ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក ប្រាក់ សុខុន នឹងចូលរួម​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​ពីថ្ងៃ​ទី​៥-៨ សីហា​
05, Aug 2017 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​លោក ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស កម្ពុជា នឹង​ទៅ​ចូលរួម​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន និង​កិច្ចប្រជុំ​ពាក់ព័ន្ធ រយៈពេល​៤​ថ្ងៃ ពីថ្ងៃ​ទី​៥ ដល់​ថ្ងៃទី​៨ ខែសីហា នៅ​ក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន​។ ក្រៅពី​ចូលរួម​កិច្ចប្រជុំ លោក​រដ្ឋមន្ត្រីការបរទេស​កម្ពុជា និង​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​ដទៃទៀត នឹង​ជួប​សម្តែង​ការគួរសម​ជាមួយ​ប្រធានាធិបតី​ហ្វីលីពីន លោក  រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ​។ លោក ប្រាក់ សុខុន ក៏​នឹង​ជួបពិភាក្សា​ទ្វេភាគី​ជាមួយ រដ្ឋមន្ត្រីការបរទេស និង​ប្រមុខ​គណៈប្រតិភូ​នៃ​ប្រទេស​មួយចំនួនទៀត​ដែរ​។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស​កម្ពុ​ជា​។​

 
 
​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​លើក​ទី​៥០  និង​កិច្ចប្រជុំ​ពាក់ព័ន្ធ នឹង​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី​៥ ដល់​ថ្ងៃទី​៨ ខែសីហា នៅ​ក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន​។ លោក ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ នឹង​ដឹកនាំ​ប្រតិភូ​ទៅ​ចូលរួម​កិច្ចប្រជុំ​នេះ​។ 
 
​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស​កម្ពុ​ជា បាន​ឲ្យ​ដឹងថា កិច្ចប្រជុំ​ទាំងនោះ​រួមមាន កិច្ចប្រជុំ​គណៈកម្មការ​តំបន់​អាស៊ីអាគ្នេយ៍​គ្មាន​អាវុធ​នុយក្លេអ៊ែរ​។ ជំនួប​រវាង​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន ជាមួយ​តំណាង​គណៈកម្មការ​អន្តររដ្ឋាភិបាល​អាស៊ាន ស្តីពី​សិទ្ធិមនុស្ស​។ កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​លើក​ទី​៥០​។ សន្និសីទ​ក្រោយ​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​។ កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​បូក​បី លើក​ទី​១៨​។ កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ី​-​បូព៌ា​លើក​ទី​៧ និង​វេទិកា​តំបន់​អាស៊ាន​លើក​ទី​២៤ និង​ពិធី​អបអរ​ទិវា​អាស៊ាន ខួប​លើក​ទី​៥០ ។​
 
​បើតាម​ក្រសួងការបរទេស​កម្ពុជា កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​លើក​ទី​៥០ និង​កិច្ចប្រជុំ​ពាក់ព័ន្ធ នឹង​ផ្តោតជាសំខាន់​លើ​ការកំណត់​របៀបវារៈ​អា​ស៊ាន ក្នុងឋានៈ​ជា​តួអង្គ​មួយ​ក្នុង​សកលលោក បន្ទាប់​បានកកើតឡើង​៥​ទសវត្ស​មកហើយ​នោះ​។ ផ្អែកលើ​ភូមិសាស្ត្រ​នយោបាយ និង​ដំណើរ​វិ​វត្ត​នៃ​និម្មាបនកម្ម​តំបន់ អាស៊ាន​បានក្លាយ​ខ្លួន​ទៅជា​តំបន់ ដែលមាន​ការប្រកួតប្រជែង​មួយ ក្នុងចំណោម​ប្រទេស​មហាអំណាច​សំខាន់ៗ លើ​ផ្នែក​ស​ន្និ​សុខ និង​សេដ្ឋកិច្ច​។​
 
​ក្នុងនាម​ប្រទេស​សម្របសម្រួល​ទំនាក់ទំនង​ដៃគូ​សន្ទនា អាស៊ាន​-​សាធារណរដ្ឋ​កូរ៉េ លោក ប្រាក់ សុខុន នឹង​ធ្វើជា​សហប្រធាន កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​បូក​សាធារណរដ្ឋ​កូរ៉េ ជាមួយ​លោកស្រី កាង ឃ្យ៉ុ​ង​វា រដ្ឋមន្ត្រីការបរទេស​សាធារណរដ្ឋ​កូរ៉េ​។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស​កម្ពុ​ជា​។  
 
​ក្រៅពី​ចូលរួម​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស លោក ប្រាក់ សុខុន នឹងចូលរួម​កិច្ចប្រជុំ​ពាក់ព័ន្ធ​ដទៃទៀត ដូចជា កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​គំនិត​ផ្តួចផ្តើម​មេគង្គ​ក្រោម​លើក​ទី​១០ ។ កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​មេគង្គ​-​ជប៉ុន​លើក​ទី​១០ និង​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស នៃ​កិច្ចសហប្រតិបត្តិការ​មេគង្គ​-​គង្គា​លើក​ទី​១០ ។ 
 
​ក្នុងអំឡុងពេល​ស្នាក់នៅ​ហ្វីលីពីន លោក​រដ្ឋមន្ត្រីការបរទេស​កម្ពុជា រួមជាមួយ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​ដទៃទៀត និង​ជួប​សម្តែង​ការគួរសម​ជាមួយ ប្រធានាធិបតី​ហ្វី​លី​ពី លោក រ៉ូ​ឌ្រី​ហ្គោ ឌូ​តឺ​តេ​។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស​កម្ពុ​ជា ដែល​ឲ្យ​ដឹង​តៀតថា លោក ប្រាក់ សុខុន ក៏​នឹង​ជួបពិភាក្សា​ទ្វេភាគី​ជាមួយ រដ្ឋមន្ត្រីការបរទេស និង​ប្រមុខ      គណៈប្រតិភូ​នៃ​ប្រទេស​មួយចំនួនទៀត​ដែរ​៕
 
 
 
 
 

Tag:
 ប្រាក់ សុខុន​
 ​​​ ​រ​ដ្ឋមន្ត្រីការបរទេស​
 ​ អាស៊ាន​
© រក្សាសិទ្ធិដោយ thmeythmey.com