្ត​ទណ្ឌកម្ម​នោះ​។​

 
​ក្ដីសង្ឃឹម​របស់លោក ដូ​ណា​ល់ ត្រាំ ក្នុង​ពង្រឹង​ទំនាក់ទំនង​ជាមួយ​រុស្ស៊ី ហាក់​រសាត់​កាន់តែ​ឆ្ងាយ​ទៅហើយ​។ បន្ទាប់ពី​សភា​ទាំងពីរ​របស់​អាមេរិក​អនុម័ត​ទណ្ឌកម្ម​ថ្មី​មក រុស្ស៊ី​ឯណោះ​ក៏​ប្រកាស​ត្រៀមខ្លួន​មាន​ចំណាត់​ការតបត​វិញ ដោយ​ចាត់ទុក​ទណ្ឌកម្ម​ថ្មី​នេះ​ជា​រឿង​មិនអាច​ទទួលយកបាន ហើយ​រុស្ស៊ី​ក៏​អស់​ការ​អត់ទ្រាំ​នឹង​អាមេរិក​ទៀត​ដែរ​។ ពេលនេះ លោក ត្រាំ កំពុងស្ថិត​ក្នុងស្ថានភាព​លំបាក​សម្រេចចិត្ត​យ៉ាងខ្លាំង​។​
 
​អាច​ថា​ជា​វិធានការ​ដំបូង ប្រធានាធិបតី​រុស្ស៊ី វ្ល៉ា​ឌី​មៀ ពូ​ទីន បាន​ណែនាំ​ឲ្យ​អាមេរិក​មន្ត្រី​ទូត និង​បុគ្គលិក​ស្ថានទូត​អាមេរិក​ច្រើនជាង ៧៥០​នាក់​ចាក​ចេញពី​រុស្ស៊ី​នៅ​ខែកញ្ញា​ខាងមុខ​។ ក្នុង​កិច្ច​សម្ភាស​ជាមួយ​ទូរទស្សន៍​រុស្ស៊ី​ដែល​ផ្សាយ​នៅ​ថ្ងៃទី​៣០ ខែកក្កដា លោក ពូ​ទីន និយាយថា ការអនុម័ត​របស់​ស​ភា​អាមេរិក បាន​ប៉ះពាល់​ទំនាក់ទំនង​រវាង​រុស្ស៊ី និង​អាមេរិក ព្រោះ​ជា​រឿង​មិន​ត្រឹមត្រូវ និង​ជាការ​ប៉ុនប៉ង​របស់​អា​មេ​រិ​ក​ក្នុង​ការដាក់​សម្ពាធ​លើ​ប្រទេស​ដែលមាន​ទំនាក់ទំនង​ល្អ​ជាមួយ​រុស្ស៊ី​។​
 
​បើតាម​សារព័ត៌មាន RT លោក ពូ​ទីន ក៏បាន​បង្ហាញ​អារម្មណ៍​ខកចិត្ត​ចំពោះ​អាមេរិក​ដែរ ព្រោះ​រុស្ស៊ី​បាន​រង់ចាំ​សកម្មភាព​របស់​អាមេរិក​ដែល​នាំ​ឲ្យ​ទំនាក់ទំនង​ទ្វេភាគី​ល្អប្រសើរ ប៉ុន្តែ​អ្វីៗ​ហាក់ដូចជា​មិនមាន​ការផ្លាស់ប្ដូរ​ក្នុងពេល​ឆាប់ៗ​នេះឡើយ​។ លោក ពូ​ទីន សង្កត់ធ្ងន់ថា ពេលនេះ​គួរ​ដល់​ពេលដែល​រុស្ស៊ី​ត្រូវ​តបត​វិញ​ម្ដង ព្រោះ​រុស្ស៊ី​នៅ​ស្ងៀមស្ងាត់​អស់​ពេល​យូរណាស់​មកហើយ​ដែរ ទាំង​រុស្ស៊ី​មិនបាន​ធ្វើ​អ្វី​សោះ​ដាក់​អាមេរិក​។​
 
​ចំនួន​មន្ត្រី​ទូត និង​មន្ត្រី​បច្ចេកទេស​នានា​ដែល​បម្រើការ​ក្នុង​ស្ថានទូត​អាមេរិក​ក្នុង​រដ្ឋធានី​មូ​ស្គូ នឹងត្រូវ​កាត់បន្ថយ​ឲ្យ​នៅ​ស្មើ​ចំនួន​បុគ្គលិក​ទូត​រុស្ស៊ី​ប្រចាំ​រដ្ឋធានី​វ៉ាស៊ីនតោន ព្រោះ​កន្លងមក​ចំនួន​មន្ត្រី​អាមេរិក​មាន​ច្រើន​ខ្លាំងពេក ពោល​គឺមាន​ច្រើនជាង​១២០០​នាក់​ឯណោះ​។ ក្រសួងការបរទេស​រុស្ស៊ី​ក៏បាន​ប្រកាស​ដែរ​ថា រុស្ស៊ី និង​អាមេរិក ឯកភាព​កាត់បន្ថយ​ចំនួន​បុគ្គលិក​ស្ថានទូត​ប្រទេស​ទាំងពីរ​ឲ្យ​នៅត្រឹម​៤៥៥​នាក់​ប៉ុណ្ណោះ​។ 
 
​យ៉ាងណាក្ដី លោក ពូ​ទីន នៅតែមាន​សុទិដ្ឋិនិយម​ថា ទំនាក់ទំនង​រុស្ស៊ី និង​អាមេរិក នឹង​ល្អប្រសើរ​នៅពេល​ខាងមុខ ព្រោះ​ប្រទេស​ទាំងពីរ​មាន​បញ្ហា​ត្រូវ​ដោះស្រាយ​រួមគ្នា​ដូចជា​ការប្រយុទ្ធប្រឆាំង​ភេរវកម្ម ការគ្រប់គ្រង​អាវុធ​នុយក្លេអ៊ែរ និង​គម្រោង​អវកាស​ជាដើម​។ លោក​សង្ឃឹមថា​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​ទាំងពីរ​លើ​វិស័យ​ទាំងនេះ​នឹងមិន​ប៉ះពាល់​ដោយសារ​គោលនយោបាយ​ប្រឆាំង​រុស្ស៊ី​របស់​អាមេរិក​ឡើយ​៕ 

© រក្សាសិទ្ធិដោយ thmeythmey.com