អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
Facebook ចាត់តាំង​ក្រុម​ពិសេស​ជួយ​ឥណ្ឌូណេស៊ី​ទប់ទល់​ព័ត៌មាន​បន្លំ មុនពេល​បោះ​ឆ្នោត
05, Aug 2017 , 2:07 pm        
រូបភាព
ដោយ:
 
​ក្រុមហ៊ុន​បណ្តាញ​សង្គម Facebook បាន​បង្កើត​ក្រុម​ពិសេស​មួយ​នៅ​ឥណ្ឌូណេស៊ី​ដើម្បី​ជួយ​ការពារ និង​គ្រប់គ្រង​ការចែករំលែក​ព័ត៌មាន​ក្លែងក្លាយ ខណៈ​ការបោះឆ្នោត​ប្រធានាធិបតី​នឹងត្រូវ​ធ្វើឡើង​ក្នុង​រយៈពេល​ពីរ​ឆ្នាំ​ខាងមុខនេះ ។ ផែនការ​ចាត់តាំង​នេះ ធ្វើឡើង​ក្រោម​សំណើ​របស់​រដ្ឋាភិបាល​ក្រុង​ហ្សា​ការ​តា ។

 
 
​ការចែករំលែក​ព័ត៌មាន​ក្លែងក្លាយ​តាម​បណ្តាញ​សង្គម ជាពិសេស តាមរយៈ​ហ្វេ​ស​ប៊ុ​ក បាន​ក្លាយជា​ក្តីបារម្ភ​មួយ​របស់​រដ្ឋាភិបាល​ឥណ្ឌូណេស៊ី ដែល​កំពុងតែ​ដឹកនាំ​ដោយ​លោក​ប្រធានាធិបតី ចូ​កូ វី​ដូ​ដូ ។ ក្តីបារម្ភ​នេះ ត្រូវបាន​រំពឹងថា នឹង​ប៉ះពាល់​ធ្ងន់ធ្ងរ​ផងដែរ​សម្រាប់​ការបោះឆ្នោត​ប្រធានាធិបតី​ឥណ្ឌូណេស៊ី ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ឆ្នាំ​២០១៩ ។ 
 
​ដើម្បី​ឆ្លើយតប​នឹង​បញ្ហា​ប្រឈម​ក្នុង​យុគសម័យ​បច្ចេកវិទ្យា​នេះ រដ្ឋាភិបាល​ក្រុង​ហ្សា​ការ​តា នាពេល​ថ្មី​នេះ បាន​សហការ​ជាមួយនឹង​ក្រុមហ៊ុន Facebook ដើម្បី​ទប់ស្កាត់​ការចែករំលែក​ព័ត៌មាន បំភាន់ ឬ​ក្លែងក្លាយ​តាមរយៈ​ការបង្កើត​ក្រុមការងារ​ពិសេស​របស់​ក្រុមហ៊ុន​បណ្តាញ​សង្គម​យក្ស​មួយ​នេះ​នៅក្នុង​ប្រទេស​ដែលមាន​ប្រជាជន​កាន់សាសនា​ឥស្លាម​ច្រើន​បំផុត​របស់​ពិភព​កលោក​នេះ​តែម្តង ។ 
 
​តាម​ការចុះផ្សាយ​របស់​សារព័ត៌មាន​ឥណ្ឌូណេស៊ី The Jakarta Post នៅ​ថ្ងៃទី​០៣ ខែសីហា ក្រសួង​ព័ត៌មាន និង​ទំនាក់ទំនង​ឥណ្ឌូណេស៊ី ក៏បាន​ឲ្យ​ដឹង​ដែលថា ក្រុមហ៊ុន​ហ្វេ​ស​ប៊ុ​ក បាន​បង្កើត​ក្រុម​ពិ​សេសមួយ​ដើម្បី​ទប់ទល់​នឹង​ការចែករំលែក​ព័ត៌មាន​មិន​ពិត មុនពេល​នៃ​ការបោះឆ្នោត​ប្រធានាធិបតី​ឆ្នាំ​២០១៩ ។ ក្រសួង ក៏បាន​ជឿជាក់​ដែរ​ថា ការចែករំលែក​ព័ត៌មាន​មិន​ពិត អាច​ផ្ទុះឡើង​ខ្លាំង​នៅមុន និង​ក្នុងអំឡុងពេល​បោះឆ្នោត​តែម្តង ។ 
 
​តាម​ប្រភព​ដដែល​នោះ ក៏បាន​បញ្ជាក់ថា យុទ្ធសាស្ត្រ​ដែល​នឹងត្រូវ​អនុវត្ត​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​គឺ ក្រុមការងារ នឹង​បិទ​ចោល​រាល់​ព័ត៌មាន​ដែលមាន​ខ្លឹមសារ​មិនល្អ ដែល​រាប់បញ្ចូល​ទាំង​រឿង​អាសអាភាស និង​ព័ត៌មាន​បែប​បន្លំ ដែល​ត្រូវបាន​រាយការណ៍​ដោយ អ្នកប្រើប្រាស់​បណ្តាញ​សង្គម​មួយ​នេះ ។ 
 
​បន្ថែម​ពី​ការសហការ​ជាមួយនឹង​ក្រុមហ៊ុន Facebook រដ្ឋាភិបាល​ក្រុង​ហ្សា​ការ​តា ក៏​គ្រោង​ជួបពិភាក្សា​ជាមួយនឹង ក្រុមហ៊ុន Twitter និង Google ផងដែរ ៕ 

© រក្សាសិទ្ធិដោយ thmeythmey.com