កីឡាអន្តរជាតិ
អន្តរជាតិ
Super Cup៖ Real Madrid ប៉ះ Manchester United នៅ​យប់​ម៉ោង​១ និង​៤៥​នាទី​
08, Aug 2017 , 3:07 pm        
រូបភាព
Manchester United ត្រូវ​ប៉ះ Real Madrid ដើម្បី​ដណ្តើមពាន UEFA Super Cup នៅ​ទីក្រុង Skopje ប្រទេសម៉ាសេដ្វាន (Macedonia) នា​វេលា​ម៉ោង ១:៤៥ រំលង​អា​ធ្រា​តយ​ប់​នេះ [​ម៉ោង​នៅ​កម្ពុជា​]​។ ក្នុងជំនួប​នេះ អ្នកចាត់ការ​ទូទៅ​ក្រុម​ស្តេច​ស Zinedine Zidane បាន​និយាយថា​ក្រុម​របស់លោក "​មិន​ធុញទ្រាន់​នឹង​ជ័យជម្នះ​នេះ​ទេ​" ខណៈដែល​លោក Jose Mourinho អ្នកចាត់ការ​ក្រុម​បិសាច​ក្រហម ហៅ​ការប្រកួត​នេះ​ថា​ជា "​កិ​ត្ដិ​យស​" មួយ​ក្នុង​ការចូលរួម​ដណ្តើមពាន​រង្វាន់​ដ៏​ល្បី​នេះ​។



Real Madrid ក្នុងនាម​ជា​ម្ចាស់​ជើងឯក UEFA Champion League នឹងត្រូវ​ប៉ះ Manchester United ដែលជា​ម្ចាស់​ពាន UEFA Europa League រដូវ​កាល​មុន​។​



​សម្រាប់​១១​នាក់​ដំបូង​របស់​អ្នកចាត់ការ​សញ្ជាតិ​បារាំង Zidane រួមមាន​អ្នកចាំទី Navas ខ្សែការពារ Carvajal, Ramos, Varane, Marcelo ខ្សែបម្រើ Modrić, Casemiro, Kroos, Isco និង​ខ្សែប្រយុទ្ធ Benzema, Bale ខណៈ Cristiano Ronaldo អាច​ស្ថិតនៅ​កៅអី​បម្រុង​។​

​រីឯ​១១​នាក់​ដំបូង​របស់​អ្នកចាត់ការ​រហស្សនាម The Special One រួមមាន អ្នកចាំទី De Gea ខ្សែការពារ Valencia, Lindelöf, Smalling, Blind ខ្សែបម្រើ Herrera, Matić, Pogba និង​ខ្សែប្រយុទ្ធ Rashford, Lukaku, Mkhitaryan​។​

​អ្នកចាត់ការ Real Madrid វ័យ​៤៥​ឆ្នាំ បានលើកឡើង​នៅមុន​ការប្រកួត​នេះ​ថា​៖«​ការប្រកួត​នៅ​យប់​នេះ​គឺ​សំខាន់បំផុត​។ យើង​នៅទីនេះ​ដើម្បី​ឈ្នះ​, គ្មានអ្វី​ផ្សេង​ត្រូវ​គិត​នោះទេ​។ ខ្ញុំ​ធ្លាប់ជា​កីឡាករ​នៅទីនេះ​រយៈពេល ១៦ ឆ្នាំ​ដែរ ប៉ុន្តែ​ខ្ញុំ​បាន​លេង​ឲ្យ​ក្រុម​ផ្សេងទៀត​ទល់នឹង Real នេះ ហើយ​ពួកគេ​គឺជា​ក្រុម​ដែល​តែងតែ​ស្រែក​ឃ្លាន​ជ័យជម្នះ​ជានិច្ច​។ យើង​ដឹងថា​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​វា​កាន់តែ​លំបាក​សម្រាប់​យើង​ប៉ុន្តែ​យើង​នៅតែមាន​លក្ខណៈសម្បត្តិ​ល្អ​គ្រប់​គ្រាប់ និង​ភាពអត់ឃ្លាន​ជ័យជម្នះ ហើយ​យើង​មិន​ធុញទ្រាន់​នឹង​ការ​ឈ្នះ​ឡើយ​»​។​





​ចំណែក​អ្នកចាត់ការ​សញ្ជាតិ​ព័រ​ទុយ​ហ្គា​ល់ វ័យ​៥៤​ឆ្នាំ ក៏បាន​បរិយាយ​មុនពេល​ជួប​អតីត​ក្រុម​ចាស់​ខ្លួន​ដែរ​ថា​៖«​ខ្ញុំ​ពិតជា​រំភើប​ដែល​បាន​ដឹកនាំ​ក្រុម​ប្រកួត​ដណ្តើមពាន Super Cup នេះ និង​លេង​ជាមួយ​ក្រុម​ម្ចាស់​ជើងឯក​កំពូល​អឺរ៉ុប​។ វា​ជា​កិត្តិយស​ណាស់ ដែល​ត្រូវ​ប្រជែង​ជាមួយ​ក្រុម​ដែលមាន​ប្រវត្តិ​ធ្លាប់​ឈ្នះ​ពាន​សំខាន់ៗ​ច្រើន​បំផុត​លើ​លោក​ដូចជា Real Madrid នេះ​។ យើង រីករាយ​នឹង​លេង​ជាមួយ​ឱកាស​ពិសេស​នេះ ព្រោះ​យើង​មិន​មានឱកាស​ច្រើនដង​ទេ​ដើម្បី​បាន​លេង​ពាន Super Cup នេះ​»​។​





​សូមបញ្ជាក់ថា ពាន UEFA Super Cup ជាការ​ប្រកួត​រវាង​ក្រុម​ម្ចាស់​ជើងឯក UEFA Champion League និង UEFA Europa League ដែល​ធ្វើឡើង​រៀងរាល់​១​ឆ្នាំ​ម្តង មុខ​បើក​រដូវ​កាល​ថ្មី​៕


Tag:
 បាល់ទាត់​
  UEFA Super Cup
  Zinedine Zidane
  Jose Mourinho
© រក្សាសិទ្ធិដោយ thmeythmey.com