បទយកការណ៍ / បទសម្ភាសន៍
គម្រោង​ស្រាវជ្រាវ​នៅ​ប្រាសាទ​ន្លេ​ស្ងួត​ជួយ​អ្នកសិក្សា​ឲ្យ​យល់ច្បាស់​ពី​រចនាសម្ព័ន្ធ​ពេទ្យ​សម័យ​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧
07, Aug 2017 , 9:39 pm        
រូបភាព
​សៀមរាប​៖ អ្នកស្រាវជ្រាវ​បុរាណវិទ្យា​នៃ​អាជ្ញាធរ​ជាតិ​អប្សរា និង​មហាវិទ្យាល័យ​បច្ចេកវិទ្យា និង​វិទ្យាស្ថាន​ស្រាវជ្រាវ​អាស៊ីអាគ្នេយ៍​នៃ​ប្រទេស​សិង្ហ​បុរី កំពុង​សិក្សា​រួមគ្នា​លើ​គម្រោង​ស្រាវជ្រាវ​អំពី​មន្ទីរពេទ្យ​ក្នុង​រាជ្យ​ព្រះបាទ​ជ័យ​វរ្ម័នទី​៧​។ អ្នកស្រាវជ្រាវ បាន​យក​ប្រាសាទទន្លេស្ងួត ដែលជា​មន្ទីរពេទ្យ​មួយ​កសាង​ដោយ​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧ យកមក​សិក្សា​ស្វែងយល់​។ ក្នុង​គម្រោង​នេះ វា​នឹង​បើកផ្លូវ​ឲ្យ​អ្នកស្រាវជ្រាវ ដឹង​កាន់តែច្បាស់​ពី​រចនាសម្ព័ន្ធ ការព្យាបាល ក៏ដូចជា​ការផលិត​ថ្នាំ ដើម្បី​ព្យាបាល​មនុស្ស​នៅ​សម័យបុរាណ​។​



​គម្រោង​សិក្សា​ស្រាវជ្រាវ​នេះ ចាប់ផ្តើម​ពីថ្ងៃ​ទី​២៨ កក្កដា ដល់​ថ្ងៃទី​១១ សីហា ឆ្នាំ​២០១៧​។ អ្នកស្រាវជ្រាវ​បាន​បើក​រណ្តៅ​កំណាយ​ចំនួន​៦​ទីតាំង​ផ្សេងគ្នា ដោយ​ផ្នែក​ខាងកើត​ចំនួន​៤​កន្លែង និង​ខាងលិច ២​កន្លែង នៃ​ប្រាសាទទន្លេស្ងួត​។ តាម​ប្រធាន​គម្រោង​នៃ​អាជ្ញាធរ​ជាតិ​អប្សរា ការធ្វើ​កំណាយ​ខាងកើត គឺ​ដើម្បី​ស្វែងយល់​ពី​ទំនាក់ទំនង​រវាងផ្លូវ​បុរាណ ដែល​ចេញពី​ជើង​ក្រុង​អង្គរធំ​ឆ្ពោះទៅ​ខាងជើង និង​ទំនាក់ទំនង​ផ្លូវ​នឹង​មន្ទីរពេទ្យ និង​ខាងលិច ដើម្បី​ដឹង​ពី​ការផលិត​ថ្នាំ និង​ការព្យាបាល​រោគ​ជាដើម​។​

​តាម​ការបញ្ជាក់​របស់​លោក​បណ្ឌិត អ៊ា ដា​រិ​ទ្ធ នៅ​ទីតាំង​ខាងលើនេះ​ធ្លាប់​បានធ្វើ​កំណាយ​ម្តង​រួចមកហើយ​កាលពី​ឆ្នាំ​២០០៣ និង​បាន​ប្រទះ​ស្នាម​សសរឈើ​។ ចំណែក​គម្រោង​នេះ បាន​បន្ត​ដោយ​ការ​ជីករណ្តៅ​ដែល​នៅជាប់​នឹង​កំណាយ​ចាស់ ដើម្បី​រក​សសរឈើ​ថា​មាន​ប៉ុន្មាន​ឲ្យ​ប្រាកដ​។ រហូតមកដល់​ពេលនេះ ក្នុង​គម្រោង​សិក្សា​នេះ បាន​ប្រទះ​រូប​បដិមា​ដ៏​ធំ​មួយ ដែលមាន​កម្ពស់​ជិត​២​ម៉ែត្រ​កាលពី​ថ្ងៃទី​២៨ និង​បន្ត​ឃើញ​ប​ណ្តែ​ក​ផ្សេង​នៃ​រូបនោះ​ជា​បន្តបន្ទាប់​។​



​គួររម្លឹកថា តាម​សិលាចារឹក​ប្រាសាទព្រះខ័ន ក្នុង​រាជ្យ​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧ ទ្រង់​បាន​កសាង​មន្ទីរពេទ្យ​ចំនួន ១០២​។ លោក​បណ្ឌិត អ៊ា ដា​រិ​ទ្ធ ពន្យល់ថា រចនាសម្ព័ន្ធ​នៃ​មន្ទីរពេទ្យ​ទាំងនោះ​គឺ​ដូចៗ​គ្នា ដោយមាន​ស្រះ​ទឹក​មួយ​នៅ​ជ្រុង​ឦសាន ក្លោងទ្វារ​នៅ​ខាងកើត បណ្ណាល័យ​នៅ​ជ្រុង​អាគ្នេយ៍ តួ​ប៉ម​នៅ​កណ្តាល និង​មាន​កំពែង​ធ្វើ​ពី​ថ្មបាយក្រៀម​ព័ទ្ធជុំវិញ​៕

​ដើម្បី​ដឹង​ច្បាស់​ពី​ព័ត៌មាន​នេះ សូម​ស្តាប់​សម្ភាស​ខ្លី​រវាង​អ្នកសារព័ត៌មាន​ថ្មីៗ និង​លោក​បណ្ឌិត អ៊ា ដា​រិ​ទ្ធ បុរាណ​វិទូ និង​ជា​អ្នកស្រាវជ្រាវ​នៃ​មជ្ឍមណ្ឌល​អន្តរជាតិ​ស្រាវជ្រាវ និង​តម្កល់​ឯកសារ​អង្គរ ដូចតទៅ​

**audio2**














Tag:
 ប្រាសាទទន្លេស្ងួត​
  អ៊ា ដា​រិ​ទ្ធ​
© រក្សាសិទ្ធិដោយ thmeythmey.com