លោកអាជ្ញាកណ្តាល Sukhbir Singh ត្រូវបានរិះគន់ និងរើសអើងពូជសាសន៍តាមប្រព័ន្ធអ៊ីនធឺណិតក្រោយកាត់ក្តីការប្រកួតរវាង Chelsea និង Inter Milan ពាន ICC កំដៅសាច់ដុំមុនបើករដូវកាលថ្មីក្នុងប្រទេសសិង្ហបុរី កាលពីថ្ងៃ២៩ ខែកក្កដាកន្លងទៅ។ អាជ្ញាកណ្តាលជនជាតិសិង្ហបុរីរូបនេះ ក៏ធ្លាប់មកកាត់សេចក្តីការប្រកួតរវាងក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា និងជប៉ុន នៃវគ្គជម្រុះពាន AFC ក្រោមអាយុ២៣ឆ្នាំផងដែរ។
បើតាមការចុះផ្សាយរបស់ Sky Sports អង្គភាពប្រឆាំងការរើសអើងជាតិសាសន៍ Kick It Out ដែលមានមូលដ្ឋាននៅប្រទេសអង់គ្លេស កំពុងស៊ើបអង្កេតរកមុខអ្នកដែលរំលោភសិទ្ធិ និងរើសអើងជាតិសាសន៍ចំពោះអាជ្ញាកណ្តាលសិង្ហបុរីលោក Sukhbir Singh នៅលើអ៊ីនធឺណិត។
Singh ត្រូវបានរិះគន់ជុំវិញការកាត់សេចក្តីដោយផ្តល់បាល់ពិន័យ១១ម៉ែត្រទៅឲ្យខ្សែប្រយុទ្ធ Stefan Jovetic របស់ក្រុម Inter Milan ដែលរារាំងដោយខ្សែការពារ Cesar Azpilicueta របស់ Chelsea និងមួយគ្រាប់ទៀតដែលជាបាល់ offside របស់ Michy Batshuayi ក្នុងការប្រកួតដែល Inter Milan យកឈ្នះក្រុមលោក Antonio Conte ២-១។