ជាតិ
រថយន្ត
សេដ្ឋកិច្ច
ជាង​៩០​ភាគរយ នៃ​រថយន្ត​ដែល​នាំ​ចូលមក​កម្ពុជា ជា​រថយន្ត​មួយ​ទឹក​
07, Aug 2017 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​កម្ពុជា​បាន​នាំចូល​រថយន្ត​សរុប​ប្រមាណ​៦​ម៉ឺន​គ្រឿង ក្នុង​មួយឆ្នាំៗ​។ ក្នុងចំណោម​រថយន្ត​ដែល​នាំចូល​ទាំងអស់នោះ មាន​រថយន្ត​មួយ​ទឹក ជាង​៩០​ភាគរយ​។ នេះ​បើតាម​ការផ្សាយ​ទីភ្នាក់ងារសារព័ត៌មាន​កម្ពុជា​(AKP)​កាលពីពេល​កន្លងទៅ ដែល​ស្រង់​សម្តី​លោក Peter Brongers ប្រធាន​សហព័ន្ធ​ឧស្សាហកម្ម​យានយន្ត​កម្ពុជា​។



​ខណៈ​រថយន្ត​ថ្មី និង​រថយន្ត​ដែល​នាំចូល​តាម​ក្រុមហ៊ុន​ផ្លូវការ មាន​មិន​ដល់​១០​ភាគរយ​ផង​នោះ ប្រធាន​សហព័ន្ធ​ឧស្សាហកម្ម​យានយន្ត​កម្ពុជា បានបញ្ជាក់​ទៀតថា ដើម្បី​បង្កើន​កំណើន​លក់​រថយន្ត​ថ្មីៗ​ក្នុង​ទីផ្សារ​កម្ពុជា កន្លងមក​សហព័ន្ធ​ក​ធ្លាប់​ដាក់សំណើ​ទៅ​រាជរដ្ឋាភិបាល ឱ្យ​បន្ថយពន្ធ​នាំចូល​រថយន្ត​ថ្មី និង​បង្កើន​ពន្ធ​នាំចូល​រថយន្ត​ជជុះ​មក​ទីផ្សារ​កម្ពុជា ឱ្យស្រប​ទៅនឹង​និន្នាការ​ក្នុង​តំបន់​។

​សូមបញ្ជាក់ថា ចំនួន​យានយន្ត​នៅ​កម្ពុជា កើនឡើង​យ៉ាង​សម្បើម​នៅ​រយៈពេល​ជាង​១០​ឆ្នាំ​ចុងក្រោយ ពោលគឺ​កើន​ពី​ជិត​៤​ម៉ឺន​គ្រឿង នៅ​ឆ្នាំ​២០០៤ ដល់​ប្រមាណ​៧​លាន​គ្រឿង​នៅ​ឆ្នាំ​២០១៦ ក្នុងនោះ​រថយន្ត​មាន​ជិត​១ លាន​គ្រឿង​។ កំណើន​យ៉ាងច្រើន​នេះ គឺជា​សញ្ញា​ល្អ​នៃ​កំណើន​សេដ្ឋកិច្ចកម្ពុជា ក៏ប៉ុន្តែ​វា​ក៏បាន​បង្ក​ឲ្យ​មាន​ផលប៉ះពាល់​មួយចំនួន​ដែរ ដូចជា​គ្រោះថ្នាក់​ចរាចរណ៍​កើនឡើង ការស្ទះ​ចរាចរណ៍​ពិសេស​នៅ​ទីក្រុង ផ្លូវ​ខូច និង​ការបំពុល​បរិយាកាស​ជាដើម​៕


Tag:
 រថយន្ត​
  ​នាំចូល​
© រក្សាសិទ្ធិដោយ thmeythmey.com